កាលពីថ្ងៃទី២៩ខែសីហា នាយកដ្ឋានស្ថិតិជាតិចិនបានប្រកាសរបាយការណ៍ស្តីពីសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ របាយការណ៍បង្ហាញថា ចាប់តាំងពីឆ្នាំ២០០៦រៀងមក អត្រារួមវិភាគទានរបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានកាន់ឋានៈទីមួយលើពិភពលោក ហើយបានក្លាយជាក្បាលម៉ាស៊ីនទីមួយនៃកំណើនសេដ្ឋកិច្ចពិភពលោក ។
ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះ កម្លាំងសេដ្ឋកិច្ចរបស់ចិនបានកើនឡើងយ៉ាងជាក់លាក់ ។ នៅឆ្នាំ១៩៥២ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនគឺ៣ម៉ឺនលានដុល្លារអាមេរិក ហើយនៅឆ្នាំ២០១៨ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានឡើងដល់ជាង១៣ទ្រីលានដុល្លារអាមេរិក ពោលគឺកើន៤៥២,៦ដងធៀបនឹងឆ្នាំ១៩៥២ ។
ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនបង្កើតឡើងរយៈពេល៧០ឆ្នាំកន្លងទៅនេះ ប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់(GNI)របស់ចិនបានកើនឡើងគួរឱ្យកត់សម្គាល់ ។ តាមស្ថិតិនៃធនាគារពិភពលោកបានឱ្យដឹងថា នៅឆ្នាំ១៩៦២ ប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាពលរដ្ឋ(GNI)ម្នាក់របស់ចិនមានតែ៧០ដុល្លារអាមេរិកប៉ុណ្ណោះ ហើយនៅឆ្នាំ២០១៨ ប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាពលរដ្ឋ(GNI)ម្នាក់បានឡើងដល់៩៤៧០ដុល្លារអាមេរិក ។
បើគណនាតាមស្តង់ដារក្រីក្រនៅជនបទនាពេលបច្ចុប្បន្ននេះរបស់ប្រទេសចិន នៅឆ្នាំ១៩៧៨ ប្រជាជនក្រីក្រនៅជនបទរបស់ចិនគឺមានចំនួន៧រយ៧០លាននាក់ ហើយនៅចុងឆ្នាំ២០១៨ ប្រជាជនក្រីក្រនៅជនបទរបស់ចិនគឺមានចំនួន១៦លាន៦សែននាក់ ពោលគឺធ្លាក់ចុះ៧រយ៥០លាននាក់ធៀបនឹងឆ្នាំ១៩៧៨ ។ ប្រទេសចិនគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នៃអង្គការសហប្រជាជាតិមុនគេបង្អស់ ។