កាលពីខែកញ្ញា និងខែតុលា ឆ្នាំ ២០១៣ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាននិងឥណ្ឌូណេស៊ី លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវការកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ"និង"ផ្លូវសូត្រលើសមុទ្រនៅសតវត្សរ៍ទី២១"ជាបន្តបន្ទាប់។ពេលថ្មីៗនេះ នៅឯសន្និសីទរំលឹកខួបទី៥នៃការជំរុញការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដែលបានប្រារព្ធឡើងនៅក្រុងប៉េកាំង លោកស៊ី ជីនភីង បានថែ្លងថា ការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយគឺសមស្របនឹងតម្រូវការចាំបាច់នៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ហើយបានផ្តល់នូវគំនិតថ្មីនិងដំណោះស្រាយថ្មីសម្រាប់ការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល។
ការសន្និដ្ឋាននេះបញ្ជាក់យ៉ាងច្បាស់លាស់អំពីសារៈសំខាន់ពិតប្រាកដនិងប្រវតិ្តសាស្រ្តនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដែលមិនត្រឹមតែជំរុញកិច្ចសហប្រតិបត្តិការផែ្នកសេដ្ឋកិច្ចរវាងប្រទេសចិននិងពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងជំរុញការផ្លាស់ប្តូរប្រព័ន្ធអភិបាលកិច្ចសកលនិងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ។បច្ចុប្បន្ននេះ មានប្រទេសនិងអង្គការអន្តរជាតិ ចំនួនជាង១០០គាំទ្រនិងចូលរួមយ៉ាងសកម្មនៅក្នុងការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។ទំហំទឹកប្រាក់ផែ្នកសរុបពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេសពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយលើសពី ៥ ទ្រីលានដុល្លារអាមេរិក ហើយការវិនិយោគផ្ទាល់នៅបរទេសលើសពី ៦ ម៉ឺន លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារ ចំនួនជាង ២ សែនសម្រាប់ប្រជាជននៅក្នុងតំបន់។គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ត្រូវបានសរសេរចូលទៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសម្រេចបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិថែមទៀត។
លោក Maritin Jacques សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេសបានប្រាប់ថា ប្រទេសចិនបានទាក់ទាញប្រទេសជាច្រើនលើពិភពលោក ដោយសារពួកគេបានមើលឃើញប្រទេសចិនផ្តល់នូវ “កាលានុវត្តភាពបែបថ្មី” ។ “កាលានុវត្តភាពថ្មី” នេះ គឺថាគំនិតផ្តួចផ្តើម " ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ផ្តល់នូវគំនិតមួយស្តីពី " ការរួមគ្នាពិភាក្សា រួមគ្នាកសាង និងរួមគ្នាចែករំលែក "សម្រាប់កំណែទម្រង់អភិបាលកិច្ចសកល។ បច្ចុប្បន្ននេះ ជម្លោះពាណិជ្ជកម្មនិងរបាំងពន្ធគយពិភពលោកកំពុងធ្វើឲ្យមានភាពតានតឹងឡើង សកលភាវូបនីយកម្មសេដ្ឋកិច្ចនិងយន្តការពហុភាគីកំពុងប្រឈមនឹងភាពផ្ទុយគ្នា ហើយគំនិតអភិបាលកិច្ចប្រពៃណីនិងការអនុវត្តជាក់ស្តែងមិនអាចបំពេញតម្រូវការនៃការផ្លាស់ប្តូរនៅក្នុងសភាពការណ៍នយោបាយនិងសេដ្ឋកិច្ចអន្តរជាតិបានទេ ។ តើធ្វើដូចម្ត៉េចដើម្បីដោះស្រាយបញ្ហានេះ? យើងទាំងអស់គ្នាអាចស្វែងរកចម្លើយពីគំនិត “រួមគ្នាពិភាក្សា រួមគ្នាកសាង និងរួមគ្នាចែករំលែក”។
