នៅដើមខែមីនាដែលទើបចូលរដូវផ្ការីក មហាសន្និបាតសភាទាំងពីរនៃប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ រសៀលថ្ងៃទី៤ ខែមីនា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅសួរសុខទុក្ខសមាជិកសមាជិកានៃសភាប្រឹក្សានយោបាយប្រជាជនដែលមកពីមជ្ឈដ្ឋានវប្បធម៌វិចិត្រសិល្បៈនិងវិទ្យាសាស្តសង្គមដែលអញ្ជើញចូលរួមមហាសនិ្នបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ ព្រមនិងស្តាប់មតិយោបល់និងសំណើរបស់សមាជិកទាំងឡាយ ៕ ប្រការនេះត្រូវបានមជ្ឈដ្ឋានខាងក្រៅយល់ឃើញថា ជាការផ្តល់អនុសាសន៍ដ៏សំខាន់ម្តងទៀតរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសចិនរូបនេះចំពោះការអភិវឌ្ឍវិស័យវប្បធម៌និងវិចិត្រសិល្បៈរបស់ប្រទេសចិន បន្ទាប់ពីការរៀបចំពិធីសំណេះសំណាលអំពីការងារវប្បធម៌និងវិចិត្រសិល្បៈដែលធ្វើនៅឆ្នាំ២០១៤។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការផ្តល់ចំណីអារម្មណ៍ជូនប្រជាជនដោយស្នាដៃល្អៗ រាល់ការបង្កើតស្នាដៃវប្បធម៌និងវិចិត្រសិល្បៈនិងការសិក្សាស្រាវជ្រាវដែលមានតម្លៃនិងមានសារៈសំខាន់ សុទ្ធតែត្រូវឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ត្រូវមានអំណោយផលដល់ការដោះស្រាយបញ្ហាជាក់ស្តែង ។ លោកសង្ឃឹមសមាជិកសមាជិកាគ្រប់រូបអាចខិតខំបង្ហាញនូវស្មារតីចិន តម្លៃចិននិងកម្លាំងចិន ដោយឈរលើមូលដ្ឋាននៃស្ថានភាពពិតជាក់ស្តែងរបស់ប្រទេសចិន ។ ការបង្កើតស្នាដៃវប្បធម៌និងវិចិត្រសិល្បៈត្រូវចាត់ទុកសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួននិងយុគសម័យជាមូលដ្ឋាន ដើម្បីលើកកម្ពស់កម្រិតនៃស្មារតី ខ្លឹមសារវប្បធម៌និងតម្លៃវិចិត្រសិល្បៈរបស់វណ្ណកម្មនីមួយៗ ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ទៀតថា ត្រូវប្រកាន់ខ្ជាប់ការដើរទន្ទឹមជាមួយយុគសម័យ ។សង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនបានឈានចូលយុគសម័យថ្មីហើយ ។លោកស៊ីជីនភីងរំពឹងថា សមាជិកសមាជិកាគ្រប់រូបអាចរ៉ាប់រងភារកិច្ចស្តីពីការកត់ត្រាយុគសម័យថ្មី ចារទំព័រយុគសម័យថ្មីនិងកោតសរសើរពីយុគសម័យថ្មី ហើយស្រាយចំណោទនៃយុគសម័យដោយអង់អាចក្លាហាន បង្កើតស្នាដៃរបស់ខ្លួនក្រោមប្រធានបទច្នៃប្រឌិតដ៏មហិមារបស់ប្រទេសចិនបច្ចុប្បន្ន ដើម្បីឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅនូវបម្រែបម្រួលយ៉ាងខ្លាំងរបស់យុគសម័យថ្មី និងពិពណ៌នាអំពីរូបភាពនៃស្មារតីយុគសម័យថ្មី។
សុន្ទរកថារបស់លោកស៊ីជីនភីងបាននាំឲ្យសមាជិកសមាជិកានៃសភាប្រឹក្សានយោបាយគ្រប់រូបមានចំណាប់អារម្មណ៍ដូចគ្នាយ៉ាងខ្លាំង ។និយាយដល់ស្នាដៃឆ្នើម លោកJackie Chanសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាតារាភាពយន្តល្បីឈ្មោះនៃប្រទេសចិនបានប្រាប់អ្នកសារព័ត៌មានអំពីភាពយន្តរឿង”The Wandering Earth”ដែលជាភាពយន្តប្រឌិតបែបវិទ្យាសាស្រ្តខ្នាតធំទី១នៃប្រទេសចិន លោកបាននិយាយថា ជនបរទេសជាច្រើនបានប្រាប់ខ្ញុំថា ពួកគេនឹកស្មានមិនដល់ទេថាប្រទេសចិនអាចថតបានភាពយន្តវិទ្យាសាស្រ្តល្អបែបនេះ! ឃើញភាពយន្តមួយនេះទទួលបានការពេញនិយមខ្លាំងបែបនេះ ខ្ញុំសប្បាយចិត្តណាស់ វាបញ្ជាក់ថា យើងក៏មានសមត្ថភាពថតភាពយន្តវិទ្យាសាស្រ្តដ៏អស្ចារ្យបែបនេះដែរ
“តើធ្វើយ៉ាងដូចម្តេចទើបអាចធ្វើឲ្យស្នាដៃសិល្បៈបម្រើដល់ប្រជាជនឲ្យបានកាន់តែល្អ?”នេះគឺជាប្រធានបទក្នុងសុន្ទរកថារបស់លោកFengYuanzhengសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាអ្នកសម្តែងល្ខោននិយាយដ៏ល្បីឈ្មោះនៃប្រទេសចិន។លោកប្រាប់អ្នកសារព័ត៌មានថា លោកអគ្គលេខាធិការបក្សបានមានប្រសាសន៍ថា អ្នកបង្កើតស្នាដៃសិល្បៈត្រូវតែមានស្មារតី ប្រការនេះធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ ខ្ញុំសម្គាល់ថា ស្មារតីបែបនេះគឺជាស្មារតីចិន “អ្វីៗទាំងអស់គឺធ្វើឡើងសម្រាប់ប្រជាជន”គឺជាគោលបំណងចម្បងរបស់អ្នកសិល្បៈ យើងត្រូវចាត់ទុកគោលបំណងនេះជាបេសកកម្មមួយដើម្បីបន្តវេនទៅគ្រប់ជំនាន់៕