គំនូរប្រេងមួយផ្ទាំងនេះមានចំណងជើងថា《ពិធីបង្កើតប្រទេសចិនថ្មី》បានគូរនៅឆ្នាំ ១៩៥២ ដែលប្រទេសចិនថ្មីបង្កើតឡើងបាន ៣ ឆ្នាំ ។ គំនូរនេះបានបង្ហាញដោយរស់រវើកនូវព្រឹត្តិការណ៍ដ៏សំខាន់ដែលបានចារឹកក្នុងប្រវតិ្តសាស្ត្រនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩ កងទ័ពនិងប្រជាជនចំនួន ៣០ ម៉ឺននាក់នៅទីក្រុងប៉េកាំងបានជួបជុំគ្នានៅទីលាន Tian An men ដោយរួមគ្នាទន្ទឹងរង់ចាំខណៈពេលជាប្រវតិ្តសាស្ត្រដ៏សំខាន់មួយនេះ ។ ក្នុងសម្រែកសាទរយ៉ាងរំភើបរីករាយរបស់ប្រជាជន លោក ម៉ៅ សេទុង ប្រធានរដ្ឋចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ចំពោះទូទាំងពិភពលោកថា៖"រដ្ឋាភិបាលមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើងហើយ" ។
គួររំលឹកថា នៅពីក្រោយពិធីបង្កើតប្រទេសចិនថ្មីគឺ មានរឿងរ៉ាវដែលមនុស្សតិចតួចបានដឹង។ នៅកាលនោះ ប្រទេសចិនខ្វះខាតសម្ភារៈគ្រប់បែបយ៉ាង សូម្បីក្រណាត់សម្រាប់ផលិតទង់ជាតិសម្រាប់ប្រើក្នុងពិធីបង្កើតរដ្ឋក៏ពិបាករកបានដែរ ។ នៅចុងបំផុត ស្ថាប័នពាក់ព័ន្ធបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ទើបអាចផលិតទង់ជាតិរួចរាល់ ហើយពេលនោះគឺ ព្រឹកព្រលឹមនៃថ្ងៃប្រារព្ធពិធីបង្កើតរដ្ឋ ។
ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេលជាង ៧០ ឆ្នាំ ប្រទេសចិនសម្រេចបាននូវបម្រែបម្រួលជាប្រវត្តិសាស្ត្រដែលគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងមុនពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ មិនថាក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិចិនឬក៏ក្នុងប្រវត្តិសាស្ត្រពិភពលោកក៏ដោយ នេះគឺជាដំណើរដ៏អស្ចារ្យដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