ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខទូទាំងពិភពលោក
2022-04-21 15:44:21cri
Share with:

ព្រឹកថ្ងៃទី ២១ ខែមេសា នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទប្រចាំឆ្នាំ២០២២វេទិកា Boao សម្រាប់អាស៊ីតាមប្រព័ន្ធវីដេអូនិងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានលើកឡើងថា ដើម្បីជំរុញសន្តិសុខរួមទូទាំងពិភពលោក ប្រទេសចិនសូមលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខទូទាំងពិភពលោកមានជាអាទ៍៖ ត្រូវប្រកាន់ខ្ជាប់នូវគោលគំនិតនៃសន្តិសុខរួម ចម្រុះ សហប្រតិបត្តិការ និងនិរន្តរភាព ដើម្បីរួមគ្នារក្សាសន្តិភាពនិងសន្តិសុខពិភពលោក ។ ត្រូវគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គោរពមាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធសង្គមដែលជ្រើសរើសដោយឯករាជ្យនិងម្ចាស់ការដោយប្រជាជននៃប្រទេសនានា ។ ត្រូវប្រកាន់ខ្ជាប់នូវកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បោះបង់ផ្នត់គំនិតសង្រ្គាមត្រជាក់ ប្រឆាំងឯកតោភាគីនិយម មិនធ្វើនយោបាយបក្សពួកនិងការប្រឈមមុខដាក់គ្នាជាក្រុម ។ ត្រូវប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខដែលចាប់អារម្មណ៍ដោយសមហេតុផលរបស់ប្រទេសនានា និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពមិនអាចបំបែកបាននៃសន្តិសុខ កសាងរចនាសម្ព័ន្ធសន្តិសុខប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព ប្រឆាំងនឹងការបង្កើតសន្តិសុខជាតិរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃអសន្តិសុខរបស់ប្រទេសដទៃ ។ ត្រូវប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធីនូវការខ្វែងគំនិតនិងវិវាទរវាងប្រទេសនានាតាមរយៈការសន្ទនានិងការពិគ្រោះយោបល់ ហើយគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី មិនត្រូវមានស្តង់ដារពីរ ប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីនិង"អំណាចដៃវែង"ឡើយ ។ ត្រូវប្រកាន់ខ្ជាប់នូវការសម្របសម្រួលការថែរក្សាសន្តិសុខនៅក្នុងតំបន់ប្រពៃណីនិងមិនមែនប្រពៃណី រួមគ្នាដោះស្រាយជម្លោះក្នុងតំបន់និងបញ្ហាសកលដូចជា ភេរវកម្មនិយម ការប្រែប្រួលអាកាសធាតុ សន្តិសុខតាមអ៊ីនធឺណិត និងជីវសុវត្ថិភាពជាដើម ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស