សកម្មភាពអបអរសាទរការរាប់ថយក្រោយ១០០ថ្ងៃនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ (Beijing2022 )បានធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាហែលទឹកជាតិចិនដែលស្ថិតនៅទីក្រុងប៉េកាំងរដ្ឋធានីប្រទេសចិនកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ផែនការរត់បណ្តាក់ភ្លើងគប់កីឡាប៉ារ៉ាឡាំពិកក៏បានប្រកាសក្នុងឱកាសនេះផងដែរ។
លោក Cai Qi ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ Beijing2022បានថ្លែងថា ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ជាសកម្មភាពសំខាន់ក្នុងដំណាក់កាលប្រវត្តិសាស្ត្ររបស់ប្រទេសចិន។ យើងបានប្រកាន់ខ្ជាប់ទស្សនៈរៀបចំការប្រកួតបែបបៃតង ចែករំលែក បើកទូលាយ ស្អាតស្អំ ដោយគ្រប់ជ្រុងជ្រោយ សង្គមទាំងមូលរបស់ចិនបានរួមគ្នាចែករំលែកពីជីវភាពកាន់តែល្អបវរនិងកាន់តែមានសុភមង្គល។ បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រេចហើយ។
មានជនពិការចិនចំនួន ២៤២៨ នាក់បានចុះឈ្មោះចូលរួមការជ្រើសរើសអ្នកស្ម័គ្រចិត្តនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក Beijing2022 ។ បន្ទាប់ពីការប្រឡងនិងវគ្គបណ្តុះបណ្តាលដ៏តឹងរ៉ឹង មានជនពិការចំនួន ១៩ នាក់បានក្លាយជាអ្នកស្ម័គ្រចិត្តក្នុងចំណោមនោះអ្នកមានវ័យក្មេងជាងគេគឺមានអាយុ ១៩ ឆ្នាំ ឯអ្នកមានវ័យចំណាស់ជាងគេគឺ ៦៣ ឆ្នាំ។
សម្រាប់ការរត់បណ្តាក់ភ្លើងគប់នៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក Beijing2022 នឹងធ្វើឡើងពីថ្ងៃទី២ ដល់ទី៤ ខែមីនា ឆ្នាំ២០២២ នៅទីតាំងប្រកួតទាំងបី គឺ ប៉េកាំង -យេនឈីង-ហ្សាំងចាខូវ អ្នករត់បណ្តាក់ភ្លើងគប់មានចំនួនប្រហែល ៦០០ នាក់។ ឯប្រធានបទនៃការរត់បណ្តាក់ភ្លើងគប់គឺ “ស្វាគមន៍ការណាត់គ្នាជាមួយកីឡាទឹកកក ឆ្ពោះទៅកាន់អនាគតល្អបវរ ” ក្នុងបំណងលើកទឹកចិត្តជនពិការទូទាំងពិភពលោកឱ្យហាត់ប្រាណថែទាំសុខភាពឱ្យល្អ ដើម្បីរួមចំណែកក្នុងការទប់ទល់នឹងជំងឺឆ្លង។
ដោយឡែក ក្នុងសកម្មភាពនេះក៏បានសំដែងស្នាដៃតន្ត្រីល្អៗអំពីប្រធានបទកីឡាប៉ារ៉ាឡាំពិក ដូចជាចម្រៀងបទ«បំភ្លឺក្តីសុបិន» «ធ្វើគារវកិច្ចចំពោះអ្នកក្លាហាន» «ក្នុងព្រឹលទឹកកកដ៏ស្រស់ស្អាត»ជាដើម៕