ពេលកន្លងទៅថ្មីៗនេះ កាសែតThe Washington Post អាមេរិកបានចេញផ្សាយវិចារណកថាមួយ ដោយបានស្តីបន្ទោសនិងចម្អកឱ្យលោកMike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបច្ចុប្បន្ន ដោយបានសរសេរថា តាំងពីសង្គ្រាមលោកលើកទី ២ មក គ្មាននរណាម្នាក់ដែលគ្មានសមត្ថភាពជាងលោកPompeo ទេ ពាក្យសម្តីនិងទង្វើរបស់លោកក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩នឹងធ្វើឱ្យលោកក្លាយជារដ្ឋមន្ត្រីការបរទេសអន់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។
បន្ទាប់ពីផ្ទុះនូវជំងឺកូវីដ១៩ លោកMike Pompeo បានវាយប្រហារនិងលាបពណ៌ប្រទេសចិនកាន់តែខ្លាំងឡើងៗ ដោយបានហៅមេរោគកូវីដ១៩ជាវីរុសវូហានដោយចំហជាច្រើនលើកច្រើនសា មួលបង្កាច់ថាបក្សកាន់អំណាចនិងរបបនយោបាយនៃប្រទេសចិនជាការគំរាមកំហែងនៃយុគសម័យ ហើយប៉ុនប៉ងបញ្ចូលពាក្យវីរុសវូហានទៅក្នុងសេចក្តីថ្លែងការណ៍នៃសន្និសីទរដ្ឋមន្ត្រីការបរទេសប្រទេសG7ទៀត ។ លោកMike Pompeo ប្រើមេរោគកូវីដ១៩ធ្វើលេសទៅវាយប្រហារនិងលាបពណ៌ប្រទេសចិនដែលពោរពេញទៅដោយទស្សនៈសង្គ្រាមត្រជាក់និងភាពរើសអើង វាមិនគ្រាន់តែធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវការប្រុងប្រយ័ត្ននិងការវាយប្រហារពីឥស្សរជនក្នុងប្រទេសអាមេរិកផងដែរ ។
បច្ចុប្បន្ន ករណីឆ្លងជំងឺកូវីដ១៩នៅអាមេរិកលើសពី ៣៣ ម៉ឺននាក់ ។ ប៉ុន្តែ លោកMike Pompeo មិនបានបញ្ឈប់សកម្មភាពទេ នៅតែបន្តប្រឌិតពាក្យកុហកទៅមួលបង្កាច់ប្រទេសចិនដើម្បីយកចំណេញផលប្រយោជន៍ផ្នែកនយោបាយ លោកមើលស្រាលលើអាយុជីវិតនៃប្រជាជនអាមេរិក បានក្លាយជាឧបសគ្គរារាំងកិច្ចសហប្រតិបត្តិការរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ មនុស្សទាំងឡាយបានមើលឃើញយ៉ាងច្បាស់ថា កិច្ចការដែលលោកតែងធ្វើគឺនាំមកតែភាពអាម៉ាស់និងក្តីអភ័ព្វដល់ប្រទេសអាមេរិកតែប៉ុណ្ណោះ ៕