បុគ្គលិកការងារចំនួន៥៣នាក់នៃកាសែត Wall Street Journalអាមេរិកបានរួមគ្នាផ្ញើE-mailទៅកាន់ស្ថាប័នគ្រប់គ្រងរបស់ខ្លួន កាលពីថ្ងៃទី២០ខែកុម្ភៈ ដើម្បីទាមទារឱ្យកែចំណងជើងនៃបទអត្ថាធិប្បាយមួយស្តីពី”ប្រទេសចិនជាអ្នកជំងឺអាស៊ីដ៏ពិតប្រាកដ”ដែលបានចុះផ្សាយនាពេលកន្លងទៅ ព្រមទាំងតម្រូវឱ្យសុំទោសចំពោះអ្នករងប៉ះពាល់។ប៉ុន្តែកាលពីថ្ងៃ ទី២២ខែកុម្ភៈ អ្នកនាំពាក្យនៃកាសែត Wall Street Journalអាមេរិកអះអាងថា គោលជំហរកាសែតរបស់ខ្លួនមិនផ្លាស់ប្តូរនោះទេ ។
ជុំវិញករណីនេះ លោកZhaoLijian អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិន កាលពីថ្ងៃទី២៤ខែកុម្ភៈថា ប្រទេសចិន មិនចង់ធ្វើជាសត្វ”ចៀមដ៏ស្ងៀមស្ងាត់”នៅពេលគេប្រមាថនិងលាបពណ៌ដោយទង្វើអាក្រក់នោះឡើយ។ លោកបានលើកឡើងថា កាសែត Wall Street Journalអាមេរិកហ៊ានមួលបង្កាច់និងប្រមាថប្រទេសផ្សេងទៀត ហេតុអ្វីគ្មានភាពក្លាហាន ដើម្បីនិយាយសុំទោស?នៅលើពិភពលោកមានតែកាសែតមួយប៉ុណ្ណោះ គឺកាសែត Wall Street Journalដែលរឹងរូសធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ហើយនឹងត្រូវទទួលយកផលវិបាកបណ្តាលមកពីទង្វើរបស់ខ្លួនមិនខាន។ការទម្លាក់ទំនួលខុសត្រូវដោយយកលេសថា ការផ្សាយដំណឹងឯករាជ្យពីការធ្វើអត្ថាធិប្បាយ គឺមិនសមហេតុសមផលទាល់តែសោះ។
គួរឱ្យរំលឹកថា បុគ្គលិកការងារចំនួន៥៣នាក់នៃកាសែត Wall Street Journalអាមេរិកបានបង្ហាញក្នុងលិខិតE-mailថា ចំណងជើងដ៏ខុសឆ្គងទាំងស្រុងនេះបានប៉ះពាល់និងប្រមាថមនុស្សជាច្រើន មិនមែនគ្រាន់តែជនជាតិចិននោះទេ។ថ្នាក់ដឹកនាំនៃកាសែតត្រូវតែគិតពិចារណាអំពីការកែចំណងជើងនេះឡើងវិញ ហើយត្រូវសុំទោសចំពោះអ្នកអាន ព័ត៌មាន និងមនុស្សទាំងអស់ ដែលរងប៉ះពាល់និងត្រូវប្រមាថ៕