លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថែ្លងកាលពីថ្ងៃទី ៥ ខែមិថុនា ថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគំនិតនៃសហគមន៍រួមវាសនានៃមនុស្សជាតិ រក្សាទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីនិងរួមគ្នាខិតខំប្រឹងប្រែងក្នុងការជំរុញការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងដើម្បីពួតដៃគ្នាយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ឱ្យបានឆាប់។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៥ ខែមិថុនា លោក Geng Shuang បានថែ្លងទៀតថា ប្រទេសចិនជឿជាក់ថា គ្រប់ភាគីទាំងអស់ដែលចូលរួមកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោកតាមប្រព័ន្ធវីដេអូបានសម្តែងគោលបំណងរួមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងបានបង្ហាញពីជំនឿចិត្តនិងការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង។ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះភាពជោគជ័យនៃកិច្ចប្រជុំនេះ។
លោក Geng Shuang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តពង្រឹងទំនាក់ទំនងជាមួយគ្រប់ភាគីនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង៕