ព្រឹកថ្ងៃទី ២៤ ខែកក្កដា ក្រសួងការបរទេសចិនបានជូនដំណឹងដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនថា ភាគីចិនសម្រេចចិត្តដកហូតលិខិតអនុញ្ញាតឱ្យបង្កើតនិងដំណើរការនៃស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំក្រុង Chengdu ថែមទាំងលើកឡើងសំណូមពរជាក់ស្តែងចំពោះសកម្មភាពការងារនិងសេវាកម្មទាំងអស់នៃស្ថានអគ្គកុងស៊ុលនេះ។
កាលពីថ្ងៃទី ២១ ខែកក្កដា សហរដ្ឋអាមេរិកបានបង្កហេតុដោយឯកតោភាគី ដែលស្រាប់តែតម្រូវឱ្យចិនបិទស្ថានអគ្គកុងស៊ុលនៅក្រុង Houston ប្រការនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាការកំណត់ពាក់ព័ន្ធនៃសន្ធិសញ្ញាកិច្ចការកុងស៊ុលរវាងចិននិងអាមេរិក បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក។ វិធានការដូចខាងលើរបស់ភាគីចិន គឺជាការឆ្លើយតបដ៏យុត្តិធម៌និងចាំបាច់ចំពោះទង្វើមិនសមហេតុផលរបស់សហរដ្ឋអាមរិក គឺសមស្របនឹងច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ សមស្របនឹងទម្លាប់ការទូត។
ចិននិងអាមេរិកបានឈានដល់សភាពការណ៍ដូចបច្ចុប្បន្នភាពបែបនេះ គឺជារឿងដែលប្រទេសចិនមិនចង់មើលឃើញទាល់តែសោះ ទំនួលខុសត្រូវទាំងស្រុងគឺស្ថិតលើសហរដ្ឋអាមេរិក។ ប្រទេសចិនសូមដាស់តឿនភាគីអាមេរិកម្តងទៀត ឱ្យលុបចោលភ្លាមនូវសេចក្តីសម្រេចចិត្តខុសពាក់ព័ន្ធ ដើម្បីបង្កើតលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ស្តារឱ្យទំនាក់ទំនងប្រទេសទាំងពីរវិលមកកាន់ភាពប្រក្រតីវិញ៕