“អ្នកផ្តល់ជំនួយក្នុងចំនួនតិចតួច យើងក៏គួរតែតបស្នងសងគុណទៅវិញដោយទ្វេដង”នេះជាប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិចិន ។ ពាក្យបុរាណនេះត្រូវបានថ្លែងដោយលោក Zhao Lijian អ្នកនាំពាក្យថ្មីនៃក្រសួងការបរទេសចិននៅឯសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន ដើម្បីថ្លែងអំណរគុណចំពោះការផ្តល់ជំនួយពីសហគមន៍អន្តរជាតិដល់ភាគីចិន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តនិងការធានារ៉ាប់រងសម្រាប់គាំពារសុវត្ថិភាពសុខភាពសាធារណៈនៅទូទាំងពិភពលោក ។
បន្ទាប់ពីផ្ទុះCOVID-19 មេដឹកនាំនៃបណ្តាប្រទេសចំនួនជាង១៧០និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាង៤០បានផ្ញើសារលិខិតពិសេសដើម្បីសម្តែងការគាំទ្រចំពោះភាគីចិន ។ ជាមួយគ្នានេះ មជ្ឈដ្ឋានសង្គមនានារបស់ប្រទេសជាច្រើនបានផ្តល់វិភាគទានជាសម្ភារៈនិងថវិកា ដើម្បីលើកទឹកចិត្តដល់ប្រទេសចិនតាមគ្រប់រូបភាព ។
ប្រទេសចិនមានការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវចំពោះសុវត្ថិភាពសុខភាពសាធារណៈនៅទូទាំងពិភពលោក ។ ព្រមពេលជាមួយគ្នានេះនឹងធ្វើការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ភាគីចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសមានពាក់ព័ន្ធនានាដូចជាជប៉ុននិងកូរ៉េខាងត្បូង ចែករំលែកនូវព័ត៌មាននិងបទពិសោធ ហើយផ្តល់ការគាំទ្រតាមសមត្ថភាពចំពោះប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ មកដល់បច្ចុប្បន្ននេះ ភាគីចិនបានរួមវិភាគទានជាម៉ាសវេជ្ជសាស្ត្រចំនួន២សែន៥ម៉ឺនដល់អ៊ីរ៉ង់ និងផ្តល់ថ្នាំដល់ភាគីជប៉ុនដោយមិនគិតថ្លៃផងដែរ ។ សំដៅចំពោះសភាពការណ៍ដែលប្រទេសអាហ្វ្រិកមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ប្រទេសចិនក៏បានជួយឧបត្ថម្ភតាមលទ្ធភាពផងដែរ ។
កាលពីពេលថ្មីៗកន្លងទៅនេះ លោក Martin Albrow សមាជិកនៃបណ្ឌិត្យសភាសង្គមនិងវិទ្យាសាស្ត្រនិងជាសង្គមវិទូដ៏ល្បីឈ្មោះរបស់អង់គ្លេសបានថ្លែងថា ដើម្បីទប់ទល់នឹងហេតុការណ៍សុខាភិបាលសាធារណៈដ៍សំខាន់គឺត្រូវការភាពវៃឆ្លាតនិងកិច្ចសហប្រតិបត្តិការរបស់មនុស្សជាតិទាំងមូល។នេះបង្ហាញពីសារសំខាន់នៃការបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ។
ខណៈជួបគ្រោះថ្នាក់ ជួយអ្នកដទៃក៏ដូចជាជួយខ្លួនឯងដែរ ។ រួមសុខរួមទុក្ខជាមួយគ្នានិងជួយគ្នាទៅវិញទៅមក ទើបធ្វើឱ្យពិភពលោកអាចយកឈ្នះលើជំងឺឆ្លងក្នុងពេលឆាប់ៗនិងវិលត្រឡប់មកភាពប្រក្រតីឡើងវិញបាន៕