មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបិទបញ្ចប់នៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៥ ខែមីនា។ គោលនយោបាយនិងការចាត់ចែងមួយចំនួនដែលអំណោយផលដល់កំណែទម្រង់និងការបើកទូលាយនៅជំហានបន្ទាប់នឹងត្រូវអនុវត្តជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លី។ ក្នុងសន្និសីទកាសែតបន្ទាប់ពីមហាសន្និបាតសភាបានបិទបញ្ចប់ លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ទោះជាកើតមានសភាពការណ៍ថ្មីយ៉ាងណាក្តី ប្រទេសចិននឹងថែរក្សាសេដ្ឋកិច្ចរបស់ខ្លួនឲ្យមានស្ថិរភាព ហើយសេដ្ឋកិច្ចចិននឹងធ្វើជាយុថ្កាដ៏សំខាន់មួយសម្រាប់ជួយរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក។
យោងតាមរបាយការណ៍ការងាររដ្ឋាភិបាលនៅឆ្នាំនេះ គោលដៅនៃទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៩ ត្រូវបានគេរំពឹងថា នឹងឈានពី ៦ ភាគរយទៅដល់ ៦.៥ ភាគរយ។លោក លីខឺឈាង នាយករដ្ឋមន្រ្តីចិនបានថែ្លងថា ប្រទេសចិននឹងបន្តលើកកម្ពស់វិធានការមួយចំនួន ដូចជាការកាត់បន្ថយពន្ធគយនិងថ្លៃចំណាយ ការអនុគ្រោះក្នុងការចូលក្នុងទីផ្សារនិងការបង្កើតបរិយាកាលស្មើភាពគ្នាដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ក៏ដូចជាជំរុញការអភិវឌ្ឍដែលមានគុណភាពខ្ពស់។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល លោក លីខឺឈាង បានលើកឡើងសាចុះសាឡើងនូវពាក្យ "កំណែទម្រង់"។លោកបានសន្យាថា រដ្ឋាភិបាលចិននឹងបន្តប្រកាន់ខ្ជាប់នូវធ្វើការកែទម្រង់តាមទីផ្សារភាវូបនីយកម្ម។លោកក៏បានចង្អុលបង្ហាញដែរថា ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយទៅកាន់អន្តរជាតិនិងបន្តពង្រឹងការការពារកម្មសិទ្ធិបញ្ញាផងដែរ។
ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសដែលត្រូវបានអនុម័តដោយសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ។ លោកលីខឺឈាងចង្អុលបង្ហាញថា ច្បាប់មួយនេះមិនគ្រាន់តែអាចការពារការវិនិយោគសម្រាប់ពាណិជ្ជករបរទេសនិងទាក់ទាញការវិនិយោគនៃពាណិជ្ជករបរទេសឲ្យបានកាន់តែល្អដោយមធ្យោបាយច្បាប់ប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យកិច្ចការរដ្ឋាភិបាលកាន់តែស្របនឹងក្បួនខ្នាតទៀតផង ។
លោកលីខឺឈាងថ្លែងថា និន្នាការឈានទៅមុខនៃទំនាក់ទំនងរវាងចិននិងអាមេរិកមិនបានផ្លាស់ប្តូរទេ ផលប្រយោជន៍រួមរវាងចិននិងអាមេរិកគឺច្រើនជាងការខ្វែងគំនិតគ្នា ។ ក្នុងពេលឆ្លើយសំណួរនាថ្ងៃដដែល លោកលីខឺឈាងក៏បានអធិប្បាយពីគោលជំហររបស់ភាគីចិនក្នុងបញ្ហាចិននិងរុស្ស៊ី ចិននិងអឺរ៉ុប ចិននិងជប៉ុន កូរ៉េខាងត្បូង និងឧបទ្វីបកូរ៉េជាដើម ៕