កាលពីថ្ងៃទី ១ ខែមករា គេហទំព័រ U.S. Commerce News ដែលជាគេហទំព័រព័ត៌មានពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបង្ហោះអត្ថបទមួយក្រោមចំណងជើងថា «អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ៖ ប្រព័ន្ធសារព័ត៌មានលោកខាងលិចខ្លះ "សរសេរព័ត៌មានដូចតែងនិពន្ធរឿងប្រលោមលោក" ក្នុងពេលផ្សព្វផ្សាយអំពីប្រទេសចិន»។ អត្ថបទនេះបានឱ្យដឹងថា ពេលថ្លែងសុន្ទរកថាអបអរសាទរឆ្នាំថ្មីឆ្នាំសកល ២០២០ កាលពីថ្ងៃទី ១ មករា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរិះគន់ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនថា បានប្រកាន់គំនិតរើសអើងពេលផ្សព្វផ្សាយអំពីប្រទេសចិន នេះបានក្បត់នឹងតម្លៃនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានពោលគឺ សត្យានុម័តនិងប្រកបដោយភាពពិតជាក់ស្តែង។
អត្ថបទបានបញ្ជាក់ថា ទោះជាមិនបានបញ្ជាក់ពីឈ្មោះនៃប្រព័ន្ធសារព័ត៌មានលោកខាងលិចក្តី ក៏ប្រិយមិត្តអ្នកអានអាចដឹងរួចទៅហើយ។ ប្រព័ន្ធសារព័ត៌មានទាំងនេះភាគច្រើនត្រូវបានស្ថាប័នរដ្ឋាភិបាលចិនរិះគន់ជាច្រើនដងថា បានផ្សព្វផ្សាយដើម្បីបង្កើតហេតុបង្កើតពាក្យចចាមអារ៉ាមក្នុងចេតនាអាក្រក់ ដូចជាក្នុងព្រឹត្តិការណ៍ក្តៅៗនាពេលកន្លងមកនេះ ដែលពាក់ព័ន្ធនឹងហុងកុង អ្នកស្លាប់ក្នុងកុងតឺន័រអំឡុងពេលលួចចូលដែនអង់គ្លេស ការធ្វើអភិបាលកិច្ចសង្គមនៅភូមិភាគស្វយ័តXinjiang ជាដើម ។
អត្ថបទនេះបានគូសបញ្ជាក់ថា អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ លោក Shen Haixiong បានដកស្រង់ឃ្លាប្រយោគ “ការរើសអើងគឺជាកំណើតនៃភាពល្ងង់ខ្លៅ” របស់លោក William Hazlitt អ្នកនិពន្ធជនជាតិអង់គ្លេសក្នុងសតវត្សទី ១៨ ដើម្បីបញ្ជាក់ថា ការស្វែងរកការពិតនិងការលុបបំបាត់ភាពរើសអើងគឺជាកិច្ចការចម្បងសម្រាប់ប្រព័ន្ធសារព័ត៌មាន។ ក្រុមអ្នកវិភាគបានយល់ឃើញថា នេះគឺក្នុងបំណងដាស់តឿនដល់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសតាមរយៈឃ្លាប្រយោគដ៏ល្បីនៃអ្នកល្បីល្បាញជនជាតិអង់គ្លេស។ អត្ថបទបានបន្ថែមទៀតថា លោក Shen បានប្តេជ្ញាចិត្តថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តប្រកាន់នូវគោលជំហរសត្យានុម័តនិងយុត្តិធម៌ ដើម្បីផ្សព្វផ្សាយនូវការពិតនិងសំឡេងយុត្តិធម៌ទៅកាន់សហគមន៍អន្តរជាតិ។
ក្រៅពីនេះ អត្ថបទនេះបានធ្វើបទអត្ថាធិប្បាយថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតឡើងមានរយៈពេល ២ ឆ្នាំមកហើយ ដោយបានបំពេញសកម្មភាពបែបច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ដូចជាការកសាងបន្ទប់ពិសោធន៍ជាតិដំបូងបង្អស់សម្រាប់ផលិតកម្មវិធីសោតទស្សន៍ UHD និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយថ្មី 5G ធ្វើឱ្យមជ្ឈដ្ឋានជំនាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប្រព័ន្ធសារព័ត៌មានចិនដែលមានទ្រង់ទ្រាយធំសម្បើមមួយនេះ អាចនឹងនាំមកនូវការផ្លាស់ប្តូរថ្មីទៅលើផ្នែកផ្សព្វផ្សាយអន្តរជាតិ៕