ការរួមគ្នាពិភាក្សា ពោលគឺថា អ្វីគ្រប់យ៉ាងត្រូវបានពិភាក្សាដោយមនុស្សគ្រប់រូបដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវ “ សមភាព “ ជាខ្លឹមសារសំខាន់នៃអភិបាលកិច្ចសកលទំនើប។ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដោយសង្កត់ធ្ងន់លើគោលការណ៍ពិភាក្សាជាមួយគ្នា ដើម្បីបង្កើតស្ថាប័នដូចជាធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មូលនិធិផ្លូវសូត្រជាដើម គឺក្នុងបំណងឈរលើមូលដ្ឋាននៃការគោរពយ៉ាងពេញលេញតាមតម្រូវការនិងសេចក្តីប្រាថ្នាអភិវឌ្ឍនៃបណ្តាប្រទេសតាមបណ្តោយបន្ទាត់ ស្វែងរកផលប្រយោជន៍នៃការអភិវឌ្ឍដ៏ធំបំផុត ដើម្បីជំរុញឲ្យគ្រប់ប្រទេសទាំងអស់មានសិទ្ធិបញ្ចេញសំឡេងនិងទទួលបានការគាំទ្រខាងការអភិវឌ្ឍស្មើគ្នា។
ការរួមគ្នាកសាង នេះបានបង្ហាញឲ្យឃើញយ៉ាងពេញលេញនូវ”ការបើកទូលាយ”ដែលជាខ្លឹមសារសំខាន់នៃការអភិបាលកិច្ចសកលទំនើប ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ថ្វីត្បិតតែក្នុងដំណើរការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ”ត្រូវបានគេរិះគន់ជាច្រើនពីប្រទេសប៉ែកខាងលិចក្តី តែការពិតជាក់ស្តែងបានបញ្ជាក់ថា គំនិតផ្តួចផ្តើម “ ខ្សែក្រវាត់មួយនិងផ្លូវមួយ”មិនមែនជាក្លិបសមាជិកមួយទេ ប៉ុន្តែគឺជាក្រុមមិត្តភក្តិមួយដែលមានការចូលរួមយ៉ាងទូលំទូលាយ ។ ដូចលោកស៊ីជីនភីង ប្រធានរដ្ឋចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ការរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់មួយនិងផ្លូវមួយ” គឺជាការផ្តួចផ្តើមកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច មិនមែនដើម្បីបង្កើតសម្ព័ន្ធភាពភូមិសាស្ត្រនយោបាយឬក៏សម្ព័ន្ធមិត្តយោធានោះទេ ។ ដរាបណាប្រទេសណាមួយមានឆន្ទៈចង់ចូលរួម ប្រទេសចិនសុទ្ធតែស្វាគមន៍ ។
ការរួមគ្នាចែករំលែក គឺភាគីពាក់ព័ន្ធនានាត្រូវតែចែករំលែកលទ្ធផលនៃការអភិវឌ្ឍ នេះបានបង្ហាញយ៉ាងពេញលេញនូវ”ការផ្តល់ផលប្រយោជន៍ដល់គ្នា ”ដែលជាខ្លឹមសារសំខាន់នៃការអភិបាលកិច្ចសកលទំនើប ។ លោកស៊ីជីនភីងប្រធានរដ្ឋចិនធ្លាប់បញ្ជាក់ម្តងហើយម្តងទៀតថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ” គឺមានប្រភពពីប្រទេសចិន ប៉ុន្តែកាលានុវត្តភាពនិងលទ្ធផលនានាសុទ្ធតែជារបស់ពិភពលោក ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសតាមបណ្តោយខ្សែក្នុងកម្រិតធំបំផុត ។
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយមិនគ្រាន់តែបានជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ថែមទាំងបានធ្វើការស្វែងរកដ៏មានប្រយោជន៍សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធអភិបាលកិច្ចសកលផងដែរ ។ តើធ្វើដូចម្តេចដើម្បីដើរទៅដំណាក់កាលបន្ទាប់?លោកប្រធានរដ្ឋចិនស៊ីជីនភីងបានចង្អុលបង្ហាញថា វាចាំបាច់ក្នុងការជំរុញការផ្លាស់ប្តូរខ្សែក្រវាត់មួយនិងផ្លូវមួយទៅកាន់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់ និងបង្កើតបាននូវលទ្ធផលដែលអាចមើលឃើញកាន់តែច្រើន ។ ដរាបណា ភាគីមានពាក់ព័ន្ធនានាគោរពតាមគោលការណ៍《រួមគ្នាពិភាក្សា រួមគ្នាកសាងនិងរួមគ្នាចែករំលែក》 ខ្សែក្រវាត់មួយនិងផ្លូវមួយប្រាកដជានឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់ប្រជាជននៃបណ្តាប្រទេសទាំងអស់និងពិភពលោក ព្រមទាំងដាក់បញ្ចូលកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់កែលម្អប្រព័ន្ធអភិបាលកិច្ចសកល ។ ចំពោះគំនិតប្លែកៗគ្រប់បែបយ៉ាងដែលប្រទេសប៉ែកខាងលិចបានបង្កើតក៏អាចត្រូវសាបសូន្យទៅវិញ ៕