រឿងរ៉ាវនេះកើតឡើងនៅក្រុងតូក្យូប្រទេសជប៉ុន ។ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាលើកដុំដែកបុរសទម្ងន់ ៦៧ គីឡូក្រាមបានប្រព្រឹត្តទៅនៅសាលកីឡាលើកដុំដែកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ។ លោកShen Lijun អត្តពលិកចិននិងលោក Luis Javier Mosquera Lozano អត្តពលិកកូឡុំប៊ីកំពុងប្រកួតគ្នា ដើម្បីដណ្តើមយកមេដាយមាសនៃវិញ្ញាសាកីឡានេះ ។
ការប្រកួតលើកដុំដែកដំណាក់កាលទីមួយបានចាប់ផ្តើម លោក Shen Lijun ចាប់ផ្ដើមមុន ដោយដំបូងលោកបានលើកទម្ងន់ ១៤៥ គីឡូក្រាម ។ លោក Shen Lijun ធ្វើដំណើរមកលើវេទិកាប្រកួត ចាប់យកអាំងទ័រ ប្រើកម្លាំងលើកអាំងទ័រឱ្យផុតលើក្បាល និងរក្សាលំនឹងរយៈពេល ៣ វិនាទី ។ភ្លើងពណ៌សទាំងបីរបស់អាជ្ញាកណ្តាលបានភ្លឺឡើង បញ្ជាក់ថា ការលើកនេះទទួលបានជោគជ័យ។ ដល់វេនលោក Mosquera Lozano អត្តពលិកកូឡុំប៊ីឡើងលើវេទិកាប្រកួត។ លោកបានលើកទម្ងន់ ១៤៨ គីឡូក្រាម ព្រមទាំងទទួលបានជោគជ័យផងដែរ ។ ក្នុងការលើកដុំដែកលើកទីពីរ លោក Shen Lijun បានលើកទម្ងន់ ១៥០ គីឡូក្រាម ប៉ុន្តែទទួលបរាជ័យ ។ ចំណែកឯលោក Mosquera Lozano វិញ គាត់បានលើកទម្ងន់ ១៥១ គីឡូក្រាម ហើយទទួលបានជោគជ័យថែមទៀត ។ ពេលនេះគ្រូបង្វឹកនិងក្រុមពេទ្យនៃប្រទេសកូឡុំប៊ីនាំគ្នាទះដៃអបអរសាទរយ៉ាងខ្លាំង ។
ក្នុងការលើកដុំដែកលើកទី ៣ លោកShen Lijun ក៏បានសាកល្បងលើកទម្ងន់ ១៥១ គីឡូក្រាមផងដែរ ប៉ុន្តែនៅតែទទួលបរាជ័យដដែល ។
ការប្រកួតផ្តាច់ព្រ័ត្រកីឡាលើកដុំដែកបុរសទម្ងន់ ៦៧ គីឡូក្រាម បានចូលមកដល់ដំណាក់កាលទីពីរ។ លោកShen Lijun លើកដុំដែកមុនគេ ដោយទទូលបានជោគជ័យក្នុងការលើកដុំដែកទម្ងន់១៧៥គីឡូក្រាម ។ លោក Mosquera Lozano ក៏ទទួលបានជោគជ័យក្នុងការលើកដុំដែកទម្ងន់ ១៧៥ គីឡូក្រាមដូចគ្នា ដោយបន្តនាំមុខលោក Shen Lijun ចំនួន ៦ គីឡូក្រាម។ គ្រូបង្វឹកកូឡំប៊ីត្រេកអរយ៉ាងខ្លាំងណាស់ ដូចជាទទួលបានមេដាយមាសរួចទៅហើយ។
បន្ទាប់មក លោក Mosquera Lozano សាកល្បងលើកដុំដែកទម្ងន់ ១៨០ គីឡូក្រាមហើយទទួលបានជោគជ័យ ដោយបាននាំមុខលោកShen Lijun ចំនួន១១ គីឡូក្រាម ។
“ចប់ហើយចប់ហើយ... “អ្នកគាំទ្រកីឡាចិនតាមអនឡាញបាននាំគ្នាខមិនបង្ហាញពីការអស់សង្ឃឹមចំពោះលទ្ធផលនេះ។
ចំណែកឯលោកShen Lijun ត្រូវបានឡោមព័ទ្ធដោយក្រុមគ្រូបង្វឹកនិងក្រុមពេទ្យប្រទេសចិនហើយម្នាក់ៗសុទ្ធតែមានទឹកមុខដ៏តានតឹង។
លោកShen Lijun នៅមានឱកាសចំនួនពីរលើកទៀត តើលោកអាចទទួលបានជោគជ័យដែរទេ ?
១៨៧គីឡូក្រាម! លើអេក្រង់បានបង្ហាញថា លោកShen Lijunសាកល្បងលើកដុំដែកទម្ងន់ ១៨៧ គីឡូក្រាម! ទម្ងន់នេះជាទម្ងន់ដែលលោកមិនធ្លាប់លើកកាលពីមុនមកទេ ហើយថែមទាំងលើសកំណត់ត្រានៃកីឡាអូឡាំពិកក្នុងវិញ្ញាសាលើកដុំដែកទម្ងន់៦៧គីឡូក្រាមនេះទៀតផង ។
ក្នុងសាលកីឡាទាំងមូលស្រាប់តែមានភាពស្ងៀមស្ងាត់។ មនុស្សគ្រប់គ្នានាំគ្នាសំឡឹងមើលលោកShen Lijun ឡើងលើវេទិកាប្រកួត។
លោកShen Lijunកើតនៅស្រុកAnhua ខេត្តHunan ភាគកណ្តាលឆៀងខាងត្បូងប្រទេសចិន។ នៅទីនោះ ធ្លាប់ជាស្រុកក្រីក្រកម្រិតថ្នាក់ជាតិ។ ឳពុករបស់លោកShen Lijunមានរាងកាយរឹងមាំ ជា “ជនមានកម្លាំងខ្លាំង”ដ៏ល្បីឈ្មោះ។ ឆ្នាំ២០០៣ ក្រុមកីឡាលើកដុំដែកយុវជនក្នុងតំបន់កំពុងជ្រើសរើសសិស្សចូលក្រុម ហើយមានមនុស្សបានណែនាំប្រាប់គ្រូបង្វឹកJiang Yilongថា មានកុមារម្នាក់មកពីគ្រួសារShenអាចក្លាយជាកីឡាករដ៏ល្អបាន។ ដូច្នេះ គ្រូបង្វឹកJiangបានទៅដល់ផ្ទះគ្រួសារShen ហើយឃើញShen Lijunអាយុ១០ឆ្នាំ ពេលនោះ មានកម្ពស់ត្រឹមតែ១,៣ម៉ែត្រ រាងស្គមនិងតូចល្អិត។
គ្រូបង្វឹកJiangបានបង្គាប់ឱ្យShen Lijunលោតចម្ងាយសាកមើល។ Shen Lijunលោតដោយជើងទទេនៅលើកម្រាលបេតុង ហើយលោតបានឆ្ងាយណាស់។ គ្រូបង្វឹកJiangបានយកម៉ែត្រវាស់វែងយ៉ាងលឿន ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង! ២,៣៦ម៉ែត្រ! បន្ទាប់មក គ្រូបង្វឹកJiangបានបង្គាប់ឱ្យShen Lijunអាវ៉ង់សាកមើល ហើយShen Lijunអាវ៉ង់បាន៥០ភ្លាមៗតែម្ដង ។ ដូច្នេះ គ្រូបង្វឹកJiangបានណែនាំឱ្យឳពុកម្តាយរបស់Shen Lijunបញ្ជូនកូនរបស់គាត់ចូលក្រុមកីឡាលើកដុំដែក។ឳពុករបស់Shen Lijunបានគាំទ្រយ៉ាងខ្លាំង តែម្តាយរបស់Shen Lijunគិតពិចារណាជាច្រើន ដោយនិយាយថា ការហាត់លើកដុំដែកពិបាកណាស់ ប្រសិនបើគេមិនទទួលបានពិន្ទុល្អទេ ហើយគេមានកម្ពស់ទាបល្អិតថែមទៀត ប្រាកដជាពិបាករកមិត្តស្រីហើយ។
ដោយហេតុនេះ គ្រូបង្វឹកJiangបានត្រលប់មកវិញដោយដៃទទេ។ពីរបីថ្ងៃក្រោយមក គ្រូបង្វឹកJiangកាន់តែគិត កាន់តែមានអារម្មណ៍ថា Shen Lijunមិនបានចូលហាត់លើកដុំដែកពិតជាគួរឱ្យស្ដាយណាស់។ ដូច្នេះ គាត់ក៏បានរត់ទៅផ្ទះគ្រួសារShenម្តងទៀត។ លើកនេះ ក៏ត្រូវបានបដិសេធម្តងទៀត។
គ្រូបង្វឹកJiangម្នាក់នេះក៏ជាមនុស្សដែលមានចរិតរឹងរូស ម្តងមិនបាន គឺទៅពីរដង ពីរមិនបានក៏ទៅបីដង។ នៅក្នុងវិស្សមកាលរដូវក្តៅមួយ គាត់បានទៅផ្ទះរបស់គ្រួសារShenចំនួន៥ដង ដោយធ្វើការងារម្តាយរបស់Shen Lijunម្តងហើយម្តងទៀត ហើយតប់ទ្រូង ធានាថា Shen Lijunមុខជានឹងទទួលបានជោគជ័យក្នុងកីឡាលើកដុំដែក ជាមិនខាន! ដោយគិតឃើញពីជីវភាពក្រីក្ររបស់គ្រូសារShen គ្រូបង្វឹកJiangក៏បានសន្យាថានឹងមិនគិតថ្លៃចូលរៀនទាំងអស់ ពីShen Lijunឡើយ។ Shen Lijunក៏បាន អង្វរម្តាយរបស់គាត់ជាមួយគ្រូបង្វឹក។ដោយហេតុនេះ ម្តាយរបស់Shen Lijun ក៏ចិត្តទន់តាមសំណូមពររបស់កូនប្រុស ដោយយល់ព្រម អនុញ្ញាតឱ្យShen Lijunចូលរៀននៅសាលាកីឡាដោយបង្ខំចិត្ត។
ពេលShen Linjunចូលរៀននៅសាលាកីឡា គាត់ខិតខំហ្វឹកហាត់ ជារៀងរាល់ថ្ងៃ ដោយមកហាត់មុនគេបង្អស់ និងចេញពីហ្វឹកហាត់ក្រោយគេបង្អស់ ។ការហាត់លើកដុំដែក សោះកក្រោះនិងពិបាកខ្លាំងណាស់ ។ គាត់លើកហើយដាក់ចុះ លើកហើយដាក់ចុះរាប់រយដងក្នុងមួយថ្ងៃ ប៉ុន្តែShen Lijunមិនដែលបង្ហាញពីការភ័យខ្លាចចំពោះការលំបាកឡើយ ហើយគាត់ចង់ទទួលបានលទ្ធផលល្អ។
ប៉ុន្តែ Shen Lijunចូលរៀនសាលាកីឡាមិនទាន់បានមួយឆ្នាំផង ឳពុករបស់គាត់ក៏ធ្លាក់ខ្លួនឈឺ។ ក្រៅពីនេះ នៅមានលោកពូដែលមានជំងឺហូបថ្នាំជាប់មិនដាច់ និងលោកយាយដែលមានវ័យចំណាស់ទៅហើយ ធ្វើឱ្យបន្ទុករបស់គ្រួសារដែលមានសមាជិក៥នាក់បានធ្លាក់មកលើម្តាយរបស់Shen Lijunតែម្នាក់ឯង។ ពេលShen Lijunដឹងរឿងនេះ គាត់ក៏បានចាកចេញពីសាលាត្រឡប់ទៅផ្ទះវិញ ដោយមានគម្រោងឈប់រៀន ហើយទៅរកការងារធ្វើ។
គ្រូបង្វឹកJiangបារម្ភជាខ្លាំង ក៏ប្រញាប់ប្រញាល់ដេញតាមរហូតទៅដល់ផ្ទះរបស់Shen Lijun ដើម្បីធ្វើការងាររបស់Shen Lijunនិងម្តាយរបស់គាត់។
បន្ទាប់ពីស្តាប់ការបញ្ចុះបញ្ចូលរបស់គ្រូបង្វឹកJiang ម្តាយគ្រួសារShen បានជូតទឹកភ្នែកហើយនិយាយថា “គ្រូបង្វឹកJiangកុំបារម្ភ ទោះវាលំបាកយ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវឱ្យកូនខ្ញុំទៅហាត់លើកដុំដែកដែរ!”
ចាប់ពីពេលនោះមក ម្តាយគ្រួសារShenបានទៅក្រុងChangshaទីប្រជុំខេត្តHunan ធ្វើការបីកន្លែងក្នុងមួយថ្ងៃ ចាយវាយសន្សំសំចៃ ដើម្បីផ្ញើប្រាក់ទាំងអស់ដែលរកបានទៅផ្ទះ។
បន្ទាប់ពីត្រឡប់ទៅសាលាកីឡាវិញ Shen Lijunកាន់តែខិតខំហ្វឹកហាត់។
ឆ្នាំ២០១០ Shen Lijunដែលមានអាយុ១៧ឆ្នាំ បានឈ្នះជើងឯកកីឡាយុវជនពិភពលោក។
នៅឆ្នាំ ២០១៣ លោក Shen Lijunអាយុតែ ២០ ឆ្នាំ ដណ្ដើមបានជើងឯកក្នុងការប្រកួតលើកដុំដែកពិភពលោក។ គាត់បានប្រើប្រាក់រង្វាន់សម្រាប់សងបំណុលដែលគ្រួសាររបស់គាត់បានខ្ចី ហើយបានទិញទូទឹកកកទ្វារពីរមួយគ្រឿង។ ។ នេះគឺជាបំណងប្រាថ្នាជាច្រើនឆ្នាំរបស់ឪពុកគាត់ ។ ជាអកុសល មួយឆ្នាំមុនលោក Shen Lijun ទិញទូទឹកកកមកដាក់ផ្ទះ ឪពុកគាត់ដែលជឿជាក់ថាកូនប្រុសខ្លួនមុខជានឹងយកបានជើងឯកពិភពលោកនោះបានលាចាកលោកដោយសារជំងឺបាត់ទៅហើយ។
នៅឆ្នាំ ២០១៥ លោក Shen Lijunទទួលបានជើងឯកក្នុងការប្រកួតលើកដុំដែក ពិភពលោក និងបានបំបែកឯតទគ្គកម្មពិភពលោក។
នៅឆ្នាំ ២០១៦ លោក Shen Lijunបានទៅចូលរួមការប្រកួតលើកដុំដែកអូឡាំពិកនៅក្រុងរីយ៉ូដឺហ្សាណេរ៉ូប្រទេសប្រេស៊ីល។
នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ អ្នកភូមិ ទាំងអស់របស់ លោក Shen Lijun បានជួបជុំគ្នានៅផ្ទះរបស់លោកដើម្បីមើលទូរទស្សន៍ ហើយរង់ចាំមើលលោក Shen Lijun លើកដុំដែក។ ខណៈពេលនោះ យុទ្ធនាការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនកំពុងដំណើរការដោយគ្រប់ជ្រុងជ្រោយ ហើយកម្រិតជីវភាពរស់នៅរបស់អ្នកភូមិនៅស្រុកAn Huaបានកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។
ប៉ុន្តែនៅពេលដែលគាត់រៀបនឹងឡើងលើវេទិកាប្រកួត គាត់ស្រាប់តែរមួលក្រពើហើយឈឺចាប់យ៉ាងខ្លាំងដោយទ្រាំមិនបាន។
ដល់ម៉ោងហើយ លោក Shen Lijun បានដើរបុ័ងពៀចទៅលើវេទិកាលើកដុំដែក។ ទឹកមុខរបស់គាត់មានភាពក្រៀមក្រំ។ គាត់បានឆក់ចាប់និងលើកអាំងទ័រឡើងដោយព្យាយាមអស់ពីសមត្ថភាពដើម្បីលើកវាឡើង ប៉ុន្តែអាំងទ័រនៅមិនទាន់ដល់កម្ពស់ស្មារបស់គាត់ គាត់ក៏បានទំលាក់វាចោល រួចដើរចេញពីវេទិកាប្រកួតដោយដំណើរបុ័ងពៀចដដែល។
ពេលដែលអ្នកភូមិទាំងអស់ដែលកំពុងមើលការប្រកួតរបស់លោក Shen Lijun តាមទូរទស្សន៍បានឃើញទិដ្ឋភាពបែបនេះ ពួកគាត់ទាំងអស់គ្នាទប់ដង្ហើមរក្សាភាពស្ងៀមស្ងាត់។ ម្តាយរបស់លោក Shen Lijun ឈឺចិត្តយ៉ាងខ្លាំង និងស្រក់ទឹកភ្នែក។ អ្នកភូមិសម្លឹងមើលទូរទស្សន៍យ៉ាងអន្ទះសាដោយសង្ឃឹមថាអាចទទួលបានព័ត៌មានអ្វីផ្សេងទៀត។
ទូរស័ព្ទដៃរបស់ម្តាយលោក Shen Lijun បានបន្លឺឡើង ហើយឮសំឡេងខ្សាវៗរបស់កូនប្រុសនិយាយថា“ សុំទោស! សុំទោស…”
បន្ទាប់ពីត្រឡប់មកពីទីក្រុងរីយ៉ូវិញ លោក Shen Lijun បានហ្វឹកហាត់យ៉ាងខ្លាំង ក្នុងបំណងចង់ឈ្នះមេដាយមាសអូឡាំពិកវិញនៅការប្រកួតកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០។
កាលពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២១ នៅទីតាំងប្រកួតផ្តាច់ព្រ័ត្រលើកដុំដែកបុរសទម្ងន់៦៧ គីឡូក្រាម នៃព្រឹត្តិការណ៍អូឡាំពិកតូក្យូ លោក Shen Lijun បានដើរទៅលើវេទិកាប្រកួតលើកដុំដែកដោយឈរយ៉ាងរឹងមាំនៅចំពោះមុខអាំងទ័រ។ លោកស្រែកដោយសំលេងគ្រហឹម រួចអោនចុះហើយឆក់ចាប់អាំងទ័រដោយមិនស្ទាក់ស្ទើរ។ បន្ទាប់ពីសំឡេងគ្រហឹមម្តងទៀត អាំងទ័រត្រូវបានលើកយ៉ាងរឹងមាំនៅកម្ពស់ចង្កេះរបស់លោក បន្ទាប់ទៀត ដៃនិងកដៃរបស់លោកស្រាប់តែបង្វិល ហើយអាំងទ័រត្រូវបានលើកទៅដល់កម្ពស់ស្មារបស់គាត់។
ក្រុមគ្រូបង្វឹកប្រទេសចិននៅក្រៅវេទិកាប្រកួតមិនអាចទប់ទល់នឹងអារម្មណ៍រំភើបរបស់ខ្លួន ពួកគេក៏ស្រែកយ៉ាងខ្លាំងដើម្បីបន្ថែមកម្លាំងចិត្តដែរ។ការប្រកួតលើកដុំដែករបៀបបណ្តាក់តម្រូវឱ្យអត្តពលិកលើកអាំងទ័រឡើងលើសពីក្បាលរបស់ពួកគេហើយឈរឱ្យត្រង់រយៈពេលបីវិនាទីទើបមានប្រសិទ្ធភាព។ដុំដែក១៨៧គីឡូក្រាមនេះ គឺជាទម្ងន់ដែលមិនដែលមានអត្តពលិកអូឡាំពិកក្នុងកម្រិតនេះរួមទាំងខ្លួនគាត់ផ្ទាល់ធ្លាប់សាកល្បងនោះឡើយ!
ទីបំផុតលោក Shen Lijun បានបញ្ចប់ការឈរនៅក្នុងរយៈពេលដែលបានកំណត់ ហើយបានរក្សាលំនឹងនេះរយៈពេល ៦ វិនាទី។ ភ្លើងពណ៌សទាំងបីបីបានបំភ្លឺឡើង។ លទ្ធផលនេះមានប្រសិទ្ធភាព! កំណត់ត្រាអូឡាំពិកថ្មីបានត្រូវបង្កើតហើយ!
លោក Shen Lijunបានបោះអាំងទ័រយ៉ាងខ្លាំងទៅលើវេទិកា! លោកបានលើកម្រាមដៃចង្អុលស្តាំរបស់គាត់ពីលើក្បាលរបស់គាត់ ពិតជាអស្ចារ្យមែន។ គ្រូបង្វឹកក្រុមប្រទេសចិនបានរត់យ៉ាងលឿនឡើងលើវេទិកា ហើយឱបលោកShen Lijunយ៉ាងខ្លាំងដោយក្ដីរំភើបចិត្ត។
ក្រោយមកបទភ្លេងជាតិប្រទេសចិនបានលាន់រំពងនៅក្នុងកីឡដ្ឋានលើកដុំដែកនៃកីឡាអូឡាំពិកតូក្យូ។
នៅថ្ងៃបន្ទាប់ លោក Shen Lijunបានចូលទៅក្នុងគណនី Weibo របស់គាត់ ដែលគាត់មិនបានធ្វើបច្ចុប្បន្នភាពអស់រយៈពេលពីរឆ្នាំមកហើយ ដោយលោកបានសរសេរទុកប្រយោគមួយឃ្លានៅក្នុងនោះថា "នេះគឺជាស្មារតីជនជាតិចិនក្នុងកីឡាលើកដុំដែក។ ក្រោកឈរតទល់នឹងព្យុះភ្លៀង ជោគវាសនារបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃខ្ញុំ។