ឆ្នាំនេះជាខួបទី ៧០ នៃការបង្កើតប្រទេសចិនថ្មី ហើយក៏ជាឆ្នាំគន្លឹះដើម្បីយកជ័យជម្នះក្នុងកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ បញ្ញវន្តនិងអ្នកជំនាញបរទេសបានផ្តោតការយកចិត្តទុកដាក់ទៅលើមហាសនិ្នបាតនៃសភាទាំងពីរក្នុងឆ្នាំ ២០១៩របស់ប្រទេសចិន ព្រមទាំងបានចូលរួមវាយតម្លៃយ៉ាងសកម្មទៅលើរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន ហើយក៏រំពឹងថាមហាសន្និបាតនៃសភាទាំងពីរអាចបញ្ចេញសញ្ញាវិជ្ជមានកាន់តែច្រើន ប្រទេសចិនអាចដាក់ចេញគោលនយោបាយថ្មីកាន់តែច្រើន ក្នុងន័យនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដើម្បីវិបុលភាពនិងវឌ្ឍនភាពរបស់ពិភពលោក ។
លោក Ernesto Hilario អ្នកនិពន្ធនៃកាសែត Business Mirror ប្រទេសហ្វីលីពីនបានចាប់អារម្មណ៍ដល់ការអភិវឌ្ឍរបស់ប្រទេសចិនរយៈពេលជាង៤០ឆ្នាំហើយ ។ លោកសង្កេតឃើញថា បើគ្មានការដឹកនាំយ៉ាងមុតមាំរបស់បក្សកុម្មុយនិស្តចិននោះទេ សេដ្ឋកិច្ចនិងសង្គមនៃប្រទេសចិនក៏មិនអាចទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដូចបច្ចុប្បន្ននោះដែរ ។
លោក Hariyadi Sukamdani ប្រធានសមាគមសហគ្រិននៃប្រទេសឥណ្ឌូនេស៊ីបានលើកឡើងថា ប្រទេសចិនទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់លើវិស័យបច្ចេកវិទ្យា ចំណែកឯសេដ្ឋកិច្ចឌីជីថលក៏ញ៉ាំងឲ្យអ្នកផងចាប់អារម្មណ៍ផងដែរ ហើយការប្តូររូបមន្តនិងលើកកម្ពស់កម្រិតរចនាសម័្ពន្ធក៏ពោរពេញដោយកម្លាំងរស់រវើកផងដែរ ។ ប្រទេសចិនប្រកាន់ខ្ជាប់ការដើរតាមផ្លូវសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន ផ្លូវមួយនេះជាផ្លូវអភិវឌ្ឍន៍ដោយសនិ្តភាពដែលបានឆ្លងកាត់ការពិសោធន៍រួចហើយ ៕