ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសនៅប្រជុំកោះប៉ាស៊ីហិ្វកមិនមែនជា “ទីធ្លាខាងក្រោយ”របស់អ្នកណាទេ ហើយក៏មិនមែនជាកូនអុកសម្រាប់ធ្វើបដិបក្ខគ្នាក្នុងភូមិសាស្ត្រនោះឡើយ
2022-04-20 15:24:36cri
Share with:

      ថ្ងៃទី១៨ ខែមេសា តាមម៉ោងក្នុងតំបន់ សេតវិមានអាមេរិកបានប្រកាសថា ក្នុងសបា្តហ៍នេះ  លោក Kurt Campbell អ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិករបស់គណៈកម្មាធិការសន្តិសុខជាតិអាមេរិក នឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសទាំងបី នៅប្រជុំកោះប៉ាស៊ីហ្វិក ដូចជាប្រជុំកោះសាឡូម៉ូនជាដើម ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិករូបនេះបានអះអាងថា ការផ្តោតសំខាន់ទៅលើប្រទេសចិន នឹងជាប្រធានបទពិភាក្សាសំខាន់មួយ ។ មជ្ឃដ្ឋានខាងក្រៅសម្គាល់ជាទូទៅថា ដំណើរទស្សនកិច្ចរបស់លោក Campbell លើកនេះប្រហែលនឹងប្រើមធ្យោបាយញុះញង់ផងនិងដាក់សម្ពាធផង ក្នុងន័យប៉ុនប៉ងបំផ្លាញកិច្ចសហប្រតិបតិ្តការសន្តិសុខរវាងចិននិងប្រជុំកោះសាឡូម៉ូន ។

      នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិននិងប្រជុំកោះសាឡូម៉ូនបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងក្របខណ្ឌអន្តររដ្ឋាភិបាលលើវិស័យកិច្ចសហប្រតិបតិ្តការសន្តិសុខ ហើយបានសម្រេចថា លើមូលដ្ឋានស្មើភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យគាំពារសណ្តាប់ធ្នាប់សង្គម ការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាជន ការផ្តល់ជំនួយមនុស្សធម៌ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិជាដើម ក្នុងន័យជួយប្រជុំកោះសាឡូម៉ូនបង្កើនកិច្ចកសាងសមត្ថភាពគាំពារសន្តិសុខរបស់ប្រទេសខ្លួន ដើម្បីជំរុញសន្តិសុខនិងសិ្ថរភាពក្នុងសង្គមនៅតាមតំបន់ ។ កិច្ចសហប្រតិបតិ្តការមួយនេះសមស្របនឹងច្បាប់អន្តរជាតិនិងទម្លាប់ក្នុងផ្ទៃអន្តរជាតិ ហើយមិនសំដៅចំពោះភាគីទីបីណាមួយទេ ។

      ប៉ុន្តែ សរសៃប្រសាទរសើបរបស់អាមេរិកនិងអូស្ត្រាលីត្រូវបំផុសឡើង ។ ពួកគេមួលបង្កាច់កិច្ចព្រមព្រៀងសហប្រតិបតិ្តការដែលចិននិងប្រជុំកោះសាឡូម៉ូនបានចុះហត្ថលេខានោះថាជា “ការគំរាមកំហែង” របស់សន្តិសុខក្នុងតំបន់ ហើយរកមធ្យោបាយគ្រប់បែបយ៉ាងធ្វើការបំផ្លិចបំផ្លាញ ។

      ប្រទេសនៅប្រជុំកោះប៉ាស៊ីហិ្វកមិនមែនជា “ទីធ្លាខាងក្រោយ”របស់អ្នកណាទេ ហើយក៏មិនមែនជាកូនអុកសម្រាប់ធ្វើបដិបក្ខគ្នាក្នុងភូមិសាស្ត្រនោះឡើយ ។ អាមេរិកនិងអូស្ត្រាលីលើកទង់សន្តិសុខ តាំងខ្លួនជា “ អាណាព្យាបាលរបស់គ្រួសារធំនៃមហាសមុទ្រប៉ាស៊ីហ្វិក” និងនិយាយឆ្ការដៃឆ្ការជើង ស្នៀតទាំងនេះបានបង្ហាញឱ្យឃើញនូវឥរិយាបទអនុត្តរភាពនិយមនិងអាណានិគមនិយម ។

      ប្រជុំកោះសាឡូម៉ូនជាប្រទេសប្រជាធិបតេយ្យភាពដ៏ឯករាជ្យ មានសិទ្ធិសម្រេចចងចំណងមិត្តភាពជាមួយអ្នកណា ។ ហេតុអ្វីបានជាពួកគេជ្រើសរើសធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន គឺដោយសារប្រទេសចិនអាចផ្តល់ជំនួយដ៏ពិតប្រាកដដល់ពួកគេ ។ ប្រទេសចិនជាមិត្តភក្តិពិតដែលគួរឱ្យប្រជុំកោះប៉ាស៊ីហ្វិកជឿទុកចិត្តបាន ។

      ផ្ទុយទៅវិញ ក្រុងវ៉ាស៊ីនតោនមិនអើពើពីវិបត្តិជីវភាពរស់នៅ និងភាពច្របូកច្របល់នៃប្រជុំកោះសាឡូម៉ូនក្នុងរយៈពេលយូរ ។ ស្ថានទូតអាមេរិកប្រចាំនៅប្រជុំកោះសាឡូម៉ូនធ្លាប់បិទទ្វារអស់រយៈពេល២៩ឆ្នាំ រហូតដល់ទំនាក់ទំនងរវាងចិននិងប្រជុំកោះសាឡូម៉ូនមានភាពកាន់តែជិតស្និទ្ធ ក្រុងវ៉ាស៊ីនតោនទើបចាប់អារម្មណ៍ដល់ប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក ។ នៅខែកុម្ភៈឆ្នាំនេះ អាមេរិកបានប្រកាសថា នឹងបើកទ្វារស្ថានទូតអាមេរិកប្រចាំនៅប្រជុំកោះសាឡូម៉ូនឡើងវិញ ឥឡូវនេះគ្រោងនឹងចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចទៀត តើអាមេរិកយកចិត្តទុកដាក់ដល់ប្រជុំកោះសាឡូម៉ូនពិតប្រាកដ ឬមួយក៏មានគោលបំណងផ្សេងទៀត ? មជ្ឈដ្ឋានខាងក្រៅបានមើលឃើញបានច្បាស់ហើយ ។

       ជម្រើសរបស់ប្រជុំកោះប៉ាស៊ីហ្វិក ដូចជាប្រជុំកោះសាឡូម៉ូនជាដើម បានបង្ហាញពីសច្ចធម៌ក្នុងដួងចិត្តរបស់អ្នកផង ។ ដំណើរទស្សនកិច្ចរបស់លោក Campbell លើកនេះ ហាក់ដូចជាការសម្តែងក្នុងគោលបំណងញុះញង់ការបដិបក្ខគ្នា និងបំផ្លាញកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពរវាងចិននិងប្រជុំកោះប៉ាស៊ីហ្វិក មុខជានឹងមិនទទួលបានការគាំទ្រជាក់ជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស