កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០០៣ លោក Yang Liwei អវកាសយានិកដែលបានឡើងលើអវកាសដំបូងបង្អស់របស់ចិនបានធ្វើដំណើរតាមយានអវកាស Shenzhou-5 វិលត្រឡប់មកដល់មាតុប្រទេសចិនវិញដោយជោគជ័យបន្ទាប់ពីបានហោះហើរអស់រយៈពេល២១ម៉ោងនិង២៣នាទី ។
លោក Yang Liwei កាលនោះបានស្លៀកពាក់ឈុតអវកាសពណ៌ប្រាក់ដែលមានទម្ងន់ប្រហែល១០គីឡូក្រាម ក្នុងរយៈពេល១៨ឆ្នាំមុន ឈុតអវកាសមួយនេះជាសក្សីនៃភាពជោគជ័យដ៏គាប់ប្រសើរនៃការហោះហើរផ្ទុកមនុស្សលើអវកាសលើកដំបូងរបស់ប្រទេសចិន ។ បច្ចុប្បន្ននេះ “ឈុតប្រយុទ្ធ”ដែលបានផ្ទុកនូវសុបិនហោះហើរលើអវកាសរបស់ប្រជាជាតិចិនមួយនេះត្រូវបានរក្សាទុកក្នុងសារមន្ទីរជាតិចិន ដើម្បីបង្ហាញពីសមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងវិស័យអាកាសចរណ៍និងអវកាសចំពោះប្រជាជនទូទាំងពិភពលោក ហើយក៏ជាការបង្ហាញជាក់ស្តែងពីស្មារតីស្វែងរកនិងសិក្សាឥតឈប់ឈររបស់ប្រជាជាតិចិនផងដែរ ។
កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០០៨ លោក Zhai Zhigang លោក Liu Boming និងលោក Jing Haipeng បានធ្វើដំណើរតាមយានអវកាស Shenzhou-7 សម្រេចបាននូវការដើរលើអវកាសលើកដំបូងរបស់អវកាសយានិករបស់ចិន ហើយ “ឈុតប្រយុទ្ធ”អវកាសសម្រាប់ស្លៀកពាក់នៅលើអវកាសដែលប្រទេសចិនបានសិក្សាស្រាវជ្រាវនិងផលិតដោយម្ចាស់ការបានគាំពារបុព្វហេតុអវកាសផ្ទុកមនុស្សរបស់ចិនឱ្យបោះជំហានដ៏ធំមួយឆ្ពោះទៅមុខ ។
នៅរយៈពេលមុននេះមិនជាយូរប៉ុន្មាន ពោលគឺថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១តាមម៉ោងក្រុងប៉េកាំង លោក Nie Haisheng លោក Liu Boming និងលោក Tang Hongbo ដែលជាអវកាសយានិកចិនបានធ្វើដំណើរតាមយានអវកាស Shenzhou-12 ដោយចូលក្នុងស្ថានីយអវកាសរបស់ប្រទេសចិនខ្លួនឯងជាលើកដំបូង ។ ប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំងទៀតក្នុងបុព្វហេតុស្វែងរកនិងសិក្សាចំពោះអវកាស ។
ប្រសិនបើនិយាយថា ឈុតអវកាសជា “ឈុតប្រយុទ្ធ”របស់អវកាសយានិក ដែលអាចការពារសន្តិសុខអាយុជីវិតរបស់អវកាសយានិកក្នុងដំណើរស្វែងរកអវកាសនិងទប់ទល់នឹងផលប៉ះពាល់ដល់រាងកាយមនុស្សដែលបណ្តាលមកពីកត្តាខាងក្រៅ នោះ ស្មារតីស្វែងរកនិងសិក្សាឥតឈប់ឈរក៏ជា“ឈុតប្រយុទ្ធ”សម្រាប់ការពារបក្សកុម្មុយនិស្តចិនឱ្យបោះជំហានទៅមុខជាបន្តបន្ទាប់ផងដែរ ។
នៅពេលដែលបក្សកុម្មុយនិស្តចិនទើបបានបង្កើតឡើង ធ្លាប់ធ្វើត្រាប់តាមទ្រឹស្តីទូទៅនៃការបដិវត្តន៍ម៉ាក្សនិយមនិងលេនីននិយមនិងបទពិសោធន៍នៃការបដិវត្តរុស្ស៊ី បណ្តាលឱ្យការបដិវត្តន៍របស់ចិនទទួលរងការថយចុះយ៉ាងខ្លាំងនៅឆ្នាំ១៩២៧ ។ ចាប់ពីពេលនោះមក ការគិតពិចារណាពីភាពជាក់ស្តែង និងការស្វែងរកដោយម្ចាស់ការបានក្លាយជាមាគ៌ាគំនិតនៃបក្សកុម្មុយនិស្តចិន ដែលបានណែនាំការបដិវត្តន៍របស់ប្រទេសចិនទទួលបានជ័យជំនះនៅទីបំផុត ។
ដំណើរស្ថាបនានិងកែទម្រង់នៃប្រទេសចិន គឺជាដំណើរដែលបក្សកុម្មុយនិស្តចិនស្វែងរកនិងបោះជំហានទៅមុខឥតឈប់ឈរក្នុងភាពលំបាក ។ ក្នុងដំណើរស្វែងរកនិងសិក្សាឥតឈប់ឈរ បក្សកុម្មុយនិស្តចិនបានបូកសរុបផ្លូវអភិវឌ្ឍន៍សង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិនដែលសមស្របនឹងសភាពការណ៍ជាតិជាក់ស្តែងរបស់ចិន ហើយកំណែទម្រង់និងការបើកទូលាយរបស់ចិនក៏ជាដំណើរដែលធ្វើការត្រួសត្រាយឥតឈប់ឈរនិងទទួលបានភាពជោគជ័យឥតឈប់ឈរក្នុងការស្វែងរកម្តងហើយម្តងទៀតផងដែរ ។ ស្មារតីស្វែងរកដែលប្រកបដោយភាពឯករាជ្យម្ចាស់ការបែបនេះ ជាមូលដ្ឋានគ្រឹះនៃទ្រឹស្តីនិងការអនុវត្តជាក់ស្តែងទាំងអស់របស់បក្សកុម្មុយនិស្តចិន ហើយក៏ជាអត្ថន័យពិតសម្រាប់ឱ្យបក្សកុម្មុយនិស្តចិនភ្ញាក់រលឹកពីការថយចុះនិងបរាជ័យឥតឈប់ឈរនិងបោះជំហានពីជ័យជំនះមួយទៅជ័យជំនះថ្មីឥតឈប់ឈរ ។
ការស្វែងរកអវកាសគ្មានទីបញ្ចប់នោះទេ “ឈុតប្រយុទ្ធ”អវកាសនឹងការពារការអភិវឌ្ឍនិងភាពរីកចម្រើននៃកិច្ចការអវកាសរបស់ចិន ហើយស្មារតីស្វែងរកនិងសិក្សាក៏នឹងក្លាយជា “ឈុតប្រយុទ្ធ”សម្រាប់ការពារបក្សកុម្មុយនិស្តចិនឱ្យបោះជំហានទៅកាន់ទិសដៅកាន់តែខ្ពស់និងកាន់តែឆ្ងាយផងដែរ ៕