លោក Qasem Soleimani មេបញ្ជាការនៃកងកម្លាំង Quds Forces នៃប្រទេសអ៊ីរ៉ង់ត្រូវបានស្លាប់ក្នុងការវាយប្រហារមួយដែលបានអនុវត្តដោយសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី ៣ ខែមករា។លោក Ayatollah Sayyed Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានប្តេជ្ញាធ្វើការសងសឹកវិញ។ដូច្នេះ ធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កាន់តែមានភាពអាប់អួរ ហើយស្ថានការណ៍នៅមជ្ឈិមបូព៌ាដែលមានភាពស្មុគស្មាញនឹងកាន់តែប្រែប្រួលខ្លាំងឡើង។
ទង្វើរបស់អាមេរិកនេះ គឺជាការសងសឹកចំពោះការវាយប្រហារទៅលើស្ថានទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់ព្រមទាំងជាការគំរាមដល់អ៊ីរ៉ង់។ទោះយ៉ាងណាក៏ដោយ ចរិតជាតិនិយមរបស់អ៊ីរ៉ង់ប្រាកដជាសងសឹកវិញជាមិនខាន។អ៊ីរ៉ង់មានលទ្ធភាពធ្វើការសងសឹក ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃច្រកសមុទ្រ Hormuz ដែលជាផ្លូវថាមពលលើសមុទ្រដ៏សំខាន់ផងដែរ។ព្រមពេលជាមួយគ្នានេះ ការស្លាប់របស់លោក Qasem Soleimani នឹងធ្វើឱ្យការដោះស្រាយលើបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់កាន់តែឃ្លាតឆ្ងាយ។
ភាពវឹកវរយូរអង្វែងនៅមជ្ឈិមបូព៌ាបានបង្ហាញជាយូរមកហើយថា ការប្រើប្រាស់កម្លាំងអាវុធអាចនាំទៅរកការស្អប់ខ្ពើមនិងការសងសឹកដែលមិនចេះចប់។មិនត្រឹមតែនឹងមិនអាចដោះស្រាយបញ្ហាបានប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យស្ថានភាពកាន់តែមានភាពអាក្រក់ជាងមុនផងដែរ។ទង្វើរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យមជ្ឈិមបូព៌ាមានភាពច្របូកច្របល់ជាងមុន។គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស គឺសហរដ្ឋអាមេរិកមានតែរក្សាភាពស្ងប់ស្ងាត់និងការអត់ធ្មត់ ក៏ដូចជាគោរពតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិព្រមទាំងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ទើបអាចចៀសវាងស្ថានភាពតានតឹងកើនឡើងនិងអាចរក្សានូវសន្តិភាពនិងស្ថិរភាពនៅមជ្ឈិមបូព៌ា៕