ការបោះឆ្នោតជ្រើសរើសប្រធានអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នឹងធ្វើឡើងនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីសនៅសប្តាហ៍ក្រោយនេះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកកំពុងធ្វើទង្វើ ដើម្បីរារាំងការចូលរួមបេក្ខភាពរបស់ប្រទេសចិន ដោយបានសម្ពាធលើប្រទេសដទៃផ្សេង ដើម្បីបង្ខំឱ្យប្រទេសទាំងនោះ លះបង់ការគាំទ្របេក្ខជនចិនទៀតផង។
សូមរម្លឹកថា ចាប់តាំងពីចិនបានចូលជាសមាជិកនៃអង្គការ WIPO កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៨០ មក ប្រទេសចិនបានបន្តខិតខំបង្កើនការការពារកម្មសិទ្ធិបញ្ញានិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បើយោងតាមសន្ទស្សន៍ច្នៃប្រឌិតថ្មីឆ្នាំ ២០១៩ នៃអង្គការកម្មសិទ្ធិបញ្ហាពិភពលោកបានបង្ហាញថា ចំណាត់ថ្នាក់របស់ប្រទេសចិនបានកើនឡើងដល់លេខ ១៤។
សូមបញ្ជាក់ថា លោកស្រី Wang Binying បេក្ខជនរបស់ប្រទេសចិន ដែលឈរឈ្មោះចូលរួមដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតលើកនេះ បច្ចុប្បន្នមានតំណែងជាអនុប្រធាននៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហើយលោកស្រីបានបម្រើការងារក្នុងស្ថាប័នមួយនេះអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ។ លោកស្រី Wang ត្រូវបានមនុស្សទូទៅសម្គាល់ថា ក្នុងចំណោមបេក្ខជនឈរឈ្មោះទាំងអស់ លោកស្រីជាអ្នកដែលមានបទពិសោធច្រើនបំផុត សមត្ថភាពខ្លាំងបំផុត និងមានភាពប្រកួតប្រជែងខ្លាំងបំផុត។
និយាយរួមទៅ សហរដ្ឋអាមេរិកចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតនៃអង្គការកម្មសិទ្ធិបញ្ហាពិភពលោកលើកនេះ គឺដោយសារអ្នកនយោបាយមួយចំនួននៃប្រទេសនេះ មិនអាចទទួលយកការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗនៃប្រទេសផ្សេងទៀត ពិសេសគឺប្រទេសចិនតែម្តង។
មិនថាការបោះឆ្នោតណាមួយក្តី សុទ្ធតែត្រូវបានធ្វើឡើង ក្នុងភាពយុត្តិធម៌។ ជឿជាក់ថា ប្រទេសអធិបតេយ្យនីមួយៗនឹងឯកភាពសម្រេចជំហរបោះឆ្នោតរបស់ខ្លួន ដោយឈរលើបំណងនិងផលប្រយោជន៍ផ្ទាល់ខ្លួន តែមិនត្រូវចុះចាញ់នឹងការបង្ខិតបង្ខំដោយអសិលធម៌នៃសហរដ្ឋអាមេរិកទេ។ មានតែបេក្ខជនដែលឈ្នះការប្រកួតប្រកបដោយភាពយុត្តិធម៌ ប៉ុណ្ណោះ ទើបអាចបម្រើការងារកាន់តែល្អ ដើម្បីផ្តល់ផលប្រយោជន៍រួមសម្រាប់សហគមន៍អន្តរជាតិ៕