ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរនឹងសម្ពោធបើកនៅព្រឹកថ្ងៃទី៥ខែវិចិ្ឆកានៅក្រុងសៀងហៃប្រទេសចិន ។ ដោយសារពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយទទួលបានជោគជ័យយ៉ាងខ្លាំង ។ ដូច្នេះពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានទាក់ទាញសហគ្រាសជាង៣០០០មកពីប្រទេសនិងតំបន់ជាង១៥០ចូលរួម ដែលមានទ្រង់ទ្រាយកាន់តែធំ គុណភាពកាន់តែល្អនិងសកម្មភាពកាន់តែច្រើន ។ ក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បំណងប្រាថ្នាក្នុងការអភិវឌ្ឍរបស់ប្រទេសនានានៅក្នុងទីផ្សារប្រទេសចិននិងធ្វើដំណើរដោយជិះ “រថភ្លើងល្បឿនលឿន”នៃការអភិវឌ្ឍរបស់ចិនគឺកាន់តែខ្លាំងឡើងៗ ។
ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ថ្នាក់ជាតិទីមួយដែលផ្តោតលើការនាំចូលពីពិភពលោកជាប្រធានបទ ហើយក៏ជាវិធានការក្នុងការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនស្តីពីបើកទូលាយទីផ្សារចំពោះពិភពលោកដោយម្ចាស់ការផងដែរ ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយដែលបានរៀបចំឡើងកាលពីឆ្នាំមុន ទំហំទឹកប្រាក់ជួញដូរតាមកិច្ចសន្យាមានចំនួន៥ម៉ឺន៧ពាន់៨រយ៣០លានដុល្លារអាមេរិក ដោយទទួលបានលទ្ធផលជាផ្លែផ្កា ។ មួយឆ្នាំកន្លងទៅនេះ ទំនិញអន្តរជាតិដែលមានគុណភាពខ្ពស់មួយចំនួនបានមានវត្តមានទីផ្សារនៅប្រទេសចិន ហើយមានភាពពេញនិយមលើទីផ្សារយ៉ាងឆាប់រហ័ស ។ នេះនាំឱ្យពាណិជ្ជករបរទេសយល់ឃើញថា សក្តានុពលដ៏ធំសម្បើមនៃទីផ្សារចិនគឺហួសពីការរំពឹងទុក ។ ជាពិសេសគឺក្នុងបរិបទដែលពាណិជ្ជកម្មនិងការវិនិយោគទូទាំងពិភពលោកបានធ្លាក់ចុះនាពេលបច្ចុប្បន្ន ទីផ្សារចិនដែលបើកទូលាយឥតឈប់ឈរក្លាយជាឱកាសដែលពួកគេមិនអាចខកបាន ។
ជារួម ចំនួននៃប្រទេសនិងសហគ្រាស ព្រមទាំងចំនួនផលិតផលសម្រាប់ចូលរួមពិព័រណ៍លើកនេះសុទ្ធតែច្រើនជាងលើកមុន ហើយទំហំនិងកន្លែងតាំងពិព័រណ៍ក៏កើនឡើងផងដែរ ។ក្រៅពីនេះ មេដឹកនាំនៃប្រទេសជាច្រើនក្នុងនោះរួមមានលោកប្រធានាធិបតីបារាំងជាដើមនឹងចូលរួមពិធីសម្ពោធបើកនៃពិព័រណ៍លើកនេះនិងសកម្មភាពមានពាក់ព័ន្ធនានា ការនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អ្នកនយោបាយអន្តរជាតិទៅលើទីផ្សារចិន។ចំនួនសហគ្រាសអាមេរិកដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំទៅមិញ ការនេះបង្ហាញថា មិនថាបរិយាកាសខាងក្រៅមានភាពអាក្រក់យ៉ាងណាក៏ដោយក៏សរសៃសេដ្ឋកិច្ចពិភពលោកបានផ្សារភ្ជាប់ជាមួយទីផ្សារចិនយ៉ាងជិតស្និទ្ធជាប់ជានិច្ច។
ពាណិជ្ជករបរទេសចូលទីផ្សារចិនគឺដោយសារពួកគេមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិន។គិតត្រឹមត្រីមាសទី៣ឆ្នាំនេះ GDPនៃប្រទេសចិនបានកើនឡើង៦.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញឈរនៅលំដាប់ថ្នាក់ទី១ក្នុងចំណោមតួអង្គសេដ្ឋកិច្ចសំខាន់ៗ។អាជីវកម្មថ្មីនិងពាណិជ្ជកម្មថ្មីបានរីកចម្រើនយ៉ាងផុលផុស ប្រព័ន្ធ៥Gក៏ដំណើរការជាផ្លូវការ បានឆ្លុះបញ្ចាំងពីកម្លាំងរស់រវើកនិងនិរន្តរភាពយ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិន។ទីផ្សារប្រទេសចិនដែលមានមនុស្សចំនួន១ពាន់៤រយលាន់នាក់ ពោរពេញទៅដោយតម្រូវការច្រើនអនេកនិងជានិរន្តរភាពចំពោះផលិតផលនិងសេវាដ៏មានគុណភាពខ្ពស់នៃពិភពលោក។ក្នុងពិព័រណ៍លើកមុន ប្រទេសចិនបានសន្យាថានឹងបង្កើនទំហំទឹកប្រាក់សម្រាប់ទំនិញនាំចូលនិងសេវាក្នុងរយៈពេល១៥ឆ្នាំខាងមុខចំនួនជាង៣០ទ្រីលានដុល្លារនិង១០ទ្រីលានដុល្លារអាមេរិកដោយឡែកពីគ្នា។ប្រទេសចិនមានជំនឿចិត្តនិងសមត្ថភាពដើម្បីសម្រេចបាននូវគោលដៅនេះ។
ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយជាមធ្យោបាយសម្រាប់បង្ហាញពីគោលនយោបាយនៃការបើកទូលាយរបស់ចិនទៅកាន់ឆាកអន្តរជាតិ ។ វិធានការក្នុងការបើកទូលាយជាច្រើនដែលលោកស៊ីជីនភីង ប្រធានរដ្ឋចិនបានប្រកាសកាលពីឆ្នាំទៅមិញត្រូវបានអនុវត្តយ៉ាងជាក់ស្តែង ដូចជាការផ្តល់ភាពងាយស្រួលដល់វិនិយោគិនបរទេសដើម្បីចូលទីផ្សារចិន ដោយការដាក់ចេញនូវ « ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេស » និងបង្កើតតំបន់សាកល្បងថ្មីនៃពាណិជ្ជកម្មសេរីក្រុងសៀងហៃ ប្រទេសចិនជាដើម ។ ប្រទេសចិនបានគោរពនិងអនុវត្តតាមពាក្យសន្យារបស់ខ្លួន ដើម្បីគាំពារពហុភាគីនិយមនិងរបៀបរៀបរយនៃពាណិជ្ជកម្មសេរីលើពិភពលោក ។ « របាយការណ៍ស្តីពីបរិយាកាសពាណិជ្ជកម្មឆ្នាំ២០២០ »បានបង្ហាញថា បរិយាកាសពាណិជ្ជកម្មរបស់ចិនបានឈរនៅលំដាប់ទី ៣១ លើពិភពលោក ។ នៅឆមាសទីមួយឆ្នាំ២០១៩នេះ ប្រទេសចិនបានទាក់ទាញទុនបរទេស ៧ ម៉ឺន ៣ ពាន់លានដុល្លារអាមេរិក បន្តកា្លយជាប្រទេសធំទី ២ដែលទាក់ទាញទុនបរទេសច្រើនបំផុតលើពិភពលោក ។
ប្រទេសចិនបានបង្កើតវេទិកាមួយ ហើយស្វាគមន៍ប្រទេសនានាលើពិភពលោកចូលរួម ។ ពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងស្មុគស្មាញ ។ ដូច្នេះ ពិភពលោកត្រូវការការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកលើការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ ដែលជិតនឹងបើកធ្វើពេលខាងមុខនេះ ច្បាស់ជានឹងយកឈ្នះលើការការពារនិយមទាំងស្រុង បង្កើនកិច្ចសហប្រតិបត្តិការនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាបំពេញបន្ថែមនូវកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចពិភពលោកព្រមទាំងការរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយប្រកបដោយភាពច្នៃប្រឌិតថ្មីនិងបរិយាប័ន្ន ។