ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងបានសម្ពោធបើកនៅទីក្រុងសៀងហៃប្រទេសចិននៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោក ស៊ី ជីនភីង បានសម្គាល់ឃើញថា ការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាសេចកី្តសម្រេចដ៏សំខាន់មួយរបស់ប្រទេសចិនដើម្បីជំរុញការកែទម្រង់និងបើកទូលាយជុំថ្មីដែលមានកម្រិតកាន់តែខ្ពស់ គឺជាវិធានការធំនិងសំខាន់របស់ប្រទេសចិនសម្រាប់ការបើកទូលាយដោយម្ចាស់ការនូវទីផ្សាររបស់ខ្លួនចំពោះពិភពលោក ប្រការនេះបានបង្ហាញឲ្យឃើញនូវគោលជំហរជានិច្ចកាលរបស់ប្រទេសចិនដែលបានគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងជំរុញការអភិវឌ្ឍពាណិជ្ជកម្មសេរី ហើយក៏ជាប្រតិបតិ្តការជាក់ស្តែងរបស់ប្រទេសចិនដើម្បីជំរុញកិច្ចកសាងសេដ្ឋកិច្ចសកលដែលប្រកបដោយភាពបើកទូលាយ ក៏ដូចជាគាំទ្រការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ ។
លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចបង្វិលថយក្រោយបាន។កិច្ចសហប្រតិបត្តិការបែបបើកទូលាយ គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញភាពរស់រវើកនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្ដរជាតិ ក៏ដូចជាតម្រូវការពិតប្រាកដនៃការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលប្រកបដោយស្ថិរភាព ហើយជាតម្រូវការនៃសម័យកាលដែលលើកកម្ពស់វឌ្ឍនភាពឥតឈប់ឈរនៃសង្គមមនុស្សជាតិផងដែរ។
លោកបានបន្តទៀតថា តាមការប៉ាន់ប្រមាណ នៅរយៈពេល១៥ឆ្នាំនាពេលអនាគត ទំនិញនិងសេវាកម្មដែលប្រទេសចិននាំចូលនឹងមានតម្លៃលើសពី៣០ទ្រីលានដុល្លារអាមេរិកនិង១០ទ្រីលានដុល្លារអាមេរិកដោយឡែកពីគ្នា ប្រទេសចិននឹងបង្កើនកម្លាំងជំរុញកម្រិតបើកទូលាយរបស់ប្រទេសចិនលើវិស័យចំនួន៥ គឺបំផុសសក្តានុពលនាំចូល បន្ធូរបន្ថយជាបន្តបន្ទាប់នូវការអនុញ្ញាតឲ្យចូលបណ្តាក់ទុននៅទីផ្សារចិន បង្កបង្កើតបរិយាកាសប្រកបអាជីវកម្មលំដាប់ទីមួយលើផ្ទៃអន្តរជាតិ បង្កើតចំណុចទាក់ទាញក្រសែចក្ខុថ្មីក្នុងការបើកទូលាយចំពោះក្រៅប្រទេសនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីឲ្យរីកចម្រើនកាន់តែស៊ីជម្រៅ។
លោកស៊ីជីនភីងបានថ្លែងទៀតថា ប្រទេសចិនរីករាយក្នុងការជំរុញឲ្យបានឆាប់រហ័សអំពីការសម្រចបាននូវកិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ពន្លឿនការជំរុញការចរចាអំពីកិច្ចព្រមព្រៀងវិនិយោគរវាងចិននិងសហភាពអឺរ៉ុប ក៏ដូចជាពន្លឿនដំណើរចរចាអំពីតំបន់ពាណិជ្ជកម្មសេរីរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងផងដែរ។
លោក ស៊ី ជីនភីងបានលើកឡើងថា បើធៀបនឹងអង្គភាពសេដ្ឋកិច្ចសំខាន់ៗដទៃទៀត កំណើនសេដ្ឋកិច្ចនៃប្រទេសចិននៅតែឈរនៅលំដាប់នាំមុខនៅលើពិភពលោក ហើយមានលក្ខណសម្បតិ្តដែលមានអំណោយផលជាច្រើនសម្រាប់រក្សាការអភិវឌ្ឍសេដ្ឋកិច្ចដោយរឹងមាំ និងប្រកបដោយសិ្ថរភាពក្នុងរយៈពេលយូរ ។
ប៉ុន្តែ លោក ស៊ី ជីនភីង ក៏បានទទួលស្គាល់ដែរថា ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសចិនក៏បានជួបប្រទះនឹងទំនាស់និងបញ្ហាលេចធ្លោមួយចំនួនដែរ ប៉ុន្តែលោកសង្កេតឃើញថា សេដ្ឋកិច្ចនៃប្រទេសចិនហាក់បីដូចជាមហាសមុទ្រ មិនមែនជាបឹងឬស្រះតូចមួយនោះទេ ដូច្នេះ សេដ្ឋកិច្ចចិនប្រាកដជានឹងអាចពន្លឿនការដើរឆ្ពោះទៅកាន់ផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ជាមិនខាន ៕