ថ្ងៃទី ២១ ខែកុម្ភៈ លោក Zong Changqing ប្រធាននាយកដ្ឋានទុនបរទេសនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសនិ្នសីទសារព័ត៌មានតាមអនឡាញដែលបើកធ្វើនៅក្រុងប៉េកាំងថា ផលប៉ះពាល់ពីសភាពការណ៍ឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាំថ្មី គឺមានរយៈពេលជាដំណាក់កាល ឧត្តមភាពកម្លាំងប្រកួតប្រជែងរបស់ប្រទេសចិនលើវិស័យកៀរគរទុនបរទេសមិនកែប្រែឡើយ ហើយជំនឿចិត្តនិងយុទ្ធសាស្ត្រចំពោះប្រទេសចិនរបស់ក្រុមហ៊ុនឆ្លងដែនភាគច្រើនក៏មិនកែប្រែដែរ ។
ទាក់ទិននឹងភាពលំបាកនិងបញ្ហាប្រឈមរបស់សហគ្រាសទុនបរទេសក្នុងការបង្កបង្កើនផលនិងប្រកបអាជីវកម្ម លោក Zong Changqing បានថ្លែងថា ក្រសួងពាណិជ្ជកម្មចិននឹងខិតខំប្រឹងប្រែងផ្តល់សេវាកម្មដល់សហគ្រាសទុនបរទេស និងកៀរគរទុនបរទេសឱ្យបានល្អតាមគ្រប់ទម្រង់ ។ នៅក្រុងសៀងហៃ ខេត្តសានតុង និងខេត្តហ៊ូណានជាដើម អត្រារៀបចំការបង្កបង្កើនផលឡើងវិញនៃសហគ្រាសទុនបរទេសសំខាន់ៗបានលើសពី៨០ភាគរយ ។ តាមការប៉ាន់ប្រមាណ នៅចុងខែកុម្ភៈ តំបន់ភាគច្រើនអាចសម្រេចបានជាមួលដ្ឋាននូវការរៀបចំការបង្កបង្កើនផលឡើងវិញ ។ ក្រៅពីនេះ នៅឆ្នាំនេះ ប្រទេសចិននឹងចាត់វិធានការជាច្រើន ក្នុងន័យបន្ធូរបន្ថយថែមទៀតនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សាររបស់ប្រទេសចិន ក៏ដូចជាកែសម្រួលថែមទៀតនូវបរិយាកាលវិនិយោគទុនផងដែរ ៕