មហាសន្និបាតសុខភាពពិភពលោកលើកទី ៧៣ បានបើកធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីថ្ងៃទី ១៨ ខែឧសភាតាមប្រព័ន្ធវីដេអូ។ ថ្លែងក្នុងសុន្ទរកថា បណ្តាមេដឹកនាំនៃប្រទេសនានានិងប្រធានអង្គការអន្តរជាតិដែលបានចូលរួមកិច្ចប្រជុំ សុទ្ធតែបានអំពាវនាវថា ត្រូវបង្កើនតួនាទីដឹកនាំនៃអង្គការសុខភាពពិភពលោក ហើយប្រទេសទាំងអស់គួររួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ជំងឺកូវីដ-19 បានបញ្ជាក់នូវភាពទន់ខ្សោយនៃសង្គមមនុស្សជាតិ ដូចនេះមនុស្សជាតិចាំបាច់ត្រូវភ្ញាក់រឮកឡើង រួមសាមគ្គីគ្នាដើម្បីឆ្លើយតបនឹងវិបត្តិមួយនេះ។
លោក Bounkong Syhavong ប្រធានមហាសន្និបាតសុខភាពពិភពលោកលើកទី ៧២ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវបានថ្លែងថា សុន្ទរកថារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានផ្តល់នូវជំនឿចិត្តដល់មនុស្សទាំងអស់គ្នា ។ លោកកោតសរសើរទស្សនៈរបស់លោក ស៊ី ជីនភីង អំពីការកសាងសហគមន៍រួមជោគវាសនាផ្នែកសុខភាពមនុស្សជាតិ។
ចំណែកឯលោក Matamela Cyril Ramaphosa ប្រធានផ្លាស់វេនសម្ព័ន្ធអាហ្វ្រិក និងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានបញ្ជាក់សាជាថ្មីថា អាហ្វ្រិកគាំទ្រអង្គការសុខភាពពិភពលោកដោយពេញទំហឹង ប្រឆាំងការបង្កើតអង្គការសុខាភិបាលអន្តរជាតិថ្មី៕