魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការអន្តរជាតិក្រុងហ្សឺណេវបង្កើនវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-19

2020-03-13 14:52:17 cri

      កាលពី​ថ្ងៃទី​ ១១​ ខែមីនា​ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាសថា ​ជំងឺ​កូវីដ-19 ​ជាជំងឺ​រីករាលដាល​ជាសកល​ អង្គការ​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​ទូទៅ​នៅ​ក្រុង​ហ្សឺណេវ​បាន​នាំគ្នា​បង្កើន​វិធានការ​បង្ការ​និង​គ្រប់គ្រង​ព្រមទាំង​បាន​ចូលរួម​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-19 ​ទូទាំងពិភពលោក​ ។​

    អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បានថ្លែង​កាលពី​ថ្ងៃទី​ ១២ ​ខែមីនា ​ថា​ ដោយ​រង​ឥទ្ធិពល​ពី​ជំងឺ​កូវីដ-19​ អង្គការនេះ​ទទួលបាន​លិខិត​ស្នើសុំ​ពី​កាហ្សាក់ស្ថាន​ដើម្បី​ឱ្យ​គិត​ពិចារណា​ឡើង​វិញ​នូវ​កាលបរិច្ឆេទ​ធ្វើ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើកទី​ ១២ ​ដែល​ពីមុន​បាន​កំណត់​ធ្វើ​នៅ​ខែមិថុនា​នៅប្រទេសនេះ​ ។​

    ថ្ងៃដដែល​ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​សម្រេចថា ​ដោយសារ​ជំងឺ​កូវីដ-19 ​កំពុង​រីករាលដាល​យ៉ាងលឿន​នៅស្វីស​ សន្និសីទ​លើកទី​ ៤៣​ របស់​ខ្លួន​ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​ ២០​ ខែមីនា​ខាងមុខនេះ​នឹង​ត្រូវ​ផ្អាក​ចាប់ពី​ថ្ងៃត្រង់​ទី​ ១៣ ​ខែមីនា ​។​

    តាម​ការផ្សាយ​របស់ប្រព័ន្ធ​សារព័ត៌មាន​បានឱ្យ​ដឹងថា​ ដោយសារ​មាន​ករណី​ជាប់​សង្ស័យ​ឆ្លង​ជំងឺ​កូវីដ-19​ សន្និសីទ​នៃ​អង្គការ​សហប្រជាជាតិ ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​ព្រមទាំង​ទីស្នាក់ការ​មូលនិធិ​កុមារ​​អង្គការ​សហប្រជាជាតិ​ប្រចាំ​ក្រុងហ្សឺណេវ​ជាដើម​ក៏​បាន​ចាត់​វិធានការ ​ដូចជា​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​ធ្វើការ​ក្នុងផ្ទះ​ជាដើម​ ហើយ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែល​មានទីស្នាក់ការ​នៅក្រុង​ហ្សឺណេវ ​ក៏​បាន​បង្កើន​ការពិនិត្យ​សុខភាព​​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស