ថ្ងៃទី៩ខែវិច្ឆិកា គឺជាខួប៦៨ឆ្នាំនៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ថ្ងៃដដែលនោះ លោក Xi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរថ្វាយព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការអបអរសាទរ។
លោកXi Jinpingបានថ្លែងថា បច្ចុប្បន្ននេះ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទេសកម្ពុជាទទួលបានសមិទ្ធផលជាដំណាក់កាល ហើយជីវភាពរស់នៅនិងសេដ្ឋកិច្ច សង្គមរបស់កម្ពុជាបានវិលទៅរកប្រក្រតីភាពឡើងវិញជាបណ្តើរៗ។ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជានឹងយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទាំងស្រុង និងទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងបុព្វហេតុកសាងជាតិ។ខ្ញុំយកចិត្តទុកខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា ហើយខ្ញុំរីករាយរួមជាមួយកម្ពុជា ដើម្បីផ្សព្វផ្សាយពីចំណងមិត្តភាពប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត និងកសាងយ៉ាងសកម្មនូវសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនប្រទេសទាំងពីរ។
ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែបជានិច្ច។តាំងពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិនសរុបបានបរិច្ចាគវ៉ាក់សាំងចំនួន៥,៨លានដូសដល់ប្រទេសកម្ពុជា។សហគ្រាសចិននិងខេត្ត-ទីក្រុងនានាក្នុងប្រទេសចិនក៏បានបរិច្ចាគសម្ភារៈប្រឆាំងនឹងជំងឺឆ្លងមួយចំនួនធំដល់ប្រទេសកម្ពុជាផងដែរ។តាមដំណឹងឱ្យដឹងថា ឱសថបុរាណចិនLianHuaQingWen ត្រូវបានអនុម័តឱ្យនាំចូលក្នុងទីផ្សារកម្ពុជាពីក្រសួងសុខាភិបាលកម្ពុជាកាលពីខែមេសាឆ្នាំ២០២១ ហើយត្រូវបានប្រើប្រាស់ដើម្បីព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ដោយក្រសួងសុខាភិបាល។ ក្រោយមក ឱសថបុរាណចិនLianHuaQingWenត្រូវបានជ្រើសរើសបញ្ចូលនៅក្នុងគម្រោងព្យាបាលតាមផ្ទះសម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានថ្លែងថា ការប្រើប្រាស់រួមដោយគួបផ្សំគ្នានៃវ៉ាក់សាំងការពារជំងឺកូវីដ១៩និងថ្នាំបុរាណចិនLianhua Qingwenបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជា អាការោគរបស់អ្នកឆ្លងជំងឺកូវីដ១៩មានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ដែលបានកាត់បន្ថយអត្រានៃករណីធ្ងន់ធ្ងរយ៉ាងច្រើន។
នៅពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសទាំងពីរចិននិងកម្ពុជាបានចាប់ដៃគ្នាកសាងខ្សែការពារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលមិនអាចបំបែកបាន គឺជាគំរូដ៏ល្អមួយសម្រាប់សហគមន៍អន្តរជាតិក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ប្រទេសចិននឹងបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៀត ប្រសិនបើជំងឺកូវីដ១៩មិនបញ្ចប់ទេ ជំនួយរបស់ចិនសម្រាប់កម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នឹងមិនបញ្ឈប់ឡើយ។ប្រទេសចិនក៏រីករាយរួមសហការជាមួយប្រជាជនកម្ពុជាដែលជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗក្នុងន័យជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីធ្វើឱ្យមិត្តភាពរវាងចិននិងកម្ពុជារឹងជាងដែក និងមាំជាងដែកថែប។
កាលពីពេលថ្មីៗនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ រាជរដ្ឋាភិបាលកម្ពុជានឹងលុបចោលវិធានការបិទខ្ចប់ជាបណ្តើរៗ និងស្តារផលិតកម្មឡើងវិញទាំងស្រុង។នេះបានបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗកំពុងដំណើរការយ៉ាងរលូន។
នៅក្នុងស្ថានការណ៍ដែលជំងឺកូវីដ១៩នៅតែរីករាលដាលនៅលើពិភពលោក វ៉ាក់សាំងនិងឱសថបុរាណចិនLianHuaQingWen គឺជាសក្ខីភាពនៃការអភិវឌ្ឍដោយមេត្រីភាពរវាងទំនាក់ទំនងចិននិងកម្ពុជា៕