ប៉ុន្មានថ្ងៃកន្លងទៅនេះ ដំណឹងដែលថារដ្ឋាភិបាលអាមេរិកគិតពិចារណាពីការហាមមិនឱ្យសមាជិកបក្សកុម្មុយនិស្តចិនព្រមនិងសាច់ញាតិរបស់ពួកគេទៅធ្វើដំណើរនៅសហរដ្ឋអាមេរិក បានបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មតិក្នុងប្រទេសអាមេរិកនិងមតិអន្តរជាតិ ។ នៅសតវត្សរ៍ទី២១នេះ អ្នកនយោបាយអាមេរិកមួយចំនួនតូចនៅតែប៉ុនប៉ងធ្វើតាមបែបលោក McCarthy នោះ ដែលប្រព្រឹត្តិទៅបញ្រ្ចាសនឹងនិន្នាការពិភពលោក ។ កាលណា McCarthyនិយមងើបឡើងវិញ នោះ សហរដ្ឋអាមេរិកនឹងកើតមានសោកនាដកម្មនយោបាយម្តងទៀត ដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃទៀតនិងប្រទេសខ្លួនឯងផងដែរ ។
ពិភពលោកបច្ចុប្បន្ននេះមិនដូចគ្នានឹងរយៈពេលបដិបក្ខគ្នារវាងសហរដ្ឋអាមេរិកនិងអតីតសហភាពសូវៀតអំឡុងពេលសង្គ្រាមត្រជាក់នោះទេ កម្រិតពឹងផ្អែកលើគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេសខ្ពស់ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ ។ ពិតមែនតែការធ្វើសកលភាវូបនីយកម្មជួបនឹងឧបសគ្គជាបណ្តោះអាសន្នក៏ដោយ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគឺជាចរន្តយុគសម័យដែលមិនអាចបកក្រោយវិញបាន។ បច្ចុប្បន្ននេះ មនុស្សមួយចំនួនតូចរបស់សហរដ្ឋអាមេរិកគិតចង់យក “ដបចាស់”នៃMcCarthyនិយមទៅដាក់ “ស្រាថ្មី”ដែលមួលបង្កាច់ប្រទេសចិននិងបំផុសឱ្យសហរដ្ឋអាមេរិកបដិបក្ខគ្នាជាមួយប្រទេសចិន ប៉ុនប៉ងបង្កើតចរន្តបញ្រ្ចាសដែលល្មើសនឹងនិន្នាការអភិវឌ្ឍន៍និងសន្តិភាពពិភពលោក ។
អ្នកសង្កេតការណ៍ប៉ែកខាងលិចជាច្រើនរូបបានបង្ហាញថា យុទ្ធសាស្ត្រទប់ស្កាត់ប្រទេសចិនរបស់អ្នកនយោបាយអាមេរិកត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ ដែលមិនគ្រាន់តែបង្ហាញពីអនុត្តរភាពនិយមនិងគំនិតសង្គ្រាមត្រជាក់ដែលដក់ក្នុងផ្នត់គំនិតរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីការព្រួយបារម្ភចំពោះយុទ្ធសាស្ត្ររបស់ខ្លួននិងការគ្មានជំនឿចិត្តលើខ្លួនឯងដែលមានភាពកាន់តែខ្លាំងឡើងៗរបស់ពួកគេផងដែរ ។ បរិយាកាសបែបនេះនឹងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ទីមួយ នឹងធ្វើឱ្យបរិយាកាសសេដ្ឋកិច្ចនិងនយោបាយរបស់សហរដ្ឋអាមេរិកកាន់តែអាប់អួរទៅៗ ទីពីរ នឹងបំផ្លាញដល់មូលដ្ឋានយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាមេរិក ទីបី គ្មានអំណោយផលដល់ការអភិវឌ្ឍនិងសន្តិភាពពិភពលោក ។
ប្រជាជនចិនស្រឡាញ់សន្តិភាព បានក្តាប់ជាប់ទំនាក់ទំនងរវាងចិននិងអាមេរិកដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយជាប់រហូតមក រំពឹងថា អាចដោះស្រាយការខ្វែងគំនិតគ្នាដោយសមរម្យតាមបែបបទប្រកបដោយស្ថាបនា ។ ប៉ុន្តែប្រជាជនចិនមិនខ្លាចកលល្បិចរបស់អ្នកនយោបាយអាមេរិកនោះទេទោះតាមទម្រង់ណាក៏ដោយ ប្រសិនបើអ្នកនយោបាយក្រុងវ៉ាស៊ីនតោនបន្តបង្ករឿងហេតុ នោះប្រជាជនចិនមុខជានឹងការពារយ៉ាងដាច់ខាតនូវសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍរបស់ខ្លួនជាមិនខាន ។