យប់ថ្ងៃទី ៧ ខែវិច្ឆិកា ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិនបានរៀបចំពិធីអបអរសាទរបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា លើកទី៦៥នៅក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ។ លោក Wang Dongming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន មន្ត្រីក្រសួង ស្ថាប័នពាក់ពន្ធនៃប្រទេសចិន ព្រមនិងមន្ត្រីទូតនៃបណ្តាប្រទេសប្រចាំនៅប្រទេសចិនបានអញ្ជើញចូលរួមពិធីនេះ ។
ថ្លែងក្នុងពិធី លោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិនបានលើកឡើងថា កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋទ្រង់បានដឹកនាំប្រជាជាតិទាំងមូលទាមទារបានឯករាជ្យពេញបរិបូណ៌ជូនជាតិមាតុភូមិ ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសន្តិភាពនិងស្ថិរភាព មានការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងឆាប់រហ័សដែលបានទាក់ទាញវិនិយោគទុនបរទេសកាន់តែច្រើនឡើងៗទៅបណ្តាក់ទុននៅប្រទេសកម្ពុជា ។ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន លោកស្រីបានថ្លែងថា ប្រទេសកម្ពុជានិងចិនមានទំនាក់ទំនងមេត្រីភាពជាយូរអង្វែង ជាពិសេសនៅឆ្នាំ ២០១០ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតសិ្នទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសកម្ពុជាបានសកម្មចូលរួមកិច្ចកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ” និងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយសង្ឃឹមថាភាគីទាំងពីរនឹងបន្តសហការជាមួយគ្នា ដើម្បីជំរុញឲ្យកិច្ចសហប្រតិបតិ្តការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងអប់រំជាដើមទទួលបានការរីកចម្រើនថែមទៀត ក៏ដូចជាពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរផងដែរ ។
ក្នុងពិធីនោះដែរ លោក Wang Dongming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា ប្រទេសចិននិងប្រទេសកម្ពុជាគឺជាប្រទេសជិតខាងដែលជឿទុកចិត្តគ្នានិងផ្តល់ការគាំទ្រទៅវិញទៅមកជាប់រហូត ប្រទេសចិនរីករាយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម័្ពន្ធ និងកសិកម្មជាដើម និងផ្តល់ការឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកបានថ្លែងទៀតថា ឆ្នាំនេះ ជាខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រទេសយើងទាំងពីរមិនគ្រាន់តែបានផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសកម្មជំរុញទំនាក់ទំនងក្នុងតំបន់និងកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ានផងដែរ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសកម្ពុជា ក្នុងន័យជំរុញឲ្យទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ក៏ដូចជានាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍ជូនចំពោះប្រជាជននៃប្រទេសទាំងពីរផងដែរ ៕