ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មនុស្សជាតិជាសហគមន៍រួមសន្តិសុខដែលមិនអាចកាត់ផ្ដាច់បាន
2022-04-22 16:51:25cri
Share with:

    នៅថ្ងៃទី ២១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាអាស៊ីនៅ Boao ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយបានលើកឡើងនូវ"គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល"ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ គំនិតផ្តួចផ្តើមនេះបានក្លាយជាផលិតផលសាធារណៈអន្តរជាតិមួយទៀតរបស់ប្រទេសចិន ក្នុងន័យរួមចំណែកពុទ្ធិចិនសម្រាប់ឱ្យមនុស្សជាតិឆ្លើយតបនឹងបម្រែបម្រួលនៃពិភពលោក យុគសម័យនិងប្រវត្តិសាស្រ្តដែលមិនធ្លាប់មានកាលពីមុន វាគឺជាតម្រូវការរបស់អាស៊ី ក៏ដូចជាពិភពលោកផងដែរ ។

    បើរំលឹកឡើងវិញពីសុន្ទរកថាគន្លឹះចំនួន ៥ លើករបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងវេទិកាអាស៊ីនៅ Boao ចាប់តាំងពីឆ្នាំ ២០១៣ មក "សន្តិសុខ"គឺជាពាក្យគន្លឹះជាប់រហូតមក ។ ក្នុងអំឡុងពេលរៀបចំធ្វើវេទិកាអាស៊ីនៅ Boao ឆ្នាំនេះ បញ្ហាសន្តិសុខមានភាពកាន់តែលេចធ្លោ ។ ពីការវាតទីទៅខាងកើតជាបន្តបន្ទាប់របស់អង្គការណាតូដែលបណ្តាលឱ្យផ្ទុះវិបត្តិអ៊ុយក្រែនដល់ការដែលសហរដ្ឋអាមេរិកឃុបឃិតគ្នានៅទូទាំងពិភពលោកក្នុងន័យញុះញង់បង្កភាពបដិបក្ខគ្នា និយាយចំពោះពិភពលោកទាំងមូល សន្តិភាពកាន់តែមានភាពផុយស្រួយនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ។

    សូមបញ្ជាក់ថា ក្នុងគ្រាដ៏គន្លឹះនេះ "គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល"ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់នូវផែនការសម្រាប់ដោះស្រាយវិបត្តិដែលភាគីនានាត្រូវការជាបន្ទាន់ ។ ប្រការនេះបានបង្ហាញឱ្យឃើញនូវពហុភាគីនិយមដ៏ពិតប្រាកដ ក្នុងន័យខិតខំប្រឹងប្រែងជំរុញការរួមសុខរួមទុក្ខនៅទូទាំងពិភពលោក ក៏ដូចជាបានផ្តល់ការធានាសម្រាប់សម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចសកលបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

    និយាយចំពោះតំបន់អាស៊ី គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលនេះមានសារៈសំខាន់ណាស់ ។ ប្រជាជនទ្វីបអាស៊ីបានដឹងច្បាស់ថា គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍទាល់តែសោះ ។ យ៉ាងណាមិញ សន្តិភាពនិងស្ថិរភាពមិនមែនមកពីការផ្តល់ជំនួយនិងការប្រទានពីប្រទេសណាមួយនោះទេ តែគឺមកពីកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសក្នុងតំបន់ ។ គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដែលលើកឡើងដោយប្រទេសចិននឹងជំរុញឱ្យប្រទេសអាស៊ីគាំពារសន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនសាមគ្គីភាពឱ្យបានកាន់តែល្អ ក៏ដូចជាធានាឱ្យជោគវាសនាត្រូវក្តាប់ជាប់ក្នុងកណ្តាប់ដៃរបស់ខ្លួនផងដែរ ។

    យោងតាមរបាយការណ៍ចុងក្រោយបំផុតដែលចេញផ្សាយដោយកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាអាស៊ីនៅ Boao បានបង្ហាញថា តាមការប៉ាន់ប្រមាណ អត្រាកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ២០២២ នឹងកើនឡើង ៤.៨ ភាគរយ ។ នាឆ្នាំ២០២១ សេដ្ឋកិច្ចសកលសម្រេចបាននូវការងើបឡើងវិញជាសន្សឹមៗ ទោះជាប្រឈមនឹងការវាយប្រហារពីជំងឺឆ្លងក្តី តែដំណើរសមាហរណកម្មសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកក៏មិនបានស្ថិតក្នុងភាពជាប់គាំងដែរ ។ មិនថា ការងើបឡើងវិញនៃសេដ្ឋកិច្ចឬមួយក៏កិច្ចកសាងប្រព័ន្ធរបប តំបន់អាស៊ីប៉ាស៊ីហ្វិកសុទ្ធតែបានផ្តល់កម្លាំងចលករថ្មីដល់ទូទាំងពិភពលោក ។

    គួរបញ្ជាក់ដែរថា ប្រទេសនានាលើពិភពលោកហាក់ដូចជាកំពុងធ្វើដំណើរនៅនាវាយក្សមួយគ្រឿងដែលមានជោគវាសនារួម ប្រសិនបើចង់បរកាត់ទន្លេដែលមានរលកធំៗនិងធ្វើដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង នោះ ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទុកឱ្យប្រទេសណាមួយនៅក្រៅជួរ គឺ មិនអាចទទួលយកបានទេ ។ នៅពេលអនាគត ប្រទេសចិននឹងបន្តរ៉ាប់រងទំនួលខុសត្រូវនិងគាំពារសន្តិសុខជាមួយប្រទេសអាស៊ី ក្នុងន័យកសាងទ្វីបអាស៊ីឱ្យក្លាយទៅជា"ម៉ាស៊ីនលំនឹងនៃសន្តិភាព ប្រភពកម្លាំងចលករនៃកំណើននិងតំបន់ពិសេសថ្មីនៃកិច្ចសហប្រតិបត្តិការរបស់ពិភពលោក "៕



អ្នកបកប្រែ:魏伟
ប្លុកពិសេស