ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិននៅក្រុងប៉េកាំងកាលពីថ្ងៃទី១៦ខែឧសភា លោកថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានថ្លែងថា កម្ពុជាចាំបាច់ត្រូវបង្កលក្ខណសម្បត្តិល្អប្រសើរសម្រាប់ផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកទេសចរចិន។
លោកបានថ្លែងថា អរិយធម៌នៃបណ្តាប្រទេសអាស៊ីនានាមានភាពស្រដៀងគ្នាផង ហើយក៏មានភាពខុសប្លែកពីគ្នាផងដែរ ។កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីលើកនេះបានបង្កើតកាលានុវត្តភាពសម្រាប់បណ្តាប្រទេសអាស៊ីនានាលុបបំបាត់ការខ្វែងគំនិតនិងបង្កើនការយល់ដឹងគ្នាពោលគឺមានអត្ថន័យដ៏សំខាន់ ។
ឆ្នាំ២០១៩ជាឆ្នាំវប្បធម៌និងទេសចរណ៍ចិន–កម្ពុជា ។លោកថោងខុនបានថ្លែងថា ប្រទេសចិនគឺជាប្រទេសមានអ្នកទេសចរចេញទៅកម្សាន្តនៅក្រៅប្រទេសច្រើនជាងគេ ។ កម្ពុជាគួរតែរៀនសូត្រតាមបទពិសោធន៍របស់ប្រទេសចិន ដើម្បីផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកទេសចរចិន ។ បច្ចុប្បន្ន ប្រទេសកម្ពុជាបានបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនជាច្រើន នៅពេលខាងមុខនេះ កម្ពុជានឹងបន្តបង្កើនការបណ្តាក់ទុនលើវិស័យសេវាទេសចរណ៍ ហើយក៏ត្រូវការការវិនិយោគពីប្រទេសចិនកាន់តែច្រើនផងដែរ ។
សូមបញ្ជាក់ថា ពិព័រណ៍វប្បធម៌និងទេសចរណ៍អាស៊ីដែលមានរយៈពេល៣ថ្ងៃគឺបានផ្តួចផ្តើមរៀបចំដោយក្រសួងវប្បធម៌និងទេសចរណ៍ចិន កម្ពុជានិងឡាវបានចូលរួមពិព័រណ៍នេះក្នុងនាមជាប្រទេសកិត្តិយស ៕