កាលពីថ្ងៃទី ៤ ខែ ធ្នូ តាមម៉ោងនៅក្នុងតំបន់ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Marcelo Rebelo de Sousa ប្រធានាធិបតីព័រទុយហ្គាល់។ប្រមុខរដ្ឋនៃប្រទេសទាំងពីរយល់ព្រមជាឯកច្ឆន្ទថា ឆ្លៀតយកខួបទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងព័រទុយហ្គាល់ជាចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មីមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងព័រទុយហ្គាល់ឲ្យទទួលបានសមិទ្ធផលថ្មីនិងបើកទំព័រថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងព័រទុយហ្គាល់។
ថែ្លងក្នុងកិច្ចជំនួប លោក ស៊ីជីនភីង បានចង្អុលបង្ហាញថា ប្រទេសចិនកោតសរសើរដល់ព័រទុយហ្គាល់ចំពោះការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយនិងមានឆន្ទៈបន្តការយល់ដឹងគ្នានិងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងការយកចិត្តទុកដាក់សំខាន់ៗ។ភាគីទាំងពីរគួរតែយកឱកាសនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការនៃកិច្ចកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"រវាងរដ្ឋាភិបាលចិននិងព័រទុយហ្គាល់ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដោយគ្រប់ជ្រុងជ្រោយនិងជំរុញការតភ្ជាប់គ្នា។ភាគីទាំងពីរគួរតែពង្រឹងការសម្របសម្រួលពហុភាគី ធ្វើការទាក់ទងគ្នានិងការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាអន្តរជាតិនិងតំបន់ ក៏ដូចជារួមគ្នាការពារពហុភាគីនិយមនិងពាណិជ្ជកម្មសេរី។
ជាការឆ្លើយតប លោក Marcelo Rebelo de Sousa បានថែ្លងថា ក្នុងឱកាសខួបទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព័រទុយហ្គាល់និងចិនខិតជិតមកដល់ ព័រទុយហ្គាល់ទន្ទឹមរង់ចាំធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននៅក្នុងវិស័យផេ្សងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងវប្បធម៌មនុស្សជាតិជាដើម និងសំដែងការស្វាគមន៍ចំពោះសហគ្រាសចិនពង្រីកការវិនិយោគនៅប្រទេសព័រទុយហ្គាល់។ប្រទេសព័រទុយហ្គាល់គាំទ្រគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ហើយមានឆន្ទៈចង់ក្លាយជាមជ្ឈមណ្ឌលស្នូលនៃជំនួញផ្លូវសូត្រលើដីគោកនិងលើសមុទ្រនៅទ្វីបអឺរ៉ុបទៀតផង៕