郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន៖ខេត្តហ៊ូប៉ីមានការលះបង់យ៉ាងធំធេង នឹងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខេត្តហ៊ូប៉ីលើវិស័យហិរញ្ញវត្ថុនិងពន្ធដារជាដើម

2020-04-30 14:36:27 cri

  កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​ខែ​មេសា​បាន​សិក្សា​និង​កំណត់​គោល​នយោបាយ​មួយ​ចំនួន​សម្រាប់​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ខេត្ត​ហ៊ូប៉ី។

      កិច្ច​ប្រជុំ​បាន​ចង្អុល​បង្ហាញ​ថា ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​លើក​នេះ ប្រជាជន​ខេត្ត​ហ៊ូប៉ី ជា​ពិសេសគឺ​ក្រុង​វូហាន បាន​រួម​ចំណែក​យ៉ាង​ច្រើន​និង​មាន​ការ​លះ​បង់​យ៉ាង​ធំធេង ដូច​នេះ​បាន​ប្រឈម​នឹង​បញ្ហា​លំបាក​បង្គួរ​ខាង​វិស័យ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​ធានា​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ។ ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​រួម​សហការ​ជា​មួយ​ខេត្ត​ហ៊ូប៉ី ដើម្បី​អនុវត្ត​យ៉ាង​ផ្ចិតផ្ចង់​នូវ​គោល​នយោបាយ​ពាក់​ព័ន្ធ​ឱ្យ​បាន​ឆាប់​រហ័ស។

      កិច្ច​ប្រជុំ​លើក​នេះ​បាន​គូស​បញ្ជាក់​ទៀត​ថា ក្រោម​លក្ខខណ្ឌ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ជា​ប្រក្រតី ខេត្ត​ហ៊ូប៉ី​ត្រូវ​ពន្លឿន​ការ​ស្តារ​របៀប​រៀប​រយ​ខាង​ផលិតកម្ម​និង​ជីវភាព​រស់​នៅ​ឡើង​វិញ ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​សហគ្រាស ជា​ពិសេស​គឺ​សហគ្រាស​ធុន​តូច​និង​មធ្យម។ ត្រូវ​ចាប់​ដំណើរការ​គម្រោង​សំខាន់ៗ​មួយ​ចំនួន ពន្លឿន​កិច្ច​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រពៃណី​និង​ហេដ្ឋារចនា​សម្ព័ន្ធ​បែប​ថ្មី ដូច​ជា​ប្រព័ន្ធ​៥Gនិង​ភាពឆ្លាតវៃ​សិប្បនិមិត្តជា​ដើម៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស