徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយីជួបសន្ទនាជាមួយលោកហោណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា

2018-12-17 11:13:26 cri

    កាលពី​ថ្ងៃទី ១៦ ខែធ្នូ​តាមម៉ោង​តំបន់ លោកវ៉ាងយី សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្ត្រី​ការបរទេសចិន​បានជួបសន្ទនា​ជាមួយ​លោកហោណាំហុង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ដែលអញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​លើកទី ៤ នៃ​កិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង-​ទន្លេមេគង្គ​នៅ​ប្រទេសឡាវ ។

    លោកវ៉ាងយី​បានថ្លែងថា តាំងពី​បានបង្កើត​ទំនាក់ទំនង​ផ្លូវទូត ៦០ ឆ្នាំ​រៀងមក ទំនាក់ទំនង​រវាង​ប្រទេសចិន​និង​កម្ពុជា​នៅតែ​រក្សាភាពរឹងមាំ និងបាន​រក្សា​កម្លាំងរស់​ដ៏ខ្លាំងក្លា ។ ភាគីចិន​មានឆន្ទៈ​រក្សា​ការសម្របសម្រួល​និងកិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​យ៉ាងជិតស្និទ្ធ​ជាមួយ​ភាគីកម្ពុជា ដើម្បីកសាង​សហគមន៍​រួមវាសនា​ដ៏មាន​អត្ថន័យ​យុទ្ធសាស្ត្រ​រវាង​ចិននិង​កម្ពុជា ។

    លោកវ៉ាងយី​ចង្អុលបង្ហាញថា ភាគីចិន​គាំទ្រ​យ៉ាងរឹងមាំ​នូវ​កិច្ចការ​យុត្តិធម៌​របស់​ប្រទេសកម្ពុជា​ក្នុងការគាំពារ​អធិបតេយ្យភាព​ឯករាជ្យជាតិ​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ ហើយ​គាំទ្រ​យ៉ាងរឹងមាំ​ចំពោះ​ប្រទេសកម្ពុជា​ក្នុងការដើរតាម​ផ្លូវអភិវឌ្ឍ​ដែលសមស្រប​នឹង​សភាពការណ៍ជាតិ​របស់ខ្លួន ។ យើង​រីករាយ​រួមជាមួយ​ភាគីកម្ពុជា​ក្នុងការ​រៀបចំ​ឲ្យបានល្អ​នូវ​ទំនាក់ទំនង​កម្រិតខ្ពស់​នៅ​ដំណាក់កាល​បន្ទាប់ ដើម្បី​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​កាន់តែ​ស៊ីជម្រៅ ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កាន់តែច្រើន និង​បង្កើន​ការផ្លាស់ប្តូរ​រវាង​យុវជន​ប្រទេស​ទាំងពីរ ធ្វើឲ្យ​មិត្តភាព​ចិននិង​កម្ពុជា​តពី​មួយជំនាន់​ទៅមួយជំនាន់ ។ ភាគីចិន​សង្ឃឹមថា​នឹងធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង-​ទន្លេមេគង្គ និង​ដើម្បីសម្រេច​ការអភិវឌ្ឍ​រួមគ្នា ។

    លោកហោណាំហុង​បានថ្លែងអំណរគុណ​​ភាគីចិន​ដែលបាន​ផ្តល់​ការគាំទ្រ​និង​ការជួយឧបត្ថម្ភ​ដោយ​ឥតល័ក្ខខ័ណ្ឌ​ជាច្រើន​ដល់​ភាគីកម្ពុជា ។ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា​រីករាយ​ចូលរួម​វេទិកា​កំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​លើកទី ២ នៅប្រទេសចិន ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ភាគីទាំងពីរ​ ពង្រីក​ការវិនិយោគ​និង​បង្កើន​ការទៅមក​រវាង​មន្ត្រី​នៃភាគី​ទាំងពីរ​ថែមមួយ​កម្រិតទៀត ។ ភាគីកម្ពុជា​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង-​ទន្លេមេគង្គ រីករាយ​ផ្លាស់ប្តូរ​និង​សម្របសម្រួល​យ៉ាងជិតស្និទ្ធ​ជាមួយ​ភាគីចិន ដើម្បីជំរុញ​យន្តការនេះ​ឲ្យទទួលបាន​លទ្ធផល​វិជ្ជមាន​ឥតឈប់ឈរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស