លោកស៊ីជីនភីងប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម៣ចំណុចស្តីពីការរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកក្នុងពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃនាថ្ងៃទី៥ខែវិច្ឆិកា និងបានប្រកាសពីវិធានការសំខាន់ៗ៥ចំណុចសម្រាប់បន្តជំរុញការបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់នៃប្រទេសចិន ដើម្បីបញ្ចូលកម្លាំងចលករចិនកាន់តែច្រើនក្នុងការរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយនិងជំរុញបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ហើយបង្ហាញនូវបំណងដ៏ស្មោះត្រង់របស់ប្រទេសចិនក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍរួមគ្នាជាមួយបណ្តាប្រទេសនានាលើពិភពលោក ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញនូវទំនួលខុសត្រូវនិងការរ៉ាប់រង់របស់មហាប្រទេស។
ភាពបើកទូលាយជានិមិត្តរូបដ៏ច្បាស់លាស់នៃប្រទេសចិននាសម័យទំនើប ហើយការបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិជាសកម្មភាពដ៏សំខាន់មួយរបស់ប្រទេសចិនក្នុងការបើកទីផ្សារទៅកាន់ពិភពលោកដោយម្ចាស់ការ។ក្នុងឋានៈជាតួអង្គសេដ្ឋកិច្ចធំទី២លើពិភពលោកប្រកបដោយទំនួលខុសត្រូវ ប្រទេសចិនបានសន្យាយ៉ាងជាក់លាក់ថា នឹងបង្កើនការបើកទូលាយឱ្យកាន់តែធំថែមទៀត។ប្រទេសចិនដែលកាន់តែបើកទូលាយ មុខជានឹងផ្តល់នូវកាលានុវត្តភាពទីផ្សារ កាលានុវត្តភាពវិនិយោគ និងកាលានុវត្តភាពកំណើនកាន់តែច្រើនដល់បណ្តាប្រទេសនានា ព្រមទាំងក្លាយទៅជាកម្លាំងដ៏រឹងមាំសម្រាប់ការជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយនិងបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។