ថ្ងៃទី ១២ ខែកញ្ញា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះផ្សាយបទអត្ថាធិប្បាយរបស់អ្នកវិភាគដែលមានចំណងជើងថា ប្រើចិត្តស្មោះនិងការប្រតិបតិ្តការជាក់ស្តែងដើម្បីបង្កបង្កើតល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់ការពិគ្រោះពិភាក្សា ។
ទាក់ទិននឹងរឿងដែលនាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានប្រកាសពីបញ្ជីឈ្មោះលើកទីមួយសម្រាប់លុបចោលការដំឡើងពន្ធគយចំពោះផលិតផលអាមេរិកមួយចំនួនដែលនាំចូលទៅកាន់ប្រទេសចិន និងអាមេរិកប្រកាសថានឹងពន្យារពេលដំឡើងពន្ធគយចំពោះផលិតផលចិនដែលនាំចូលទៅកាន់អាមេរិកក្នុងតម្លៃ២ សែន៥ម៉ឺនលានដុល្លារអាមេរិក បទវិភាគនេះសម្គាល់ថា នៅមុនពេលរៀបចំកិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកជុំទី១៣ នៅដើមខែ តុលាខាងមុខនេះ ភាគីទាំងពីរបានចាត់វិធានការរៀងខ្លួន និងបង្ហាញពីគោលបំណងនិងចិត្តស្មោះទៅវិញទៅមក ព្រមនិងបានធ្វើប្រតិបតិ្តការជាក់ស្តែងក្នុងការដើរស្របតាមគោលដៅតែមួយ វាបានបង្កបង្កើតល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់ជំរុញកិច្ចពិគ្រោះពិភាក្សាឱ្យទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងប្រាកដប្រជា ប្រការនេះសមស្របនឹងក្តីរំពឹងទុកនៃសហគមន៍អន្តរជាតិ ពោលគឺជារឿងដែលគួរឱ្យសាទរ ។ ដំណើរសន្ទនាជាងមួយឆ្នាំមកបានបង្ហាញឱ្យឃើញថា សង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះទេ ការដំឡើងពន្ធគយជាបន្តបន្ទាប់មិនមែនជាវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាពីឫសគល់នោះឡើយ មានតែប្រកាន់ខ្ជាប់ការផ្តល់សមភាពនិងគោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសន្ទនានិងសហប្រតិបតិ្តការក្នុងអាកប្បកិរិយាប្រកបដោយវិចារណញ្ញាណនោះទេ ទើបអាចដោះស្រាយជម្លោះនិងការខ្វែងគំនិតយ៉ាងពិតប្រាកដបាន ៕