កាលពីយប់ថ្ងៃទី ២៥ ខែមីនា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបាននិយាយទូរសព្ទជាមួយលោកស្រីមើខេល នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ។
លោក ស៊ី ជីនភីង បានថ្លែងថា មេរោគគ្មានព្រំដែនទេ គឺជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ។ ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើកនេះ ចិននិងអាល្លឺម៉ង់ ហើយចិននិងអឺរ៉ុបបានបង្ហាញនូវកម្លាំងនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ។ សន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេសG20សម្រាប់ទប់ទល់ជំងឺកូវីដ១៩ នឹងធ្វើឡើងឆាប់ៗនេះ ។ ភាគីចិនរីករាយបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាភាគីនានា ជំរុញទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ក៏ដូចជាជំរុញការបើកទូលាយទីផ្សារ ដើម្បីធានាភាពបើកទូលាយ ស្ថិរភាពនិងសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក ។
លោកស្រីមើខេលបានថ្លែងថា ភាគីអាល្លឺម៉ង់ ឈរលើមូលដ្ឋានការពិតជាក់ស្តែង និងប្រកាន់ខ្ជាប់គោលជំហរសត្យានុម័តនិងយុត្តិធម៌ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ បច្ចប្បន្ន ការរីករាលដាលនៃជំងឺកូវីដ១៩នៅអឺរ៉ុបមានភាពធ្ងន់ធ្ងរ ។ ភាគីអាល្លឺម៉ង់ សូមអរគុណដល់ភាគីចិនដែលបានផ្តល់ជំនួយ ទាន់ពេលវេលានិងមានតម្លៃ ហើយរំពឹងថា នឹងធ្វើកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាមួយភាគីចិន ដូចជា ការស្រាវជ្រាវនិងផលិតថ្នាំវាក់សាំងនិងឱសថផ្សេងៗជាដើម ព្រមទាំងធ្វើជាគំរូសម្រាប់ការសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