ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ស្ថានីយអវកាសរបស់ចិននឹងក្លាយជា “ផ្ទះរួមរបស់មនុស្សជាតិទាំងមូល”
2022-04-20 09:30:57cri
Share with:

    “ម្តាយដែលទៅបេះផ្កាយបានមកវិញហើយ!”ពេលថ្មីៗកន្លងទៅនេះ លោក Zhai Zhigang លោកស្រី Wang Yaping និងលោក Ye Guangfu ដែលជាអវកាសយានិកចិនទៅបំពេញភារកិច្ចហោះហើរផ្ទុកមនុស្សនៃយានអវកាស Shenzhou-13 បានជិះយន្តហោះទៅដល់ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព ។ លោកស្រី Wang Yaping បានប្រគល់ “ផ្កាយ”មួយទៅឱ្យកូនស្រីរបស់គាត់ដែលទៅទទួលស្វាគមន៍ ។ នេះគឺជាការណាត់រវាងលោកស្រីនិងកូនស្រីរបស់គាត់ ដែលសន្យាថានឹងយកផ្កាយមកវិញឱ្យកូនស្រីនិងមិត្តរួមថ្នាក់របស់កូនស្រីគាត់ ។

    រយៈពេលជាង១៨០ថ្ងៃមុន “ក្រុមអវកាសយានិកបីនាក់ដែលទៅបំពេញការងារក្នុងអវកាស”បានចូលក្នុងកាប៊ីនស្នូល Tianhe យ៉ាងរលូនតាមរយៈយានអវកាស Shenzhou-13 ។ ក្នុងអំឡុងពេលនេះ ក្រោមការគាំទ្ររបស់បុគ្គលិកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើផ្ទៃដី អវកាសយានិកបីនាក់បានសម្រេចបានដោយគាប់ប្រសើរនូវសកម្មភាពដើរចេញពីកាប៊ីនពីរលើក និងសកម្មភាពបង្រៀនក្នុងអវកាសពីរលើក ។ ព្រមពេលជាមួយគ្នានេះ ក៏បានធ្វើការពិសោធន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងគម្រោងប្រើប្រាស់ជាច្រើន ។ ដូចជា ក្នុងបរិយាកាសដែលគ្មានទំនាញផែនដីក្នុងអវកាស អវកាសយានិកបីនាក់បានបង្កើតប្រព័ន្ធបណ្ដុះកោសិការយៈពេលយូរនិងគំរូកោសិកាក្នុងលក្ខខណ្ឌអវកាសជាលើកដំបូង និងរកឃើញ “ពន្លឺភ្លឹបភ្លែតនៃសញ្ញាធាតុកាល់ស្យូម”នៃកោសិកាសាច់បេះដូងក្រោមលក្ខខណ្ឌគ្មានទំនាញផែនដីជាលើកដំបូង ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រ ។

    ស្ថានីយអវកាសចិនជាគម្រោងស្រដៀងគ្នាដែលបានបើកទ្វារជាសាធារណៈចំពោះរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ បច្ចុប្បន្ននេះ គម្រោងចំនួន៩នៃប្រទេសចំនួន១៧និងអង្គភាពជាក់ស្តែងចំនួន២៣ក្លាយជាគម្រោងជំហានដំបូងក្នុងការពិសោធន៍វិទ្យាសាស្ត្រនៃស្ថានីយអវកាសរបស់ចិន ។

    មួយសប្តាហ៍មុន ក្នុងស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកដែលស្ថិតនៅក្រុងវ៉ាស៊ីនតោន អវកាសយានិកចិននិងយុវជននិងក្មេងជំទង់អាមេរិកព្រមទាំងអាណាព្យាបាលនិងគ្រូបង្រៀនរបស់ពួកគេបានរួមគ្នាធ្វើកម្មវិធី “សំណួរចម្លើយពីអវកាស” ។ ដូចជា “តើហូបបាយយ៉ាងម៉េចក្នុងស្ថានីយអវកាស”និង “តើវិធីហ្វឹកហាត់និងកម្សាន្តរបស់អវកាសយានិកមានអ្វីខ្លះ”។ល។ សិស្សអាមេរិកទាំងឡាយបានលើកឡើងសំណួរគ្រប់បែបយ៉ាង ។

    ក្រៅពីនេះ អវកាសយានិកបរទេសជាច្រើននាក់ក៏បានសម្តែងពីការរំពឹងទុកចំពោះការបំពេញការងារក្នុងស្ថានីយអវកាសរបស់ចិនដែរ ។ លោក Matthias អវកាសយានិកអាល្លឺម៉ង់បានថ្លែងថា លោកបានរៀនភាសាចិនជាច្រើនឆ្នាំហើយ រំពឹងទុកថាមានថ្ងៃមួយអាចចូលក្នុងស្ថានីយអវកាសរបស់ចិន ។

    ពេលកន្លងទៅនេះ ទាក់ទិននឹងរបាយការណ៍នៃក្រសួងការពារជាតិអាមេរិកអំពីអ្វីដែលហៅថា “ការគំរាមកំហែងពីអវកាស” លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សហរដ្ឋអាមេរិកទើបជាការគំរាមកំហែងធំបំផុតដែលសន្តិសុខអវកាសបានប្រឈមមុខ ។ រដ្ឋាភិបាលអាមេរិកគួរតែបំពេញទំនួលខុសត្រូវដែលប្រទេសមហាអំណាចគួរធ្វើយ៉ាងប្រាកដប្រជា ដើម្បីពិនិត្យទង្វើអវិជ្ជមានមួយចំនួនរបស់ខ្លួនក្នុងវិស័យអវកាស ។ ភាគីចិនបានផ្តួចផ្តើមឱ្យប្រើប្រាស់អវកាសដោយសន្តិភាព ប្រឆាំងការយកអវកាសជាអាវុធនិងការប្រកួតប្រជែងខាងសព្វាវុធជាប់រហូតមក ។ ប្រទេសចិនស្វែងរកលំហអវកាសគឺដើម្បីបំពេញតាមតម្រូវការរបស់ប្រទេសជាតិលើវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសន្តិសុខជាតិជាដើម ។

    លោក Stephen Ndegwa អ្នកទទួលបន្ទុកធនាគារគំនិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍របស់កេនយ៉ាបានយល់ឃើញថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអវកាសមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសអភិវឌ្ឍន៍នោះទេ ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ប្រទេសចិនបានតាំងគំរូឱ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ព្រមទាំងបំពេញបន្ថែមជំនឿចិត្តផងដែរ ។

    កាលពីឆ្នាំ១៩៨៥ លោក Andy Turnage ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមន៍អ្នកស្វែងរកអវកាសធ្លាប់ថ្លែងថា “ពិតមែនតែយើងគ្មានភាសាដូចគ្នាក៏ដោយ ក៏ប៉ុន្តែមានគោលដៅដូចគ្នា ពោលគឺស្វែងរកអវកាសហើយប្រើប្រាស់សមិទ្ធផលនិងបច្ចេកវិទ្យាទៅលើ "ផែនដីតែមួយ" ។” “ស្ថានីយអវកាសចិនដែលបើកទ្វារចំពោះពិភពលោកនឹងក្លាយជាផ្ទះរួមរបស់មនុស្សជាតិទាំងមូល” ដើម្បីជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិក្នុងលំហអវកាស ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស