ពេលអញ្ជើញចូលរួមសន្និសីទពេញអង្គនៃគណៈប្រតិភូកងទ័ពរំដោះប្រជាជននិងកង ប៉ូលិសប្រដាប់អាវុធសម្រាប់ចូលរួមមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ កាលពីរសៀលថ្ងៃទី ១២ ខែមីនា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានបញ្ជាក់ថា ឆ្នាំ២០១៩នេះ ជាឆ្នាំដ៏សំខាន់មួយសម្រាប់កងទ័ពចិនក្នុងការបង្កើនការអនុវត្តជាក់ស្តែងនូវ«ផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៥ ឆ្នាំទី ១៣» និងការសម្រេចឲ្យបាននូវគោលដៅនៃការបង្កើនការការពារជាតិនិងកងទ័ពឆ្នាំ ២០២០ ។ ដូច្នេះកងទ័ពទាំងមូលត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាថាអាចសម្រេចបានតាមគោលដៅដែលបានកំណត់ ។
លោកស៊ីជីនភីងបានបញ្ជាក់ថា ត្រូវធ្វើការងារសំខាន់ៗមួយចំនួនឲ្យបានល្អ ដូចជាការបំពេញតម្រូវការជាបន្ទាន់សម្រាប់ការត្រៀមធ្វើការប្រយុទ្ធផ្នែកយោធា ការគាំទ្រជាចាំបាច់សម្រាប់ប្រព័ន្ធប្រយុទ្ធ ការធ្វើកំណែទម្រង់ផ្នែកការពារជាតិនិងកងទ័ពជាដើម ដើម្បីធានាថា អាចបន្តធ្វើទំនើបកម្មនៃការការពារជាតិនិងយោធាតទៅទៀត ។
លោកស៊ីជីនភីងបានបញ្ជាក់ទៀតថា កងទ័ពទាំងមូលត្រូវយល់ឲ្យច្បាស់និងអនុវត្តតាមការប្តេជ្ញាចិត្តនិងគោលបំណងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គាំពារយ៉ាងដាច់ខាតនូវអធិបតេយ្យភាព សន្តិសុខ ការអភិវឌ្ឍនិងផលប្រយោជន៍ជាតិ ក៏ដូចជាគាំពារស្ថិរភាពសង្គមទាំងមូល ។