翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការចូលរួមកិច្ចការនយោបាយនិងចូលរួមពិភាក្សាអំពីកិច្ចការនយោបាយតាមបែបប្រជាធិបតេយ្យ ប្រទេសចិនប្រមូលកម្លាំងនិងផ្តល់កម្លាំងចលករជាបន្តបន្ទាប់

2019-03-04 22:58:44 cri

       នៅខែមីនារៀង​​រាល់ឆ្នាំ​ មហាសន្និបាត​នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​និង​មហាសន្និបាត​នៃ​សភាប្រឹក្សានយោបាយ​ប្រជាជនទូទាំង​ប្រទេសចិន​​បើកធ្វើក្នុង​ពេល​ទន្ទឹម​ ​គ្នា​ ។ រយៈកាល​មួយ​នេះមិន​គ្រាន់​តែ​ជា​រយៈកាលគន្លឹះ​សម្រាប់​គ្រោង​ផែនការអភិវឌ្ឍ​ជាតិ​​មួយ​ឆ្នាំ​របស់​ប្រទេសចិន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​បង្អួច​ដ៏​សំខាន់សម្រាប់​ពិភពលោក​ស្វែង​យល់​ពី​​ស្ថានភាពរបស់​ប្រទេសចិន​ផងដែរ ។ ក្នុងនាមជា​របៀបវារៈ​​រដ្ឋ​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់ប្រទេសចិន​ មហាសន្និបាត​នៃសភាប្រឹក្សានយោបាយប្រជាជនប្រទេសចិន​មាន​តួនាទីពិសេស​ជាប់រហូតក្នុង​ដំណើរ​អភិវឌ្ឍន៍​​របស់ប្រទេសចិនថ្មីក្នុង​​​រយៈ​ពេល​ជិត ៧០ ​ឆ្នាំ ដែល​បាន​ពូនជ្រុំ​កម្លាំង​កាយ​ចិត្ត​របស់ប្រជាជន​ទាំង​ជាតិ​និង​អន្តរជាតិ​ បានបង្កើត​ជា​​កម្លាំងចលករសម្រាប់​ការបង្កើត​អច្ឆរិយ​នៃការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់របស់​ប្រទេសចិន​​ ។ 

      ក្នុង​នាម​​​ជាប្រទេសមួយដែលមានចំនួន​ប្រជាជនច្រើនជាងគេ​លើ​ពិភពលោក ​​ប្រជាជន​ចិនគឺ​​​មាន​សំណូមពរច្រើន​បែបយ៉ាង​ ក៏ប៉ុន្តែ​ ប្រជាជនចិន​មាន​គំនិត​ឯកភាព​រួម​មួយ​ដែល​ថា ត្រូវតែ​សម្រេចការស្តារភាព​រុង​រឿង​ដ៏​​មហិមា​របស់ប្រជាជាតិ​ចិនឡើង​វិញ​​ ដែលជា​ឧត្តមគតិ​រួម​របស់​ប្រជាជន​ចិន​ចំនួនជិត ១៤០លាន​នាក់​ ។ ក្នុង​នាម​ជាស្ថាប័ន​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរបក្ស​និង​ពិគ្រោះ​ពិភាក្សាអំពី​​កិច្ចការនយោបាយដែល​ដឹក​នាំ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ជា​គណបក្ស​កាន់​អំណាច​ សភាប្រឹក្សា​នយោបាយ​ប្រជាជន​បាន​ដើរ​តួនាទី​ជាស្ពាន​សំខាន់​​ក្នុង​ការ​មូលមតិ​យោបល់​ បង្កើតជាកម្លាំង​រួម​ ជំរុញ​ការអភិវឌ្ឍ​នៃ​ប្រទេសជាតិ​និង​ការងើប​ឡើង​វិញ​នៃប្រជាជាតិ​រវាង​ស្រទាប់​សម្រេច​គោលនយោបាយ​នៃ​មជ្ឈិម​ចិន​និង​គ្រប់​មជ្ឈដ្ឋាន​របស់ប្រទេសចិន​ ។​

      ​សាមគ្គីភាព​និង​ប្រជាធិបតេយ្យ​ជាប្រធានបទ​ធំទាំង​ពីរ​នៃការងារ​របស់សភាប្រឹក្សានយោបាយ​ ។ ​​សមាជិកសមាជិការ​នៃសភាប្រឹក្សា​នយោបាយគឺ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ក្នុង​សង្គម​ចិន​ ដែល​ប្រកប​ដោយភាព​ជា​​តំណាង​យ៉ាង​ទូលំទូលាយ​ ស្ថាប័ន​នេះ​ក៏​សម្រេច​ថា​ អង្គការ​មួយ​នេះ​អាច​ប្រមូលផ្តុំ​កម្លាំង​នៃ​គ្រប់​មជ្ឈដ្ឋាន​នានា​ក្នុង​សង្គម​ចិន​ ។ ឧទាហរណ៍​ដូចជា​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី​១៣​ ក្នុង​ចំណោម​សមាជិក​សមាជិកាសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​ចំនួនជាង ២០០០ រូប​​ មាន ៣៩,៨%​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​​ មាន​ ៦០,២%មិន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​ក្នុង​នោះ​មាន​បក្ស​ប្រជាធិបតេយ្យ​ចំនួន​ ៨ និង​សមាគម​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​ទូទាំង​ប្រទេសចិន​ ឥស្សរជនមិន​ចូល​បក្ស​ ហើយ​ក៏​មាន​តំណាងជាបុគ្គល​​ឆ្នើមនៃ​មុខរបរ​នានា​​ ឥស្សរជន​ហុងកុងនិងម៉ាកាវ​ តំណាង​នៃ​ជនជាតិភាគតិច​និង​តំណាង​នៃ​មជ្ឈដ្ឋាន​សាសនា​ ព្រមនិង​ឥស្សរជន​ជំនាញ​ដែលមក​ពី​មជ្ឈដ្ឋាន​សិល្បៈនិង​កីឡា ។

      ក្នុងនាមជា​ចំណែកដ៏សំខាន់មួយ​នៃ​ប្រព័ន្ធ​អភិបាលកិច្ចជាតិ​ចិន​ ​“ការ​យល់ដឹង​អំពីកា​រ​ពិប្រឹក្សា​​នយោបាយ​ ​និង​ប្រសប់​ក្នុងការ​ប្រឹក្សា​​នយោបាយ​”គឺ​ជា​គោលការណ៍ដ៏​សំខាន់​ដែល​សមាជិក​សភា​ប្រឹក្សា​នយោបាយប្រជាជន​ទូទាំង​ប្រទេសចិន​និង​​សមាជិក​សមាជិកា​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនទូទាំង​ប្រទេសចិន​ក្នុង​យុគសម័យ​ថ្មី​ត្រូវ​គោរព​តាម​​ក្នុង​ពេល​​បំពេញ​តួនាទី​។​ ​និយាយ​ដោយ​លម្អិត​ ​គឺ​សមាជិក​សមាជិកា​សភា​ប្រឹក្សា​នយោបាយ​ប្រជា​ជន​​លើក​​សំណើ​ដើម្បី​​ជំរុញ​ការ​អភិវឌ្ឍ​​ប្រទេស​ជាតិ​ ​ដូច្នេះ​ ​បញ្ហា​ប្រឈម​ក្នុង​កា​រអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​​ក៏​ដូចជា​ការ​រស់នៅ​របស់ប្រជាជន​គឺ​ជា​ចំណុច​សំខាន់​នៃ​ការងារ​របស់​ស្ថាប័នសភា​ប្រឹក្ស​នយោបាយ​និង​សមាជិក​សមាជិកា​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​គ្រប់​ស្រទាប់ជាន់​ថ្នាក់​។

