邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិនស៊ី ជីនភីង បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីយកឈ្នះលើសមរភូមិមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19

2020-03-11 18:58:45 cri

      កាលពីថ្ងៃទី​ ១០ ខែ​មីនា​ លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញចុះទៅក្រុង ​វូហាន ខេត្តហ៊ូប៉ី  ដែល​ជា​សមរភូមិ​មុខនៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺCOVID-19 ​ដោយបានដាក់ចេញនូវ​បទ​បញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង​នេះ។ មជ្ឈដ្ឋាន​មតិ​បានស្គាល់​​ជា​ទូទៅ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស៊ី​ ជីនភីង​​ លើកនេះ​មាន​អត្ថន័យ​ក្រៃលែង ។

      មុន​នេះ​ អ្នក​ជំនាញ​នៃអង្គការសុខភាព​ពិភពលោក​បាន​ថ្លែង​ថា​ ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​COVID-19នៃប្រទេស​ចិន​​ជិត​ដល់ទីបញ្ចប់​ហើយ​ ។

      នៅក្នុងរយៈពេល​មិន​ដល់​ ២ ខែ​ផង ប្រទេស​ចិន ​ដែលជា​ប្រទេស​មួយ​​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​​​ ។ ​ប្រជាជននៅលើ​ពិភពលោក​​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ថា​ នេះ​ជា​លទ្ធផល​នៃ​ការ​រួមគ្នា​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​រវាង​មេដឹកនាំ​​និង​ប្រជាជន​ចិន​ ។ លោក Ostrovsky ​នាយករង​នៃ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ចុង​បូព៌ា​នៃបណ្ឌិត្យ​សភា​​វិទ្យាសាស្ត្រ​រុស្ស៊ី​បាន​ថ្លែង​ថា​​ នេះ​បានឆ្លុះបញ្ចាំងពីគោល​ការណ៍របស់គណបក្សកុម្មុយនិស្ត​ចិន ស្តីពី​ការ​តម្កល់​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ជា​ភារកិច្ច​ចម្បង​  ក៍ដូចជាការលើក​ទឹកចិត្ត​ដល់​ប្រជាជន​ឱ្យ​បន្ត​ខិត​ខំប្រឹងប្រែង ដើម្បីយកឈ្នះ​លើ​ជំងឺ​ឆ្លង​នៅ​ទី​បំផុត​ ។

      លោក ស៊ី ជីនភីង បាន​បកស្រាយ​ទស្សនៈគំនិត​អភិបាលកិច្ច​របស់​ខ្លួនស្តីពី​«ការ​តម្កល់​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​ជា​ភារកិច្ច​ចម្បង» ​​តាមរយៈ​​សកម្មភាព​ជាក់ស្តែង ​ដូចជា​​ ធ្វើជាមេបញ្ជាការ ដើម្បីបញ្ជា​ផ្ទាល់លើ​សមរភូមិ​នៃ​ការប្រយុទ្ធ​នឹងជំងឺ​ COVID-19  ​ ​ព្រមទាំងចុះទៅ​សមរភូមិ​ជួរមុខ​ផ្ទាល់ចំនួន ៣ លើក​  ដើម្បីសិក្សា​ស្វែង​យល់​និង​ត្រួតពិនិត្យ​ពី​សភាពការណ៍​បង្ការ​និងគ្រប់គ្រង​ជំងឺ​​ជាដើម។

      ក្នុងគ្រាដ៍​សំខាន់​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ COVID-19 ​នាពេល​បច្ចុប្បន្ន​នេះ ​​មេដឹកនាំ​កំពូល​របស់​ប្រទេស​ចិន​បាន​អញ្ជើញចុះទៅទីក្រុង​វូហាន ខេត្ត​ហ៊ូប៉ី ​ ដើម្បី​សួរសុខទុក្ខ​ប្រជាជន​និង​ពិនិត្យ​ការងារ​ ។  លោកប្រធាន​ទីភ្នាក់ងារ​កាសែត​ «Alwatan» ​របស់ប្រទេស​អូម៉ង​បាន​វាយតម្លៃ​ចំពោះ​ការនេះថា ការអញ្ជើញចុះ​ទៅ​ត្រួតពិនិត្យដោយ​ផ្ទាល់របស់លោកប្រធានរដ្ឋចិន​ ស៊ី ជីនភីង​នៅទីក្រុង​វូហាន ខេត្ត​ហ៊ូប៉ី ដែលជា​កន្លែងផ្ទុះ​ជំងឺ​ឆ្លង​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ចិន​ ​​​បានឆ្លុះបញ្ចាំង​​​ឱ្យ​ឃើញ​នូវ​​មនោសញ្ចេតនា ​« ​តម្កល់​ប្រជាជន​ជាសំខាន់»​​របស់​មេដឹកនាំ​ប្រទេស​ធំ​។

     នាពេលបច្ចុប្បន្ននេះ ​ជំងឺ COVID-19 កំពុង​រីករាលដាលនៅទូទាំងពិភពលោក។ ​អង្គការ​សុខភាព​ពិភពលោក បាន​សម្តែងការ​ព្រួយបារម្ភ ចំពោះប្រទេស​មួយចំនួន ​ដែលខ្វះការ​យកចិត្ត​ទុកដាក់ ​និង​ការ​ត្រៀមរៀបចំ ទប់ស្កាត់​ជំងឺឆ្លងនេះ។​ ជំងឺ COVID-19 ​លើកនេះ​​បាន​ផ្តល់ឱកាស​ដល់ប្រទេសនីមួយៗ នៅលើពិភពលោក​ធ្វើការវាយតម្លៃ ​ចំពោះការទប់ទល់នឹងជំងឺឆ្លងរបស់ខ្លួន។ លោកTedrosប្រធាននៃ​អង្គការសុខភាព​ពិភពលោក បាន​ថ្លែងថា ​ពេល​លោក ធ្វើដំណើរទៅក្រុងប៉េកាំង ដើម្បីសិក្សាស្វែងយល់​និង​ត្រួតពិនិត្យ​ពី​សភាពការណ៍​នៃជំងឺឆ្លង​នេះ ​លោកបាន​ឃើញ​លោកប្រធានរដ្ឋចិន ​ស៊ី ជីនភីង ​ធ្វើការបញ្ជា​ដោយ​ផ្ទាល់ លើការងារបង្ការនិង​គ្រប់គ្រងជំងឺឆ្លង។ មេដឹកនាំ​ចិន ​បាន​បង្ហាញឱ្យឃើញ​នូវ​កម្លាំង​ដឹកនាំ​និង​ឆន្ទៈ​នយោបាយ​បែបនេះ​ ​គឺស្របតាម​ការ​អំពាវនាវ​របស់​អង្គការសុខភាពពិភពលោក​រហូត​មក​។

      ដំណើរទស្សនកិច្ច​ទៅកាន់​ទីក្រុង​វូហាន​របស់​លោក​ស៊ីជីនភីងលើក​នេះ​បាន​បង្ហាញ​ម្តងទៀត​នូវ​ជំនឿចិត្ត ​ការ​ប្តេជ្ញាចិត្ត​​ និង​សមត្ថភាព​របស់​ប្រទេស​ចិន​ទៅ​កាន់​ពិភពលោក។ ​រដូវផ្ការីក​​ខិតជិតមកដល់ហើយៗ  ​ជ័យជម្នះរបស់ប្រជាជនចិន​លើ​សមរភូមិ​នៃជំងឺឆ្លងនេះ ​ក៍ខិតជិត​មកដល់​ដែរ​៕

图片默认标题_fororder_1583911374174_253_1080x1920

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស