មហាសន្និបាតសភាដំណាងប្រជាជនទូទាំងប្រទេសចិនប្រចាំឆ្នាំបានសម្ពោធបើកលោក លីខឺឈាងនាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសនិ្នបាត ។ ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ទូទៅពិភពលោក ត្រូវបានប្រទេសចិនកំណត់ថា នឹងលើសពី៦ភាគរយ ពេលមុននេះ ការប៉ានប្រមាណភាគច្រើនរបស់មជ្ឈដ្ឋានខាងក្រៅចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនគឺខ្ពស់ជាង៦ភាគរយ ការប៉ាន់ប្រមាណរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំនេះប្រទេសចិននឹងកើនឡើង៨.១ភាគរយ ។ ប៉ុន្តែ ប្រទេសចិនកំណត់ល្បឿនកំណើនសេដ្ឋកិច្ចលើសពី៦ភាគរយ គឺមានន័យថា ៦ភាគរយជាតួលេខទាបបំផុត ថែមទាំងដាក់ពាក្យ “លើសពី” ដែលខុសគ្នានឹង “ប្រហែល”ដែលបានចែងនៅឆ្នាំមុនៗ ដូច្នេះ ល្បឿនកំណើនសេដ្ឋកិច្ចចិនជាក់ស្តែងក្នុងឆ្នាំនេះ ប្រហែលនឹងខ្ពស់ជាងតួលេខនេះ ។
នៅឆ្នាំ២០២០ ប្រទេសចិនមិនបានប្រកាសគោលដៅអំពីល្បឿនកំណើនសេដ្ឋកិច្ចចិនទេ ប៉ុន្តែក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានលេចចេញតួលេខល្បឿនកំណើនសេដ្ឋកិច្ចចិនម្តងទៀត នេះមិនមែនជារឿងដែលនឹកមិនដល់នោះទេ ហើយនេះគឺជាព្រឹត្តិការណ៍ដែលបានគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។ ហេតុអ្វីបានជានៅឆ្នាំ២០២០ ប្រទេសចិនមិនបានកំណត់ល្បឿនកំណើនសេដ្ឋកិច្ចដែលខុសប្លែកពីធម្មតា នេះគឺជាចំណាត់ការពិសេសក្នុងគ្រាពិសេស ។ នៅកាលនោះ ជំងឺកូវីដ១៩កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក សេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់ សេដ្ឋកិច្ចចិនដែលបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចសកល ក៏រងការប្រឈមមិនតិចទេ ។ ការកំណត់គោលដៅមួយដែលមិនសមស្របនឹងសភាពការណ៍ជាក់ស្តែង មិនប្រសើរជាងមិនកំណត់តួលេខល្បឿនកំណើនសេដ្ឋកិច្ច នេះទើបជាទង្វើដែលមានទំនួលខុសត្រូវ ។
ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្ថានភាពបានខុសគ្នាយ៉ាងស្រឡះហើយ ។ សេដ្ឋកិច្ចចិនបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗកើនឡើងជាទូទៅ ដោយឡែក ផលិតផលក្នុងស្រុកសរុបរបស់ចិនបានវាយទម្លុះ១រយទ្រីលានយាន់ប្រាក់ចិន បានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោកដែលបានសម្រេចបាននូវកំណើនវិជ្ជមាន ។ ដូច្នេះ ប្រទេសចិនមានលក្ខខណ្ឌដ៏គ្រប់គ្រាន់សម្រាប់កំណត់ល្បឿនកំណើនសេដ្ឋកិច្ចតាមសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ។
ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចចិនមានកម្រិតខ្ពស់ណាស់ ទន្ទឹមនឹងនេះ ក៏មានកម្លាំងចលករផ្ទៃក្នុងយ៉ាងខ្លាំងផងដែរ ថែមទាំងមានឧត្តមភាពខាងប្រព័ន្ធរបប ដូច្នេះ ប្រទេសចិនមានសមត្ថភាពចម្រុះសម្រាប់ទប់ទល់នឹងការប្រឈមគ្រប់បែបយ៉ាង ក្នុងន័យរក្សាបាននូវការវិវឌ្ឍរីកចម្រើននិងស្ថិរភាព ។ ព្រមពេលជាមួយគ្នានេះ បច្ចុប្បន្នសង្គមចិនមានជំនឿចិត្តខ្លាំងបំផុតបន្ទាប់ពីបានកើតមានសង្គ្រាមពាណិជ្ជកម្ម ខណៈនេះពិភពលោកក៏មានសុទិដ្ឋិនិយមថែមទៀតចំពោះប្រទេសចិនផងដែរ ។ រហូតដល់មជ្ឈដ្ឋានខាងក្រៅបាននាំគ្នាពិភាក្សាថា ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រហែលនឹងលើសពីអាមេរិកមុនពេលកំណត់នៅឆ្នាំ២០២៨ ។
ប្រើគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងរបស់ចិន តួលេខ៦ភាគរយនេះមិនសូវខ្ពស់ទេ ប្រការដែលសំខាន់ជាងនេះទៅទៀតគឺពាក្យ “លើសពី” ពាក្យនេះបង្ហាញពីចំណុចយកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ហើយក៏ជាគោលដៅនៃការខិតខំប្រឹងប្រែងរបស់ប្រជាជនចិនផងដែរ ។ សេដ្ឋកិច្ចចិនដែលមានទំហំ១រយទ្រីលានយាន់ប្រាក់ចិន នឹងបន្តរក្សាល្បឿនកំណើនលឿនបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោកទាំងមូល ហើយល្បឿនកំណើនសេដ្ឋកិច្ចចិន ជាតួលេខលេចធ្លោបំផុតសម្រាប់ឱ្យពិភពលោកយល់ដឹងពីសង្គមនិយមចិន ។
មិនបាច់សង្ស័យឡើយ គ្មានលទ្ធផលណាមួយអាចទទួលបានដោយងាយនោះទេ ឆ្នាំនេះ ប្រជាជនចិននឹងបន្តបត់ដៃអាវឡើងនិងខិតខំតស៊ូជាបន្តទៀត !