​      តាម​ស្ថិតិឱ្យដឹង​ថា​ ​តាំង​ពីការ​បើក​ធ្វើ​​មហាសន្និបាត​លើក​ទី​១​នៃ​សភា​ប្រឹក្សា​នយោបា​យ​ប្រជាជ​ន​ទូទាំង​ប្រទេស​ចិន​នីតិកាលទី​១៣​ម​ក ​បាន​ទទួល​សំណើ​របស់​សមាជិកសមាជិកា​​សភា​ប្រឹក្សា​នយោបាយ​ទូទាំង​ប្រទេស​ចិន​សរុប​​៥៣៦០ករណី​ ក្នុងនោះ​មាន​៤៥៦៧​ករណី​បានអនុវត្ត​រជា​ផ្លូវ​ការ​ ​បច្ចុប្បន្នមាន​​សំណើរ​ចំនួន​៩៩,២​%​បាន​ទទួល​ការ​ដោះស្រាយ​ពី​​រដ្ឋាភិបាល​។​ ​​សំណើ​ទាំង​នេះ​មាន​ពាក់ព័ន្ធនឹង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រក​ប​ដោយ​គុណភាព​ខ្ពស់​​ ​ការ​ជំរុញ​កំណែ​ទម្រង់​ផ្នែក​នយោបាយ​ ​ការ​ធ្វើ​ឱ្យ​មាន​នីតិរដ្ឋដោយ​គ្រប់​ជ្រុងជ្រោយ​​ ការ​កែលម្អ​និង​ធានា​ជីវភាពរស់នៅ​របស់ប្រជាជន​ ​និង​ការ​ជំរុញ​ដំណើរ​បង្រួបបង្រួម​ប្រទេស​ជាតិ​ដោយ​សន្តិវិធី​ជាដើម​ ​ដែល​បាន​ផ្តល់​ការ​ធានា​និង​ការ​គាំទ្រយ៉ាង​សំខាន់​សម្រាប់ការ​សម្រេច​​គោល​នយោបាយរបស់​រដ្ឋាភិបាល​ចិន​​។​

​      ការ​ប្រឹក្សា​នយោបាយ​ដោយកា​រចូលរួម​ពី​សំណាក់​​ប្រជាជន​គឺ​ជា​រូបភាព​ដ៏​សំខាន់​សម្រាប់​ប្រទេ​ស​ចិន​សម្រេច​ប្រជាធិបតេយ្យ​ប្រជាជន​ ​ការ​ពិភាក្សា​នយោបាយ​ ​កា​រត្រួតពិនិត្យ​បែប​ប្រជាធិតេយ្យ​និង​កា​រ​ចូលរួម​និង​​ពិភាក្សា​នយោបាយ​បាន​បង្ហាញ​ដោយ​ពេញលេញ​នូវ​កម្លាំង​រស់រវើក​នៃ​របប​ប្រជាធិបតេយ្យ​សង្គមនិយម​។ ក្នុង​ដំណើរ​បំពេញ​តួនាទី​ ​សមាជិកសមាជិកា​​សភា​ប្រឹក្សា​នយោបាយ​​ប្រជាជន​គ្រប់​ជាន់​ថ្នាក់​បាន​លើ​ក​មតិ​យោបល់​ ​ការ​រិះគន់​និង​សំណើ​ចំពោះ​ការងារ​រដ្ឋាភិបាល​និង​រដ្ឋបាល​គ្រប់ជាន់​​ថ្នាក់​តាម​រូបភាព​ពិភាក្សា​នយោបាយ​ ​ដែល​បាន​ដើរ​តួនាទី​ដែល​មាន​​ឥទ្ធិពល​ផ្នែក​នយោបាយ​យ៉ាង​ខ្លាំងក្លា​។

​      ឆ្នាំ​២០១៩​គឺជា​ខួប​ទី​៧០​នៃ​ការ​បង្កើត​ប្រទេស​ចិន​ថ្មី​ ​ហើយ​ក៏ជា​ខួប​ទី​៧០​នៃ​ការ​បង្កើត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ផង​ដែរ​។​ ​ដំណើរ​រយៈ​៧០​ឆ្នាំ​បាន​បញ្ជាក់ថា​ ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ដែល​លើក​សំណើ​និង​ពិភាក្សា​អំពី​កិច្ចការ​រដ្ឋ​គឺជាវេទិកា​សម្រាប់កា​របញ្ចេញ​មតិយោបល់​របស់​ប្រជាជន​ ​ហើយ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ក៏ជា​អង្គការ​រណសិរ្ស​ឯកភាពស្នេហា​​ជាតិ​ដ៏​ទូលំទូលាយ​បំផុត​ដែល​បាន​រួម​វិភាគទាន​យ៉ាង​សំខាន់​ក្នុងការ​បង្កើត​ជា​បរិយាកាស​ខាង​ក្រៅ​ដ៏​ល្អ​ប្រសើរ​​សម្រាប់​ការ​អភិវឌ្ឍ​​នៃ​ប្រទេស​ជាតិ​ផង​ដែរ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស