ថ្ងៃទី ២២ ខែឧសភា មហាសនិ្នបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ក្រោមវត្តមានរបស់អ្នកដឹកនាំបក្សនិងរដ្ឋ មានដូចជាលោក ស៊ី ជីនភីង អគ្គលេខាធិការបក្សជាដើម ។ តំណាងប្រជាជនទូទាំងប្រទេសចិនចំនួន ២៨៩៧រូបបានចូលរួមកិច្ចប្រជុំ កូរ៉ុមដែលចូលរួមគឺសមស្របនឹងច្បាប់កំណត់។
ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដូច្នេះនេះគឺជាលើកទីមួយហើយ ដែលស្ថាប័នអំណាចកំពូលនៃប្រទេសចិនបានពន្យារពេលមកបើកធ្វើមហាសន្និបាតប្រចាំឆ្នាំនៅខែឧសភា ក្នុងរយៈពេល២២ឆ្នាំកន្លងមក ។ ក្នុងពិធីបើកនៅថ្ងៃដដែល ជាកិច្ចចាប់ផ្តើម តំណាងគ្រប់រូបបាន ឈរស្មិងស្មាធិ៍ ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ។
លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិនបានឡើងធ្វើរបាយការណ៍ការងាររដ្ឋាភិបាលក្នុងរយៈពេលមួយឆ្នាំកន្លងទៅជូនមហាសន្និបាត និងលើកទិសដៅការងារក្នុងឆ្នាំថ្មីនេះ ដើម្បីដាក់ជូនអង្គមហាសន្និបាតពិនិត្យពិភាក្សា ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក តើប្រទេសចិននឹងទប់ទល់នឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ១៩យ៉ាងដូចម្តេច ដើម្បីសម្រេចគោលដៅដែលបានគ្រោងទុក ក៏ដូចជាជំរុញកំណែទម្រង់និងបើកទូលាយ ប្រការទាំងនេះជាចំណុចចាប់អារម្មណ៍របស់មជ្ឈដ្ឋានខាងក្រៅ ។
ក្រៅពីនេះ មហាសន្និបាត មានរបៀបវារៈពីរដែលពាក់ព័ន្ធនឹងការងារតាក់តែងច្បាប់ គឺពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ក្រមរដ្ឋប្បវេណីដំបូងរបស់ប្រទេសចិន ព្រមនិងសេចកី្តព្រាងច្បាប់ស្តីពីការបង្កើតប្រព័ន្ធច្បាប់និងយន្តការអនុវត្តឱ្យបានពេញលេញសម្រាប់គាំពារសន្តិសុខនៃតំបន់រដ្ឋបាលពិសេសហុងកុង ៕