ថ្ងៃទី១៥ ខែតុលា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយបទវិភាគរបស់អ្នកអត្ថាធិប្បាយក្រោមចំណងជើង ចិននិងអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហាតាមរយៈមធ្យោបាយជាក់ស្តែងបំផុត ។
បទវិភាគនេះបានលើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកជុំថ្មីទទួលបានការវិវឌ្ឍប្រកបដោយភាពជាក់ស្តែង ក្នុងនោះ សមិទ្ធផលធំបំផុត គឺភាគីទាំងពីរចិននិងអាមេរិកបានស្វែងរកវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហា តាមរយៈពុទ្ធិនយោបាយខ្ពស់ និងមធ្យោបាយជាក់ស្តែងបំផុត ដោយបានឆ្លើយតបនឹងការរំពឹងទុករបស់ទីផ្សារ ។
បទវិភាគនេះបានលើកឡើងទៀតថា ឆ្លងកាត់ការចរចានិងការបដិបក្ខគ្នាអស់ជាងមួយឆ្នាំ ភាគីទាំងពីរចិននិងអាមេរិកបានដឹងច្បាស់ថា គួរតែគិតពិចារណាជាអាទិភាពពីផលប្រយោជន៍របស់អ្នកប្រើប្រាស់ អ្នកផលិត ហើយដោះស្រាយបញ្ហាដែលមានការខ្វែងគំនិតតិចតួចសិន ពោលគឺដោះស្រាយបញ្ហាងាយស្រួលជាមុន រួចបន្តដោះស្រាយបញ្ហាពិបាក ជំរុញជាបណ្តើរៗរហូតដល់ឈានដល់គំនិតឯកភាពរួម នេះទើបជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយបញ្ហា ។
សូមបញ្ជាក់ថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺបីដូចជាយុថ្កាសម្រាប់លំនឹងស្ថានភាពទូទៅ ។ការដោះស្រាយទំនាក់ទំនងផ្នែកនេះ មានអំណោយផលដល់ប្រទេសចិនផង ហើយក៏មានអំណោយផលដល់ប្រទេសអាមេរិកផង ក៏ដូចជាមានអំណោយផលដល់សន្តិភាពនិងវិបុលភាពរបស់ពិភពលោកផងដែរ នេះគឺជាគំនិតឯកភាពរួមរបស់ភាគីទាំងពីរចិននិងអាមេរិកដែលបានឈានដល់នៅពេលថ្មីៗកន្លងទៅនេះ ។ ភាគីទាំងពីរចិននិងអាមេរិកគួរតែធ្វើការខិតខំប្រឹងប្រែងជាបន្តទៀត លើមូលដ្ឋាននៃការវិវឌ្ឍរីកចម្រើនដែលទទួលបានក្នុងកិច្ចពិគ្រោះពិភាក្សាអំពីកិច្ចព្រមព្រៀងមួយចំនួននាពេលបច្ចុប្បន្ននេះ ប្រកាន់ខ្ជាប់ការដើរស្របតាមទិសដៅជាមួយគ្នា និងធ្វើការខិតខំប្រឹងប្រែងក្នុងគោលដៅឈានដល់កិច្ចព្រមព្រៀងនៅចុងបំផុត ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីររីកចម្រើនទៅមុខតាមផ្លូវត្រឹមត្រូវ ៕