កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ សម្តេចបានជូនពរដល់ខួបទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានដើរតួនាទីដ៏សំខាន់នៅក្នុងការចូលរួមចំណែក ដើម្បីសន្តិភាពនៅក្នុងតំបន់ ។
សម្តេច ហ៊ុន សែនបានថ្លែងថា ភាពរីកចម្រើនរបស់ចិនគឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិន ប្រហែលជាមិនដល់១០ភាគរយ នៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយឯណោះ នោះហើយគឺជាសមិទ្ធផលដែលមិនអាចមើលរំលងអំពីទិដ្ឋភាពបែបនេះ។អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចកម្រិតទី២នៃពិភពលោក ដែលប៉ុន្មានជា១០ ទៅ២០ឆ្នាំមុននោះ គ្មាននរណានឹកស្មានដល់ថាចិនអាចដើរដល់កម្រិតនេះទេ។ នេះគឺជាចំណុចដែលយើងត្រូវមើលឃើញពីល្បឿននៃការហក់ឡើងរបស់ប្រទេសចិនលើគ្រប់វិស័យ ក្នុងនោះ វិស័យសេដ្ឋកិច្ច ជីវភាពប្រជាជនមានការកើនឡើងគួរឲ្យកត់សម្គាល់ ។
ក្រៅពីការអភិវឌ្ឍប្រទេសខ្លួនឯង ចិនបានដើរតួនាទីសំខាន់ៗ នៅក្នុងការនាំមកនូវវិបុលភាព សម្រាប់តំបន់និងពិភពលោក ។ គំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋចិន ស៊ី ជីន ភីង«ខ្សែក្រវាត់និងផ្លូវ» ក៏ដូចជា «ផ្លូវសូត្រ សតវត្សរ៍ទី២១» បានផ្តល់ឱ្យប្រទេសជាច្រើនដែលមានការយកចិត្តទុកដាក់ជាមួយនឹងគម្រោងសហប្រតិបត្តិការនេះទទួលបាននូវផលប្រយោជន៍ជាច្រើន តួយ៉ាងដូចជាកម្ពុជានិងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់នេះសុទ្ធតែទទួលបានផលប្រយោជន៍ពីគម្រោងនេះ។ សម្រាប់គម្រោងនេះ ខ្ញុំបានចូលរួមប្រជុំ២ដង កាលពីឆ្នាំ២០១៧ និងខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ខ្ញុំឃើញថា ប្រទេសជាច្រើនកំពុងកាន់តែមានការចូលរួមជាមួយនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ស្របពេលដែលកម្ពុជាក៏ជាអ្នកទទួលផលនៃការរីកលូតលាស់របស់សេដ្ឋកិច្ចចិនដែរ។
ពេលថ្លែងពីទំនាក់ទំនងរវាងកម្ពុជានិងចិន សម្តេច ហ៊ុន សែនបានរំពកពីព្រះករុណសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដែលទ្រង់បានទទូលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីពេលដែលសាធារណរដ្ឋប្រជាមានិតចិនមិនទាន់បានក្លាយទៅជាសមាជិកអង្គការសហប្រជាជាតិឯណោះ។ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ហើយការអនុវត្ត នូវនយោបាយចិនមួយ គឺជាការគោរពនូវអធិបតេយ្យភាពរបស់ចិន។ ការគោរពអធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិបតេយ្យកម្ពុជាខ្លួនឯង។
សម្តេច ហ៊ុន សែនបានថ្លែងថា ចិនបានផ្តល់ជំនួយសម្រាប់កម្ពុជា ដោយគ្មានការផ្សារភ្ជាប់លក្ខខណ្ឌណាមួយទេ។ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព គឺជាចំណុចពិសេស ដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាមិត្តដទៃទៀតតែងតែធ្វើការជាមួយចិនបានយ៉ាងល្អ។ គ្មានលក្ខខណ្ឌតម្រូវណាមួយថា កម្ពុជាគួរធ្វើនេះ គួរធ្វើនោះទេ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង។ហេដ្ឋារចនាសម្ពន្ធដែលកម្ពុជាទទួលបានជំនួយពីមិត្តចិន គឺបានជួយជំរុញសេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់។បន្ថែមលើនោះ ចិនក៏បានជួយធ្វើឲ្យយើងបានតភ្ជាប់រវាងប្រទេសកម្ពុជានិងប្រទេសជិតខាងក្នុងតំបន់ ។
នៅចុងបញ្ចប់នៃបទសម្ភាសន៍ សម្តេច ហ៊ុន សែន បានតាងនាមរដ្ឋាភិបាលកម្ពុជានិងរូបសម្តេចផ្ទាល់និងក្នុងនាមជាមិត្តល្អរបស់ប្រទេសចិន សម្តែងការជូនពរបក្សកម្មុយនិស្តចិន រដ្ឋាភិបាលចិន និងប្រជាជនចិនឱ្យទទួលបានសមិទ្ធផលកាន់តែច្រើននៅពេលអនាគត ជាមួយគ្នានេះ ក៏រំពឹងថា ការអភិវឌ្ឍរបស់ប្រទេសចិននឹងបន្តរួមចំណែកចំពោះការអភិវឌ្ឍនៅក្នុងតំបន់និងទូទាំងពិភពលោកផងដែរ ។