郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ ពន្លឿនកិច្ចសហប្រតិបតិ្តការលើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ពន្លឿនកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងករណីជំងឺឆ្លងជាសកល

2020-03-31 14:13:24 cri

ក្នុង​ខណៈ​ពេល​ជា​គន្លឹះ​ដែល​ពិភពលោក​ទាំង​មូល​បាន​និង​កំពុង​​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ជំងឺ​ឆ្លង​ កិច្ច​ប្រជុំ​កំពូល​វិសាមញ្ញ​នៃ​អ្នក​ដឹក​នាំ​​ប្រទេស G20 ដែល​បើក​ធ្វើ​នៅ​ថ្ងៃទី ២៦ ខែ​មីនា​ដើម្បី​ស្វែង​រក​វិធានការ​ទប់​ទល់​នឹង​ការ​រីក​រាល​ដាល​នៃ​​ជំងឺ​កូវីដ-19 បាន​បញ្ចេញ​សញ្ញា​វិជ្ជមាន​សម្រាប់​បណ្តា​ប្រទេស​នានា​​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ដោយ​សាមគ្គីភាព​ដើម្បី​ទប់​ទល់​នឹង​ករណី​ជំងឺ​ឆ្លង ។

នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ប្រទេស​ចិន​និង​បណ្តា​ប្រទេស​នានា​លើ​សកលលោក​បាន​ពន្លឿន​កិច្ច​សហប្រតិបតិ្តការ​លើ​​ការ​សិក្សា​ស្រាវ​ជ្រាវ​រក​វ៉ាក់សាំង​និង​វិធី​ព្យាបាល​​ជំងឺ​កូវីដ-19​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ​ដល់​បណ្តា​ប្រទេស​នានា​យ៉ាង​សកម្ម កិច្ច​សហប្រតិបតិ្តការ​ជាសកលដើម្បី​​​ទប់​ទល់​នឹង​ករណី​ជំងឺ​ឆ្លង​បាន​និង​កំពុង​ពន្លឿនជំហាន​​​ទៅ​​មុខ ។

ប្រឈម​នឹង​ស្ថានការណ៍​រីក​រាល​ដាល​នៃ​​ជំងឺ​ឆ្លង​នៅលើ​សកលលោក​ដែល​មាន​ភាព​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ការ​សិក្សា​ស្រាវជ្រាវរក​​វ៉ាក់​សាំង​ជា​ចំណុច​គន្លឹះ​ក្នុ​ងការ​ទប់​ទល់​នឹង​ករណី​ជំងឺ​ឆ្លង ។ នៅ​យប់​ថ្ងៃទី ២៦ ខែ​មីនា ក្នុង​កិច្ច​ប្រជុំ​កំពូល​វិសាមញ្ញ​នៃ​អ្នក​ដឹក​នាំ​​ប្រទេស G20 ដើម្បី​ស្វែង​រក​វិធានការ​​ទប់​ទល់​នឹង​ករណី​ជំងឺ​ឆ្លង លោក ស៊ី ជីនភីង ប្រធាន​រដ្ឋចិន​បាន​លើកឡើង​ពី​​គំនិត​ផ្តួច​ផ្តើម​ថា គួរ​តែ​ប្រមូល​ផ្តុំ​កម្លាំង​នៃ​បណ្តា​ប្រទេស នា​នា ធ្វើ​កិច្ច​សហប្រតិបតិ្តការ​រួម​ដើម្បី​ពន្លឿន​ការងារ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ដូច​ជា​ថ្នាំ​ព្យា​បាល វ៉ាក់សាំង​និង​ការ​ធ្វើ​តេស្ត​រក​វីរុស​ជា​ដើម ក្នុង​ន័យ​​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ផ្តល់​ផលផលប្រយោជន៍​​ដល់​មនុស្សជាតិ​ទាំង​មូល ។

ក្នុង​ខណៈពេល​ពន្លឿន​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ដើម្បី​​សិក្សា​ស្រាវជ្រាវរក​​វ៉ាក់​សាំង ប្រទេស​ចិន​ក៏​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ​ដល់​បណ្តា​ប្រទេស​នានា​លើ​សកលលោក​តាម​លទ្ធភាព​របស់​ខ្លួនផង​ដែរ ។ ពេល​ជួប​ពិភាក្សា​តាម​រយៈ​ទូរស័ព្ទ​ជា​មួយ​លោក​ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី ២៧ ខែ​មីនា លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ក្នុង​ស្ថានការណ៍​បែប​នេះ ប្រទេស​ចិន​និង​អាមេរិក​គួរតែរួម​​សាមគ្គីគ្នា​ដើម្បី​​​​ទប់​ទល់​នឹង​ករណី​ជងឺ​ឆ្លង ។ ប្រទេស​ចិន​រីក​រាយ​បន្ត​ចែក​រំលែក​ព័ត៌មាន​និង​បទ​ពិសោធន៍​​របស់​ខ្លួន​ជា​មួយ​អាមេរិក​ដោយ​គ្មាន​ការ​លាក់​ទុកអ្វីឡើយ​ ។ ប្រទេស​ចិន​​យល់​ពី​ភាព​លំបាក​របស់​អាមេរិក​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​រីក​រាយ​ផ្តល់​ការ​គាំទ្រ​តាម​លទ្ធភាព​របស់​ខ្លួន ។

តាំ​ងពី​ទ្វីប​អឺរ៉ុប​បាន​ផ្ទុះរាល​ដាល​​ករណី​ជំងឺ​ឆ្លង​មក ប្រទេស​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ជា​ច្រើន​ក្រុម​ទៅ​កាន់​ប្រទេស​អ៊ីតាលីជាដើម​ ដោយ​បាន​ដឹក​ជញ្ជូនទៅ​ជា​មួយ​នូវ​​សម្ភារៈ​វេជ្ជសាស្ត្រ​ជា​ច្រើន​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ។

នៅ​ទ្វីប​អាស៊ីវិញ​ ក្រៅ​ពីបាន​ផ្តល់ជំនួយ​ជា​​​សម្ភារៈ​វេជ្ជសាស្ត្រ​ជា​ច្រើន​ដល់​ប្រទេស​អ៊ីរ៉ង់និង​អ៊ីរ៉ាក់​ជា​ដើម នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​នៃ​ប្រទេស​ចិន​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន កម្ពុជា​និង​ឡាវ​ជាដើម ដោយ​បាន​នាំ​យកនូវ​​​សម្ភារៈ​​វេជ្ជសាស្ត្រ​ទៅ​ជា​មួយ​ផង​ដែរ ។

ចំណែក​នៅ​ទ្វីប​អាហ្វ្រិក កាល​ពីថ្ងៃទី ២២ ខែ​មីនា មូលនិធិ​សប្បុរសធម៌ របស់ លោក Jack Ma ​និង​មូលនិធិ​សប្បុរសធម៌​Alibabaក៏​បាន​បរិច្ចាគ​ម៉ាស់ សម្លៀក​បំពាក់​ការពារ របាំង​មុខ​​ការពារ និងឧបករណ៍​ធ្វើ​តេស្ត​​រក​វីរុស​ជាដើម​សរុប​ជាង ៧លាន​ឈុត​​ដល់​​បណ្តា​ប្រទេស​អាហ្រ្វិក​នានា​ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស