ថ្ងៃទី១០ខែមីនា ពេលចូលរួមការពិនិត្យពិភាក្សាអំពីរបាយការណ៍ការងាររដ្ឋាភិបាលជាមួយតំណាងប្រជាជនទូទាំងប្រទេសចិននៃខេត្តហុកគៀន លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងថា ត្រូវតែស្វែងរកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ត្រើយទាំងសងខាងត្រូវតែលើកកម្ពស់ភាពងាយស្រួលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ខាងប្រភពថាមពលនិងការប្រើប្រាស់ស្តង់ដារឧស្សាហកម្មដូចគ្នា ដើម្បីខិតខំប្រឹងប្រែងកសាងខេត្តហុកគៀនឱ្យទៅជាភូមិឋានទី១សម្រាប់សហគ្រាស ជនរួមជាតិតៃវ៉ាន់មកប្រកបអាជីវកម្មនៅដីគោកចិន។
ឆ្នាំ២០១៩គឺជាខួបឆ្នាំទី៤០នៃការដាក់ចេញសារលិខិតជម្រាបជូនបងប្អូនជនរួមជាតិតៃវ៉ាន់។ ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតរំលឹកកាលពីដើមឆ្នាំ២០១៩នេះ លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ត្រូវធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងពង្រឹងមូលដ្ឋាននៃការបង្រួបបង្រួមជាតិដោយសន្តិភាព។ លោកបានថ្លែងទៀតថា នឹងបន្តចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍នៃ ចិនដីគោកជាមួយបងប្អូនជនរួមជាតិតៃវ៉ាន់ ដើម្បីធ្វើឱ្យបងប្អូនជនរួមជាតិតៃវ៉ាន់មានអារម្មណ៍ទទួលបានកាន់តែច្រើន។ លើសពីនេះ នាថ្ងៃទី១០ខែមីនា លោកបានថ្លែងទៀតថា នឹងផ្តល់សុភមង្គលនិងផលប្រយោជន៍ជូនបងប្អូនជនរួមជាតិតៃវ៉ាន់ដូចគ្នានឹងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋចិនដីគោក ពោលគឺនឹងអនុវត្តជាក់ស្តែងនូវវិធានការអនុគ្រោះដល់ចិនតៃវ៉ាន់ ជាមួយគ្នានេះដែរនឹងស្តាប់តម្រូវការរបស់បងប្អូនជនរួមជាតិតៃវ៉ាន់ ក៏ដូចជាសិក្សាស្រាវជ្រាវពីការដាក់ចេញវិធានការនិងគោលនយោបាយដែលអនុគ្រោះដល់តៃវ៉ាន់។
សូមបញ្ជាក់ថា លោកស៊ីជីនភីងធ្លាប់បំពេញការងារនៅខេត្តហុកគៀនរយៈពេល១៧ឆ្នាំ គឺស្គាល់ច្បាស់ចំពោះសភាពការណ៍នៃតៃវ៉ាន់។ តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោកបានថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងតៃវ៉ាន់នៅគ្រប់កាលៈទេសៈជួបពិភាក្សាជាមួយឥស្សរជនតៃវ៉ាន់ ដែលញ៉ាំងឱ្យមជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់ខ្ពស់៕