ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ប្រទេសចិនបានរួមវិភាគទានដ៏សំខាន់ក្នុងការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ
2022-04-27 16:05:58cri
Share with:

      ឆ្នាំ២០២២ ជាខួបទី៥០ឆ្នាំនៃការរកឃើញធាតុអាតេមីស៊ីនីន។ ៥០ឆ្នាំមុន អ្នកវិទ្យាសាស្ត្រចិន ដូចជាលោកស្រី Tu Youyou ជាដើមបានរកឃើញ ព្រមទាំងបានចម្រាញ់ដោយជោគជ័យនូវឱសថអាតេមីស៊ីនីន ហើយបានជួយប្រទេសចិនលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ។ ប្រទេសចិនបានផ្សព្វផ្សាយឱសថដ៏មានប្រិសទ្ធភាពនេះ ទៅកាន់ពិភពលោកទាំងមូល ។

      អ្នកជំនាញបានឧទ្ទេសនាមថា ការប្រើប្រាស់ឱសថអាតេមីស៊ីនីនព្យាបាលជំងឺគ្រុនចាញ់មានប្រសិទ្ធភាពឆាប់រហ័សនិងមិនសូវមានឥទិ្ធពលអវិជ្ជមាននោះទេ ថែមទាំងមានតម្លៃថោក និងងាយស្រួលប្រើប្រាស់ ដូច្នេះ ទទួលការស្វាគមន៍ពីសំណាក់សហគមន៍អន្តរជាតិ ។ ពីអាស៊ីដល់អាហ្វ្រិក ពីអឺរ៉ុបដល់ទ្វីបអាមេរិក ឱសថនេះបានជួយសង្គ្រោះអាយុជីវិតយ៉ាងច្រើនសន្ធឹក ។ ចាប់ពីឆ្នាំ២០០០មក  អង្គការសុខភាពពិភពលោកបានចាត់ទុកឱសថអាតេមីស៊ីនីនជាជម្រើសដំបូងបង្អស់ក្នុងការព្យាបាលជំងឺគ្រុនចាញ់ ។ យោងតាមស្ថិតិមិនពេញលេញរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅលើពិភពលោកទាំងមូល ឱសថអាតេមីស៊ីនីនបានជួយសង្គ្រោះអាយុជីវិតចំនួនរាប់លាននាក់ ជារៀងរាល់ឆ្នាំបានព្យាបាលអ្នកជំងឺគ្រុនចាញ់ចំនួនរាប់រយលាននាក់ ។ គ្រាន់តែនៅតំបន់ភាគខាងត្បូងនៃតំបន់សាហារ៉ាអាហ្វ្រិកប៉ុណ្ណោះ ក៏មានមនុស្សប្រហែលចំនួន២៤០លាននាក់ ទទួលបានផលប្រយោជន៍ពីវិធីព្យាបាលចម្រុះនៃឱសថអាតេមីស៊ីនីន ដូច្នេះ ជនជាតិអាហ្វ្រិកដាក់ឈ្មោះឱសថនេះថា “ថ្នាំទិព្វមកពីតំបន់បូព៌ាដ៏សែនឆ្ងាយ ” ។

      គិតរហូតដល់ចុងឆ្នាំ២០២១ ប្រទេសចិនបានជួយប្រទេសកំពុងអភិវឌ្ឍន៍បណ្តុះបណ្តាលអ្នកបច្ចេកទេសសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ចំនួនរាប់ម៉ឺននាក់ បានជួយបង្កើតមជ្ឈមណ្ឌលបង្ការនិងព្យាបាលជំងឺគ្រុនចាញ់នៅប្រទេសចំនួន៣០ ហើយបានចាត់បញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រចំនួន២៨០០០នាក់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៧២ ។ល។ ឱសថអាតេមីស៊ីនីនហាក់ដូចជាកាដូដ៏មានតម្លៃដែលប្រទេសចិនជូនចំពោះពិភពលោក ប្រការនេះជាសាក្សីដែលអាចបង្ហាញពីកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសចិនដែលបានរួមសុខរួមទុក្ខជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ ក៏ដូចជាជំរុញការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិផងដែរ ។

      ក្រៅពីឱសថអាតេមីស៊ីនីន ប្រជាជនអាហ្វ្រិកជាច្រើននៅចងចាំបានថា ខណៈពេលអាហ្វ្រិករងការវាយប្រហារពីជំងឺអេបូឡា ប្រទេសជាច្រើនបានជម្លៀសខ្លួនចេញពីតំបន់រីករាលដាលជំងឺភ្លាម ប៉ុន្តែ ប្រទេសចិនបានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រទៅកាន់អាហ្វ្រិកជាបន្ទាន់ ហើយបានបញ្ជូនសម្ភារៈដែលអាហ្វ្រិកត្រូវការជាបន្ទាន់យ៉ាងទាន់ហេតុការណ៏ ព្រមទាំងបានរួមសហការជាមួយប្រទេសអាហ្វ្រិក ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជំងឺអេបូឡារហូតដល់ទទួលបានជោគជ័យ ។

      បច្ចុប្បន្ននេះ មនុស្សជាតិបាននិងកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយរយឆ្នាំកន្លងមក ។ ប្រទេសចិនបានផ្តល់ជំនួយម្តងទៀតទៅកាន់ពិភពលោក ដែលបានធ្វើសកម្មភាពជួយសង្គ្រោះមនុស្សធម៌ដោយទ្រង់ទ្រាយធំបំផុត ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងចំនួនរាប់សែនលានទៅកាន់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន១៥ ហើយបានផ្តល់វ៉ាក់សាំងចំនួន២២០០លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១២០ ដើម្បីបំពេញបន្ថែម “គម្លាតនៃភាពស៊ាំនឹងរោគ” ហើយបានរួមចំណែកកម្លាំងដ៏សំខាន់សម្រាប់ឱ្យមនុស្សជាតិយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លងផងដែរ ។

      មិនអាចបណ្ដោយឱ្យជំងឺឆ្លងក្លាយជាខ្លារាំងផ្លូវនៃការអភិវឌ្ឍមនុស្សជាតិជាដាច់ខាត ។ ចាប់ពីឱសថអាតេមីស៊ីនីនដល់វ៉ាក់សាំងចិន វាសុទ្ធតែបានរៀបរាប់ពីរឿងដូចគ្នាស្តីពីប្រទេសចិនដែលរួមសហការជាមួយពិភពលោក រួមសុខរួមទុក្ខជាមួយគ្នានិងរួមគ្នាធ្វើការប្រយុទ្ធ ។ ពីព្រោះប្រទេសចិនបានដឹងច្បាស់ថា បណ្តាប្រទេសនានាមិនមែនជិះទូកចំនួនជាង១៩០គ្រឿងរៀងៗខ្លួននោះទេ  តែគឺធ្វើដំណើរនៅលើនាវាយក្សជោគវាសនាតែមួយហ្នឹងឯង ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស