ថ្ងៃទី ២០ ខែមីនា នៅក្រុងប៉េកាំង លោកGeng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា មន្រ្តីអាមេរិកធ្លាប់លើកឡើងជាច្រើនលើកថា នឹងផ្តល់ជំនួយឧបត្ថម្ភសម្រាប់ការទប់ទល់នឹងជំងឺCovid-19 ចំពោះប្រទេសពាក់ព័ន្ធក៏ដូចជាប្រទេសចិនផងដែរ ។ ក៏ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ន ប្រទេសចិនមិនដែលទទួលបានទឹកប្រាក់ឬសម្ភារៈដែលបរិច្ចាគក្នុងនាមរដ្ឋាភិបាលអាមេរិកនោះឡើយ ។
លោកGeng Shuang បានបញ្ជាក់ទៀតថា បន្ទាប់ពីប្រទេសចិនផ្ទុះករណីជំងឺឆ្លង មានសហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្ម សមាគមស៊ីវិល និងឥស្សរជនមជ្ឈដ្ឋាននានារបស់អាមេរិកបានបរិច្ចាគប្រាក់និងសម្ភារៈចំពោះប្រទេសចិន ដើម្បីគាំទ្រប្រទេសចិនទប់ទល់នឹងជំងឺឆ្លង ។ ក្នុងខណៈពេលការរីករាលដាលនៃជំងឺCovid-19នៅអាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរ ក៏មានអង្គភាពសង្គមស៊ីវិលចិនជាច្រើនបានផ្តល់ជំនួយឧបត្ថម្ភដល់អាមេរិកផងដែរ ៕