ពេលថ្មីៗនេះ លោកគង់ សិរីរ័ត្ន មន្ត្រីនៃក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់វិទ្យុអន្តរជាតិចិនថា ប្រទេសចិនមិនគ្រាន់តែជាមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលបានឈានមុខក្នុងវិស័យ បច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ។ ការថ្លែងបែបនេះធ្វើឡើង ខណៈដែលមជ្ឈមណ្ឌលព័ត៌មាននៃមហាសនិ្នបាតលើកទីពីរនៃសភាទាំងពីររបស់ប្រទេសចិនបានដាក់ឱ្យដំណើរនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបជំនាន់ទី៥(5G)ដើម្បីផ្តល់នូវងាយស្រួលដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមផ្សព្វផ្សាយព័ត៌មានអំពីមហាសនិ្នបាតលើកទីពីរនៃសភាទាំងពីររបស់ប្រទេសចិន។
លោកគង់ សិរីរ័ត្នបានសង្កត់ធ្ងន់ថា ការបង្អួតសាច់ដុំខាងបច្ចេកវិទ្យារបស់ប្រទេសចិន ពិតជាធ្វើឱ្យពិភពលោកស្ងប់ស្ងែង។ ជាក់ស្តែងកម្មវិធីមួយភាគធំដែលពិភពលោកគ្មានឬមិនទាន់ដំណើរការ គឺប្រទេសចិនកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ។ លោកបានបន្ថែមឱ្យដឹងទៀតថា ការដាក់ឱ្យដំណើរនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបជំនាន់ទី៥(5G)ដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅឯមហាសនិ្នបាតលើកទីពីរនៃសភាទាំងពីររបស់ប្រទេសចិនគឺពិតជាផ្តល់នូវភាពងាយស្រួល ប្លែក រហ័ស ទូលំទូលាយនិងប្រកបដោយអានុភាពនិងប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា កម្ពុជាបើកទូលាយនិងរីករាយសម្រាប់គ្រប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ពិសេសលើវិស័យបច្ចេកវិទ្យាចុងក្រោយបង្អស់ 5G នេះ ខណៈម្ចាស់អាជីវកម្មនៅកម្ពុជា កំពុងពិចារណាពីយុទ្ធសាស្ត្ររបស់ខ្លួនលើការប្រើប្រាស់សេវា5Gនេះ។លោកជឿជាក់ថា វត្តមាន5Gនៅកម្ពុជានឹងកាន់តែអំណោយផលដល់អ្នកប្រើប្រាស់ប្រតិបត្តិករទូរគមនាគមន៍ ពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសនិងមជ្ឈដ្ឋាននានាទទួលបាននូវសេវាអ៊ីនធឺណែត កម្រិតខ្ពស់ ក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន៕