魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់ថែ្លងថា រាល់ការគំរាមកំហែងណាមួយពីអាមេរិកចំពោះនាវាដឹកប្រេងអ៊ីរ៉ង់នឹងប្រឈមមុខនឹងការឆ្លើយតបភ្លាមៗនិងម៉ឺងម៉ាត់ពីអ៊ីរ៉ង់

2020-05-18 15:43:51 cri

    យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន ​Fars ​អ៊ីរ៉ង់​បាន​ផ្សាយដំណឹង​កាលពី​ថ្ងៃទី ​១៧ ​ខែ​ឧសភា ​ឱ្យ​ដឹង​ថា ​ឆ្លើយតប​នឹង​ករណី​ដែល​អាមេរិក​បាន​ចាត់​បញ្ជូន​កងទ័ព​ជើងទឹក​ក្នុង​បំណង​រំខាន​ការដឹក​បញ្ជូន​ប្រេង​ឥន្ធនៈ​របស់​អ៊ីរ៉ង់​ទៅ​កាន់​វេណេ​ស៊ុយ​អេឡា​កាលពី​ពេល​ថ្មីៗ​នេះ ​លោក ​Mohammad ​Javad ​Zarif ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ផ្ញើ​លិខិត​ជូន​លោក ​António ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​លិខិត​នោះ​បាន​បញ្ជាក់ថា ​ទង្វើ​បង្កហេតុ​ខុសច្បាប់​និង​គ្រោះថ្នាក់​របស់​សហរដ្ឋអាមេរិក​បែបនេះ ​គឺ​ជា​"ទង្វើ​ចោរ​ប្លន់​"​តែម្តង​និងជា​ការគំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​ពិភពលោក។​លោក​បាន​ថែ្លងថា ​សហរដ្ឋអាមេរិក​គួរតែ​បញ្ឈប់​អនុត្តរភាពនិយម ​គោរព​តាម​ច្បាប់​អន្តរជាតិ ​ជាពិសេស ​គឺ​សេរីភាព​នាវាចរណ៍​ក្នុង​ដែនទឹក​អន្តរជាតិ។​

    បន្ទាប់មក ​លោក ​Abbas ​Araghchi ​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ស្វីស​ប្រចាំនៅ​ទីក្រុង​តេហេរ៉ង់​ដែលជា​តំណាង​ផលប្រយោជន៍​អាមេរិក​នៅ​អ៊ីរ៉ង់​។​លោក ​Abbas ​Araghchi ​បាន​លើកឡើង​ថា ​រាល់​ការគំរាមកំហែង​ណាមួយ​ពី​អាមេរិក​ចំពោះ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​នឹង​ប្រឈមមុខ​នឹង​ការឆ្លើយតប​ភ្លាមៗ​និង​ម៉ឺងម៉ាត់​ពី​អ៊ីរ៉ង់៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស