魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក វ៉ាងយី ចូលគាល់សួរសុខទុក្ខព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជានៅក្រុងប៉េកាំង

2020-05-09 15:02:48 cri

图片默认标题_fororder_王毅

    កាលពី​ថៃ្ងទី​ ៨ ​ខែ​ឧសភា ​ដោយសារ​ទទួល​ការ​ផ្តែ​ផ្តាំ​ពី​លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋចិន ​លោក ​វ៉ាងយី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​ចូលគាល់​សួរ​សុខ​ទុក្ខ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា​ដែល​កំពុង​ពិនិត្យ​ព្រះរាងកាយ​នៅ​ក្រុង​ប៉េកាំង​។​

    លោក ​វ៉ាងយី ​បានថែ្លងថា ​ប្រទេសចិន​និង​ប្រទេសកម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​កម្ពស់​ការ​កសាង​សហគមន៍​រួម​វាសនា​។​បន្ទាប់ពី​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​ ១៩ ​រដ្ឋាភិបាលចិន​បាន​ចាត់ទុក​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​ជា​ចម្បង​ ហើយ​គ្រប់គ្រង​បាន​នូវ​ការរីករាលដាល​នៃ​ជំងឺឆ្លង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព។​ប្រទេស​ចិន​រីករាយ​ដោយ​បាន​ឃើញ​ថា ​ប្រទេសកម្ពុជា​ទទួលបាន​ការវិវឌ្ឍ​យ៉ាងច្បាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ​នេះ ​ហើយ​ជឿជាក់ថា ​ប្រជាជនកម្ពុជា​ប្រាកដជា​នឹង​យក​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ជំងឺនេះ​មិនខាន​។​ក្នុង​គ្រា​ដ៏​សំខាន់​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​របស់​ប្រទេសចិន ​កម្ពុជា​គាំទ្រ​ប្រទេសចិន​យ៉ាង​មុតមាំ ​ហើយ​ប្រទេស​ចិន​ចង​ចាំ​រឿងនេះ​ជានិច្ច។​បន្ទាប់ពី​ការ​ផ្ទុះ​នូវ​ជំងឺ​ឆ្លងនេះ​នៅ​ប្រទេស​កម្ពុជា ​ប្រទេសចិន​គាំទ្រ​យ៉ាង​សកម្ម​ដល់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។​នេះ​ឆ្លុះបញ្ចាំង​យ៉ាង​ពេញលេញ​ពី​ប្រពៃណី​មិត្តភាព​ដែល​គាំទ្រ​និង​ជួយ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ទាំងពីរ។​

    ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​សីហមុនី ​បាន​មាន​ព្រះរាជបន្ទូល​ថា ​ទ្រង់​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន​នឹង​កាន់តែ​រឹងមាំ ​ហើយ​មិត្តភាព​ប្រជាជន​នឹង​កាន់តែ​ស៊ីជម្រៅ​ថែមទៀត។​ទ្រង់​សូម​អបអរសាទរ​ប្រទេសចិន​ទទួល​បាន​លទ្ធផល​សំខាន់ៗ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋចិន ​ហើយ​សូម​សម្តែង​អំណរគុណ​ដោយ​ស្មោះត្រង់​ចំពោះ​ប្រទេសចិន​ដែល​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺនេះ។​កម្ពុជា​មានឆន្ទៈ​ក្នុងការ​ពង្រឹង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​បង្ការ​និង​គ្រប់គ្រង​ជំងឺនេះ​ជាមួយ​ប្រទេស​ចិន។​

    នា​ថៃ្ងដដែល​នោះ ​លោក ​Wei ​Fenghe ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​បាន​សន្ទនាគ្នា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច​ទៀ​បាញ់​ ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កម្ពុជា។​ភាគីទាំងពីរ​បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការ​បន្ត​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង​ជាន់​ខ្ពស់​និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​កងទ័ព​ទាំងពីរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស